ត្រកូល«ខូវ ជឺលី»ជួបជុំគ្នាក្រោយពេលបែកបាក់អស់៦ឆ្នាំ
រាជធានីភ្នំពេញ ៖ គ្រួសារត្រកូល «ខូវ» បានជួបជុំបាយសាមគ្គី ក្រោយពីការបែកបាក់៦ឆ្នាំ ខណៈសាលក្រមសាលាដំបូងនឹងត្រូវប្រកាសសាលក្រមផ្តន្ទាទោសលោកស្រី …
រាជធានីភ្នំពេញ ៖ គ្រួសារត្រកូល «ខូវ» បានជួបជុំបាយសាមគ្គី ក្រោយពីការបែកបាក់៦ឆ្នាំ ខណៈសាលក្រមសាលាដំបូងនឹងត្រូវប្រកាសសាលក្រមផ្តន្ទាទោសលោកស្រី …
រាជធានីភ្នំពេញ ៖ គ្រួសារត្រកូល «ខូវ» បានជួបជុំបាយសាមគ្គី ក្រោយពីការបែកបាក់៦ឆ្នាំ ខណៈសាលក្រមសាលាដំបូងនឹងត្រូវប្រកាសសាលក្រមផ្តន្ទាទោសលោកស្រី ឡាយ ហួង នៅព្រឹកនេះ ។ រូបថតអនុស្សាវរីយ៍មួយសន្លឹក បង្ហាញពីការជួបជុំគ្នាស្រស់ស្រូបអាហារសាមគ្គីរវាងបងប្អូន កូន និងចៅត្រកូល «ខូវ» នៅក្នុងប្រទេសថៃ កាលពីពេលថ្មីៗនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើល និងមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះការជួបជុំនោះ ។
ក្នុងរូបថតដែលប្រភពព័ត៌មានផ្តល់ឱ្យនោះ គេសង្កេតឃើញមានវត្តមានលោកស្រី ខូវ ជឺឡាសាឌី ជាបងធំក្នុងត្រកូល ។ បន្ទាប់មកលោកស្រី ស៊ុន សុត្ថា ហៅថាច ជាភរិយាលោក ស៊ុន ចាន់ថុល, លោក ខូវ ផល្លាបុត្រ, ខូវ វរៈវតី លោក ខូវ សូវ៉ាឌឿន រួមទាំងកូនស្រីរបស់លោក ស៊ុន ចាន់ថុល និងសមាជិកក្នុងគ្រួសារផ្សេងទៀត បានជួបជុំហូបអាហារជាមួយគ្នា ដោយទឹកមុខស្រស់ថ្លា រាក់ទាក់និងសប្បាយរីករាយ ។
ការជួបជុំនេះមិនមែនដោយចៃដន្យ ឬដោយប្រការណាមួយឡើយ ប៉ុន្តែជាការស្វែងរកការជួបជុំគ្នាឡើងវិញនៅក្នុងចំណោមបងប្អូនកូនចៅ ក្នុងគ្រួសារត្រកូលខូវ ជឺលឺ ក្រោយពីគ្រួសាររបស់ពួកគេជួបវិបត្តិ ព្យុះ ភ្លៀង ផ្គរ រន្ទះ បែកបាក់ស្ទើរតែភ្លេចមុខបងប្អូនអស់ទៅហើយនោះ ។
តើមូលហេតុអ្វីទៅ ដែលធ្វើឱ្យគ្រួសារអភិជន ៥ជំនាន់នេះ ជួបរឿងអកុសលក្នុងដំណើរជីវិតដ៏រុងរឿងរបស់ពួកគេ ។
បានកត់សម្គាល់ថា នៅថ្ងៃទី១៣ មិថុនា ២០១០ លោកស្រី ស៊ុន សុត្ថា ភរិយាលោក ស៊ុន ចាន់ថុល បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ មកកាន់សមត្ថកិច្ចអំពីបទប៉ុនប៉ងមនុស្សឃាត និងរំលោភសេពសន្ថវៈ ។ ការស៊ើបអង្កេតបឋមមួយបានកំណត់មនុស្ស៥នាក់ថាជាជនសង្ស័យរួមមានឈ្មោះ ចាន់ សុខា ជាអ្នកបម្រើ ឈ្មោះ នាង ស៊ីណាត ជាអ្នកបម្រើនៅផ្ទះលោក ស៊ុន ចាន់ថុល ឈ្មោះ សុខ ឡាក់ ជាកម្មករយាមខុនដូ ឈ្មោះ យាន សុធារិទ្ធ ជាកម្មករយាមខុនដូ និងគោលដៅចម្បង គឺលោកស្រី សេង ចិន្តា ភរិយាលោកឧកញ៉ា ខូវ ជីលី ។
