ភ្នាក់ងារប្រតិបត្តិនៃក្រសួងសុខាភិបាលអង់គ្លេស (PHE) កាលពីពេលថ្មីៗកន្លងទៅនេះ បានបញ្ចេញរបាយការណ៍វិភាគមួយដោយបង្ហាញថា មនុស្សធំដែលមានទំហំចង្កេះរីកធំអាចប្រឈមនឹងហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ-២ដល់ទៅ៥ដង។ ជំងឺទឹកនោមផ្អែមប្រភេទ-២គឺជាបញ្ហាសុខភាពសាធារណៈដ៏ធ្ងន់ធ្ងរមួយនៅក្នុងបណ្តាប្រទេសជាច្រើន ។
យោងតាមរបាយការណ៍បង្ហាញថា បណ្តាបុរសដែលមានទំហំចង្កេះចាប់ពី១០២សង់ទីម៉ែត្រឡើងទៅគឺប្រឈមនឹងកើតជំងឺទឹកនោមផ្អែមប្រភេទ-២ដល់ទៅ៥ដង ។ ដោយឡែក ចំពោះស្ត្រីវិញ អ្នកដែលមានទំហំចង្កេះចាប់ពី៨៨សង់ទីម៉ែត្រ អត្រាប្រឈមគឺមាន៣ដង ។
បណ្តាអ្នកជំនាញរបស់ភ្នាក់ងារ PHE បាននិយាយថា បច្ចុប្បន្នមនុស្សធំ៩០ភាគរយដែលកើតមានជំងឺទឹកនោមផ្អែមប្រភេទ-២គឺជាអ្នកមានរាងកាយធាត់ខ្លាំង ហើយថា ប្រេវ៉ាឡង់នៃភាពធាត់លើសទម្ងន់និងទឹកនោមផ្អែមកំពុងកើនឡើង ។ ភាពធាត់លើសទម្ងន់គឺជាកត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមតែគេអាចជៀសវាងបាន ។
វេជ្ជបណ្ឌិត Alison Tedstone ប្រធានក្រុមអ្នកជំនាញអាហារូបត្ថម្ភរបស់ភ្នាក់ងារ PHEថ្លែងថា៖ «ជំងឺទឹកនោមផ្អែមប្រភេទ-២គឺជាបញ្ហាសុខភាពសាធារណៈដ៏ធ្ងន់ធ្ងរមួយដែលអាចបណ្តាលឱ្យមានផលវិបាកសំខាន់មួយចំនួនក្នុងនោះមានដូចជា ងងឹតភ្នែក ការកាត់ដៃកាត់ជើងជាដើម» ។
លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា ៖ «គន្លឹះដើម្បីកាត់បន្ថយឱកាសកើតជំងឺទឹកនោមផ្អែមប្រភេទ-២គឺត្រូវបញ្ចុះទម្ងន់ខ្លួនដោយអនុវត្តតាមរយៈរបបអាហារទទួលទានប្រចាំថ្ងៃដែលផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព ។ ចំណែកគន្លឹះសំខាន់មួយទៀតគឺត្រូវហាត់ប្រាណឱ្យបានទៀងទាត់រាល់ថ្ងៃ៕
ចែករំលែកព័តមាននេះ