មួយរយៈពេលចុងក្រោយនេះជំងឺបេះដូង និងទឹកនោមផ្អែមបានរាតត្បាតស្ទើរគ្រប់ទីកន្លែងក្នុងពិភពលោក។ ជាក់ស្តែងនៅសហរដ្ឋអាមេរិក ជំងឺបេះដូងគឺជាឃាតករលេខ១ខណៈពលរដ្ឋក្នុងប្រទេសនេះប្រហែលជា២៦លាននាក់កើតមានជំងឺទឹកនោមផ្អែម ។ ទោះជាយ៉ាងនេះក្តី ដំណឹងដែលគួរឱ្យរីករាយគឺថា គេអាចបង្ការជំងឺទាំងពីរប្រភេទនេះបានដោយអនុវត្តនូវចំណុចស្នូលមួយចំនួនដូចខាងក្រោម ៖
១-ពិនិត្យកម្រិតស្ករក្នុងឈាមឱ្យបានទៀងទាត់ ៖ មនុស្សជាច្រើនកើតមាន Prediabetes (លក្ខខណ្ឌដែលឈានទៅកើតជំងឺទឹកនោមផ្អែម) ខណៈកម្រិតស្ករក្នុងឈាមរបស់ពួកគេឡើងដល់ទៅ ១២៥ mg/dL ។ បុគ្គលដែលស្ថិតក្នុងលក្ខខណ្ឌ Prediabetes មិនយូរទេនឹងកើតជំងឺទឹកនោមផ្អែមប្រភេទ២ ប្រសិនជាខ្វះការថែទាំសុខភាព ។
២-បញ្ចុះទម្ងន់ខ្លួន៤,៥គីឡូក្រាម ៖ ពិតប្រាកដណាស់ទម្ងន់ក៏ជាបញ្ហាសម្រាប់បេះដូងដែរ ។ ទំហំចង្កេះគឺជាទ្រនិចចង្អុលបង្ហាញពីសុខភាពបេះដូងយ៉ាងល្អប្រសើរមួយ។ បុរសដែលមានទំហំចង្កេះធំជាង១១៤,៣សង្ទីរម៉ែត្រឡើងទៅប្រឈមខ្ពស់បំផុតនឹងជំងឺបេះដូង ខណៈស្ត្រីវិញគឺចាប់ពី ១០១,៦សង់ទីម៉ែត្រ ។ ការសិក្សាមួយចំនួនបានបង្ហាញថា ការបញ្ចុះទម្ងន់ត្រឹម១០ឬ១៥ភាគរយនៃទម្ងន់ខ្លួនសរុបក៏អាចធ្វើឱ្យសុខភាពបេះដូងលោកអ្នកល្អប្រសើរបានដែរ ។ បន្ថែមពីលើនេះទៀត ការហាត់ប្រាណទៀងទាត់យ៉ាងហោចណាស់២៥-៥៥នាទីក្នុងមួយថ្ងៃគួបផ្សំនឹងរបបអាហារល្អក៏នឹងជួយឱ្យពង្រឹងសុខភាពបេះដូងកាន់តែរឹងមាំ ។
៣-ផ្លាស់ប្តូរបែបបទនៃការស់នៅ ៖ ជួនកាលការផ្លាស់ប្តូរបន្តិចបន្តួចអាចធ្វើឱ្យមានការប្រែប្រួលដ៏ធំមួយ ។ ការសិក្សាជាច្រើនបានរកឃើញថា វិធីល្អបំផុតដើម្បីបង្ការជំងឺទឹកនោមផ្អែម និងបេះដូងគឺត្រូវបោះបង់ចោលជីវិតរស់នៅដែលទំនេរច្រើន ។
៤-កំណត់ពេលវេលានិងបរិមាណទទួលទាន ៖ បរិមាណនិងពេលវេលាគឺសំខាន់ស្មើនឹងអ្វីដែលគេទទួលទាន ។ ការលៃលកពេលវេលាទទួលទានឱ្យបានត្រឹមត្រូវ និងទៀងទាត់អាចជួយទប់ស្កាត់ការឡើងទម្ងន់កាត់បន្ថយបានហានិភ័យជំងឺទឹកនោមផ្អែមនិងបេះដូង ។ មួយវិញទៀត បរិមាណអាហារដែលទទួលទានក៏សំខាន់ណាស់ដែរ ។