ជាបន្តបន្ទាប់ សាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ និងតុលាការកំពូល យោងលើចំលើយសារភាពរបស់នាង ចាន់ សុខា និងនាង ស៊ីណាត កាលពីថ្ងៃទី៥ តុលា ២០១២ បានសម្រេចលើកលែងចោទឈ្មោះ យាន សុធារិទ្ធ និងដោះលែងឱ្យមានសេរីភាពវិញ ។ ចំណែក សេង ចិន្តា និងសុខ ឡាក់ ត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ២០ឆ្នាំ ។ ចំណែកឈ្មោះ ចាន់ សុខា និងនាង ស៊ីណាត បានផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ១៨ឆ្នាំ ។
រឿងនេះមិនចប់ត្រឹមហ្នឹងទេ នៅថ្ងៃទី៧ ធ្នូ ២០១១ លោក ស៊ុន ចាន់ថុល បានដាក់ពាក្យបណ្តឹងបន្ថែមមកលើឈ្មោះ ខូវ ជឺលី ជាឪពុកក្មេក លោក ខូវ ផល្លាបុត្រ ជាប្អូនថ្លៃ លោកស្រី ឡាយ ហួង ជាភរិយាលោក ខូវ ផល្លាបុត្រ និងកញ្ញា ហ៊ុយ សុខលាភ ជាកូនស្រីលោកស្រី សេង ចិន្តា ថាជាអ្នករៀបចំគម្រោងសម្លាប់កូន សម្លាប់បង និងក្មួយទៀតផង ។
បណ្តឹងនេះយោងតែលើការឆ្លើយទម្លាក់កំហុសរបស់ ចាន់ សុខា តែម្នាក់ប៉ុណ្ណោះនៅសាលាឧទ្ធរណ៍ ។
បន្ទាប់មកសាលាដំបូងរាជធានីភ្នំពេញ បានចាត់លើគ្រួសារលោកឧកញ៉ា ខូវ ជឺលី ជាលើកទី២ ។ ក្នុងនោះសាលាដំបូងបានលើកលែងការចោទប្រកាន់លើលោកឧកញ៉ា ខូវ ជឺលី និងហ៊ុយ សុខលាភ ប៉ុន្តែបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនឧកញ៉ា ខូវ ផល្លាបុត្រ និងលោកស្រី ឡាយ ហួង ថាជាមេខ្លោងទៅវិញ ជាហេតុធ្វើឱ្យលោក ខូវ ផល្លាបុត្រ និរទេសខ្លួនទៅក្រៅប្រទេស ហើយលោកស្រី ឡាយ ហួង ត្រូវចាប់ខ្លួនបញ្ជូនមកផ្តន្ទាទោស ដែលសំណុំរឿងត្រូវប្រកាសសាលក្រមនាថ្ងៃទី២៤ មីនា គឺព្រឹកនេះ ។
ឆ្លងកាត់ការបែកបាក់ព្រាត់ប្រាស់គ្នា កូនប្តឹងម៉ែ កូនប្រសាប្តឹងឪក្មេក បងប្តឹងប្អូន ដោយទទួលលទ្ធផលនូវការឈឺចាប់ ព្រោះតែស្តាប់សម្តីសាក្សីដែលគេសង្ស័យថា លោតតាមខ្សែញាក់ម្នាក់ ធ្វើឱ្យគ្រួសារទាំងមូលក្រហមមុខដាក់គ្នា ស្ទើរភ្លេចមុខគ្នាទៅហើយ ។
បទពិសោធដ៏ឈឺចាប់នេះហើយ ទើបកាលពីពេលថ្មីៗនេះ បង ប្អូន ប្រុស ស្រី កូនចៅលោកឧកញ៉ា ខូវ ជឺលី ត្រូវបានក្រុមអ្នកសង្កេតការណ៍យល់ឃើញថា បានស្វែងរកការជួបជុំគ្រួសារនៅក្រៅប្រទេស ដើម្បីសួរសុខទុក្ខគ្នា សុំទោសគ្នាទៅវិញទៅមក នូវការយល់ខុសចំពោះបងប្អូន ប្រកបដោយភាពស្និទ្ធស្នាល សាមគ្គីភាពក្នុងគ្រួសារឡើងវិញ នូវអ្វីទាំងអស់ដែលកើតឡើងដោយការភ័ន្តច្រឡំ ។ ដូច្នេះការកាត់ក្តីសំណុំរឿងក្រោយនេះ សុំឱ្យតុលាការផ្តល់យុត្តិធម៌សម្រាប់ក្រុមគ្រួសារមួយនេះផង ៕
ចែករំលែកព័តមាននេះ