ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវឪពុកទ្រាំលែងបានទាញកាំបិតផ្គាក់កាប់ តែដើម្បីការពារខ្លួនតែប៉ុណ្ណោះ ខណៈកូនប្រុសរូបនេះស្រវឹងជេរប្រមាថ និងចាប់វាយទាត់ធាក់មកលើរូបគាត់ជាឪពុក ដែលហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោងជិត៥ល្ងាចថ្ងៃទី២២ មីនា ២០១៦ ស្ថិតនៅក្នុងភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពឱ្យដឹងថា ឪពុកឈ្មោះចាន់ សារ៉េត អាយុ៦៣ឆ្នាំ ចំណែកឯកូនប្រុសឈ្មោះប៉េស សារ៉ាត់ អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា មុនពេលផ្ទុះហិង្សានេះ គឺបណ្តាលមកពីកូនប្រុសផឹកស្រាស្រវឹងមួយថ្ងៃទៅហើយ ចេញពីកន្លែងមួយទៅកន្លែងមួយ នៅពេលមកដល់ផ្ទះ ឈ្មោះប៉េស សារ៉ាត់ នេះ បានរករឿងប្រពន្ធនៅផ្ទះ ។ ពេលនោះ ត្រូវឪពុកស្រែកពីក្នុងផ្ទះ ដែលនៅផ្ទះក្បែរគ្នាថា «ទៅដេកទៅ បើស្រវឹងហើយកុំស្រែកឡូឡា រករឿងគេឯងធ្វើអី» ។ គ្រាន់ឮឪពុកប្រាប់ដូច្នេះ កូនប្រុសរូបនេះបានសួររកមុខ អាណានិយាយមិញ?
ពេលសួរចប់ ក៏ដើរសំដៅទៅរកឪពុក រួចជេរប្រមាថដោយសម្តីមិនសមរម្យ ថែមទាំងបានទាត់ឪពុកថែមទៀត ។ ពេលនោះ ឪពុកទ្រាំនឹងទង្វើរបស់កូនលែងបាន ក៏ស្ទុះយកកាំបិតផ្គាក់ ដែលនៅក្បែរខ្លួនកាន់ ដើម្បីការពារខ្លួន និងប្រាប់កុំឱ្យកូនធ្វើបែបនេះ តែកូនមិនស្តាប់នៅតែផ្គើន ឪពុកក៏គ្រវៀសកាំបិតនោះទៅចំកូនចំនួន៣កន្លែង (ថ្ពល់ ទ្រូង និងខ្នង) បណ្តាលឱ្យកូនប្រុសធ្លាក់ ពីលើផ្ទះរបួសឈាមច្រាលតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានឃាត់ឪពុក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ចែករំលែកព័តមាននេះ