៥-ហាត់ប្រាណឱ្យបានទៀងទាត់ ៖ ខ្វះការហាត់ប្រាណគឺជាបុព្វហេតុមួយផ្សេងទៀតនៃជំងឺបេះដូង ហើយក៏ងាយឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២ផងដែរ ។ នៅពេលបុគ្គលម្នាក់គ្មានសកម្មភាពរាងកាយនោះ ទម្ងន់ខ្លួននឹងកើនឡើង ។ ដោយយឺតៗ ការឡើងទម្ងន់ខ្លួនគឺផ្តល់ផលអាក្រក់ចំពោះសុខភាពបេះដូង ។ និយាយជារួម វាជាប្រភពសំខាន់មួយដែលបណ្តាលឱ្យកើតមានជំងឺកាចសាហាវនានា ។ ផ្ទុយពីនេះ ការរក្សារាងកាយឱ្យមានសកម្មភាពជាប់ជាប្រចាំតាមរយៈការហាត់ប្រាណពិតជាផ្តល់ផលល្អដល់សុខភាពផ្លូវចិត្ត ជំរុញឱ្យបេះដូងនិងខួរក្បាលបំពេញមុខងាររបស់ខ្លួនបានត្រឹមត្រូវ កែលំអលំហូរឈាម កាត់បន្ថយការលើសខ្លាញ់ លើសស្ករ ក៏ដូចជា ការផ្គត់ផ្គង់ខ្យល់អុកស៊ីសែនគ្រប់គ្រាន់ដល់បណ្តាកោសិកានានា ។
៦-បោះបង់ចោលការជក់បារី និងកាត់បន្ថយការទទួលទានប្រៃ ៖ បារីគឺជាឃាតករដែលសម្លាប់ជីវិតមនុស្សដោយស្ងប់ស្ងៀមបំផុត ។ បើទោះជាយ៉ាងនេះក្តី ប៉ុន្តែមានមនុស្សរាប់រយលាននាក់ក្នុងពិភពលោកនៅតែប្រើប្រាស់វា ។ តាមស្ថិតិបានបង្ហាញថា បារីជាអ្នកទទួលខុសត្រូវលើការស្លាប់ជីវិតមនុស្សលើពិភពលោកប្រមាណជា៣០ភាគរយ ។ ផ្សែងបារីបានធ្វើឱ្យមនុស្សកើតមានជំងឺមហារីកមាត់ បំពង់ក សួតព្រមទាំងជំងឺបេះដូង និងទឹកនោមផ្អែមផងដែរ ។ ដោយឡែកអំបិលវិញ ក៏យ៉ាងដូច្នោះដែរ ។ ការប្រើប្រាស់លើសកម្រិតខ្លាំងនឹងនាំឱ្យសម្ពាធឈាមកើនខ្ពស់បណ្តាលឱ្យបេះដូងធ្វើការខ្លាំងជាងមុន និងទីបំផុតនាំឱ្យកើតមានជំងឺបេះដូង ។ សម្រាប់បុគ្គលដែលមានវ័យ៥៥ឆ្នាំឡើងទៅ គួរយកចិត្តទុកដាក់លើបរិមាណអំបិលទទួលទានក្នុងរបបអាហារ ។
៧-ទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ ៖ បុគ្គលដែលទទួលទានដំណេកតិចជាង៦ម៉ោងក្នុងមួយយប់ប្រឈមនឹងជំងឺបេះដូងដល់ទៅ៣ដងធៀបនឹងបុគ្គលដែលទទួលទានដំណេក៧-៨ម៉ោង ។ ដំណេកជួយគ្រប់គ្រងឱ្យមានរបៀបរៀបរយនូវសកម្មភាពអ័រម៉ូនអាំងស៊ុយលីន ។ ដំណេកមិនគ្រប់គ្រាន់អាចបណ្តាលឱ្យកើតមានលក្ខខណ្ឌរ៉េស៊ីស្តង់អាំងស៊ុយលីនដែលជាលទ្ធផលធ្វើឱ្យកម្រិតស្ករក្នុងឈាមឡើងខ្ពស់ ទម្ងន់ខ្លួនក៏កើនឡើង ហើយទីបំផុតវត្តមានជំងឺបេះដូង និងជំងឺទឹកនោមផ្អែមក៏បង្ហាញខ្លួន ។ ភាពហេវហត់អស់កម្លាំងគឺជារោគសញ្ញាមួយទៀតរបស់ជំងឺបេះដូងដែលជារឿយៗត្រូវបានស្ត្រីភាគច្រើនព្រងើយកន្តើយ ។ ប្រសិនជាលោកអ្នក ជួបប្រទះរោគសញ្ញាបែបនេះ បើទោះជាបានទទួលទានដំណេកឆ្អែតក្តី ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ។
