រាជធានីភ្នំពេញ ៖ យុវជននី វុទ្ធី ចាប់អាជីពជាជាងកាត់សក់អាចរកបានចំណូលទ្រទ្រង់ជីវភាពប្រចាំថ្ងៃ តែនេះជារឿងបច្ចុប្បន្ន ឯស្រមោលជីវិតអតីតកាលដែលចងចាំមិនភ្លេចនោះ គឺឆ្លងកាត់កុមារភាពក្រីក្រលំបាកតោកយាក ។
លោកនី វុទ្ធី អាយុ២៣ឆ្នាំ ជាអ្នកស្រុកលើកដែក ខេត្តកណ្តាល ។ វុទ្ធីបាត់បង់ឪពុកតាំងពីអាយុ៣ខែម្ល៉េះ ហើយរស់នៅជាមួយម្តាយជាស្ត្រីមេម៉ាយក្នុងសភាពម្តាយមួយកូនមួយ ។ ដោយសារតែជីវភាពខ្វះខាត វុទ្ធី បានឈប់រៀនត្រឹមថ្នាក់ទី៧ប៉ុណ្ណោះ ងាកទៅចាប់មុខរបរសម្រាប់ទ្រទ្រង់ជីវភាពរស់នៅ ។

កាលពីពេល ថ្មីៗកន្លងមក លោកនី វុទ្ធី រៀបរាប់ថា ក្រោយឈប់រៀនលោកបានទៅហាត់រៀនបើកបររថយន្តទាំងខ្លួននៅវ័យក្មេង ។ ក្រោយហាត់រៀនស្ទាត់ហើយ វុទ្ធី ធ្វើជាអ្នកបើករថយន្តធុនធំតាមដងផ្លូវជាតិលេខ៤ និងលេខ៣ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ប្រមាណជិត៣ឆ្នាំ ដោយដឹកថ្ម ក្រួស ។ ធ្វើជាអ្នកបើករថយន្តធំនោះ វុទ្ធី មិនគិតថា ជាជម្រើសល្អសម្រាប់ជីវិតឡើយ។ វុទ្ធីពិបាកចិត្តពេលឃើញបញ្ហា ផ្សេងៗស្តីពីគ្រោះថ្នាក់ចរាចរនៅលើដងផ្លូវ ហើយភាគច្រើនមហាជនតែងតែបន្ទោសថា អ្នកបើករថយន្តវ័យក្មេងបើកសាហាវៗណាស់ ។ បែបនេះហើយទើបវុទ្ធីតាំងចិត្តត្រូវតែរករបរផ្សេងឱ្យបានដើម្បីចៀសចេញពីមុខរបរបើករថយន្ត ។
ទីបំផុតនី វុទ្ធី ផ្តាច់ជីវិតពីរបរបើករថយន្ត ដូច្នេះហើយអត់មានលុយចាយវាយជាច្រើនខែ ដោយសារមិនទាន់មានមុខរបរថ្មី ។ មិនអាចស៊ូទ្រាំនឹងការអត់ការងារធ្វើបាន វុទ្ធីបានព្យាយាមរៀនកាត់សក់ ។ ដោយយល់ថាអាជីពកាត់សក់បុរសងាយស្រួលមិនចេញទៅណានៅតែក្នុងម្លប់ ខុសពីបើករថយន្តត្រូវក្តៅ វុទ្ធីចូលរៀនកាត់សក់ក្នុងហាងមួយនៅរាជធានីភ្នំពេញ ។ ក្នុងពេលកំពុងរៀនជំនាញកាត់សក់នោះឃើញមានភ្ញៀវចូល ពេញៗហាងរាល់ថ្ងៃ ។ ជាងកាត់សក់បានប្រាក់១ថ្ងៃបីទៅបួនម៉ឺនរៀល បូកទាំងប្រាក់ធីបពីភ្ញៀវទៀត ។ ដូច្នេះហើយវុទ្ធីរឹតតែមានចិត្តចង់ក្លាយជាជាងកាត់សក់អាជីពខ្លាំងឡើង ។
បច្ចុប្បន្ននេះលោកនី វុទ្ធី នៅមិនទាន់អាចបើកហាងកាត់សក់ខ្លួនឯងបានឡើយ គឺនៅបម្រើការងារក្នុងហាងកាត់សក់ «អាស៊ីស្តាយ» ស្ថិតនៅខាងកើតផ្សារទួលទំពូង ។ វុទ្ធីបម្រើការងារនៅទីនោះជិត៣ឆ្នាំហើយ ។ តួនាទីជាជាងកាត់សក់ វុទ្ធីសប្បាយចិត្តព្រោះអាចច្នៃម៉ូដបានតាមតម្រូវការរបស់ភ្ញៀវ ព្រមទាំងអាចធ្វើម៉ូដសក់គ្រប់កម្មវិធីទាំងអស់។ ជាពិសេស មានភ្ញៀវបរទេសទាំងអឺរ៉ុប និងអាស៊ីពេញចិត្តឱ្យវុទ្ធីកាត់សក់ឱ្យ រហូតពេលរវល់ជាប់ដៃកាត់ឱ្យអ្នកផ្សេង អ្នកខ្លះស៊ូទ្រាំអង្គុយចាំ ។ ចំណែកភ្ញៀវខ្លះទៀតហៅវុទ្ធីទៅកាត់សក់ដល់ផ្ទះ ។ មានមុខរបរច្បាស់លាស់តែនី វុទ្ធីហាក់សោកស្តាយត្រង់មិនបានរៀនខ្ពស់ខ្ពស់ ៕
ចែករំលែកព័តមាននេះ