៨-កម្រិតបរិមាណនៃការប្រើប្រាស់គ្រឿងស្រវឹង ៖ ការផឹកម្តងម្កាលត្រឹម១កែវមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពបេះដូងនោះទេ ។ ប៉ុន្តែ ប្រសិនជាផឹករាល់ថ្ងៃនិងមានពេលខ្លះស្រវឹងដើរមិនត្រង់ផ្លូវ បេះដូងនឹងមានបញ្ហា ។ ឯកម្រិតស្ករក្នុងឈាមវិញនឹងកើនឡើងខ្ពស់ចំពោះបុគ្គលដែលស្ថិតក្នុងលក្ខខណ្ឌ prediabetes ។ បន្ថែមពីលើនេះ ការប្រើប្រាស់ច្រើនហួសប្រមាណនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពថ្លើម សុខភាពឆ្អឹង ការចងចាំនិងបង្កើនហានិភ័យពីជំងឺបេះដូងក៏ដូចជាជំងឺលើសឈាម ។ កាត់ផ្តាច់ការទទួលទានគ្រឿងស្រវឹងគឺអាចជួយកាត់បន្ថយហានិភ័យពីជំងឺបេះដូងបាន៥០ភាគរយឬលើសនេះ ។
៩-ត្រូវចេះគ្រប់គ្រង Stress និងលៃពេលវេលាកម្សាន្តសប្បាយ ៖ វត្តមាន Stress នឹងនាំមកនូវវត្តមានបញ្ហាសុខភាពផ្សេងៗ ។ ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា អ័រម៉ូន Stress បានធ្វើឱ្យកម្រិតស្ករក្នុងឈាមប្រែប្រួលពីទាបទៅខ្ពស់ហើយបង្កើនហានិភ័យជំងឺទឹកនោមផ្អែម។ ការកម្សាន្តសប្បាយជាពិសេសសំណើចគឺជាឱសថដ៏ស័ក្តិសិទ្ធិតែមួយគត់បំបាត់ចោលជំងឺ Stress។ រាងកាយឆ្លើយតបទៅនឹងសំណើចសប្បាយដោយការបញ្ចុះកម្រិតអ័រម៉ូន Stress ឈ្មោះ Cortisol ។ កម្រិតអ័រម៉ូន cortisol ទាបជួយកាត់បន្ថយការលើសឈាម និងជំរុញកម្លាំងប្រព័ន្ធការពាររាងកាយព្រមទាំងអារម្មណ៍ផងដែរ ។ ការសិក្សាមួយចំនួនបានបង្ហាញថា បុគ្គលដែលមានអារម្មណ៍ធុញថប់តប់ប្រមល់ខ្លាំងប្រឈមទ្វេដងនឹងជំងឺគាំងបេះដូង ។ ដូច្នេះបុគ្គលម្នាក់ៗគួរផ្តល់ពេលឱ្យខ្លួនឯងបានសើចសប្បាយរាល់ថ្ងៃ ។
១០-ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ៖ ការតាមដានសុខភាពជាប្រចាំនឹងអាចឱ្យគេបញ្ចៀសបាននូវបញ្ហាធ្ងន់ធ្ងរនានា ។ គេត្រូវដឹងថា នៅពេលបុគ្គលណាម្នាក់មានវ័យកាន់តែចាស់ទៅ(៤០ឆ្នាំឡើងទៅ) ហានិភ័យជំងឺលើសឈាម លើសខ្លាញ់ លើសស្ករ ជំងឺបេះដូង និងជំងឺផ្សេងៗទៀតក៏កើនឡើងផងដែរ ៕
ចែករំលែកព័តមាននេះ