ខេត្តព្រៃវែង ៖ ប្រភពព័ត៌មានមួយបានឲ្យដឹងថា លោកវរសេនីយ៍ឯក ខៀវ សំណាង មេបញ្ជាការវរៈ K89 លើភ្នំឈើកាច់ កំពុងលក់អាចម៍ដីនៅក្នុងបន្ទាយទៅឲ្យក្រុមអ្នកធ្វើផ្លូវ ដោយមានការដឹកជញ្ជូនចេញទាំងថ្ងៃទាំងយប់ និងក្នុង១ថ្ងៃៗរាប់សិបរថយន្ត ។
ប្រជាពលរដ្ឋដែលរស់នៅក្បែបញ្ជាការដ្ឋានវរៈ K89 នេះបានឲ្យដឹងថា ទីតាំងដែលគេជីកយកអាចម៍ដីលក់នេះគឺ ស្ថិតនៅក្នុងបន្ទាយ K89 កៀកជាប់នឹងអគារសាលប្រជុំតែម្តង ដោយគេលក់ទៅឲ្យក្រុមកងវិស្វកម្មដែលកំពុងធ្វើផ្លូវនៅខេត្តស្វាយរៀង ក្នុង១រថយន្តតម្លៃជាង២០ដុល្លារ ហើយគេចាប់ផ្តើមជីកលក់តាំងពីថ្ងៃទី១៩ ខែមីនាមក ។

ប្រភពពីពលទាហានក្នុងបន្ទាយ K89 នេះបានឲ្យដឹងដែរថា សកម្មភាពជីកយកអាចម៍ដីលក់នៅក្នុងបន្ទាយ K89 នេះ មិនមែនទើបតែជាលើកទី១នោះទេ គឺកាលពីប៉ុន្មានខែមុនគេធ្លាប់ជីកលក់ម្តងរួចមកហើយ បានលុយចំនួន២៣លានរៀល ។ ប៉ុន្តែការជីកលក់នោះបានបញ្ចប់ទៅវិញដោយសារតែមានជម្លោះផ្ទៃក្នុងរឿងចែកលុយគ្នាមិនស្មើ ។ លុះលើកក្រោយនេះក៏កំពុងមានជម្លោះផ្ទៃក្នុងជាថ្មីដែរ ដោយសារតែលោកមេបញ្ជាការ និងមេបញ្ជាការរង៣នាក់ បានព្រមព្រៀងគ្នាជីកលក់ តែមេបញ្ជាការរងម្នាក់ជំទាស់មិនចូលរួម ដោយសារតែការជីកនេះមិនបានរាយការណ៍ជូនថ្នាក់លើឲ្យបានដឹង ។
ដោយឡែក ប្រភពពីមន្ត្រីស្រុកបាភ្នំបានបង្ហើបឲ្យដឹងថា បើទោះបីជាមានសំឡេង១ជំទាស់ក៏ដោយ ប៉ុន្តែគេនៅតែជីកយកអាចម៍ដីលក់ដដែល ហើយលោកមេបញ្ជាការ ខៀវ សំណាង បាននាំកូនចៅទាំងអស់ធ្វើពាក្យផ្តិតមេដៃប្តឹងដកមេបញ្ជាការរងដែលជំទាស់នោះចេញ ព្រោះមិនចង់ឲ្យនៅធ្វើជាឆ្អឹងទទឹងកតទៅទៀត។ មិនទាន់បានប៉ុន្មានថ្ងៃផង ព័ត៌មាននេះបានលេចឮទៅដល់ក្រសួងការពារជាតិ និងបានចាត់ឲ្យមន្ត្រីចុះមកដោះស្រាយសម្របសម្រួលវិញកាលពីរសៀលថ្ងៃទី២១ ខែមីនា តែលទ្ធផលនៃការសម្របសម្រួលយ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយទេ ។

ទោះជាយ៉ាងណា ចំពោះការចោទប្រកាន់ខាងលើនេះ ត្រូវបានលោកវរសេនីយ៍ឯក ខៀវ សំណាង បញ្ជាក់ប្រាប់កោះសន្តិភាពថា លោកពិតជាបានជីកយកអាចម៍ដីក្នុងបន្ទាយលក់ពិតមែន ដែលការជីកនេះគឺដើម្បីជាប្រយោជន៍២ គឺទី១-ជីកដើម្បីបានស្រះទឹកសម្រាប់ប្រើប្រាស់ និងទី២-ដើម្បីបានថវិកាដោះស្រាយជីវភាពក្នុងអង្គភាព ព្រោះអង្គភាព K89 នេះគ្មានចំណូលពីណានោះទេ ។ លោកមេបញ្ជាការបញ្ជាក់ថា នៅពេលដោះស្រាយបញ្ហាផ្ទៃក្នុងចប់ លោកនឹងធ្វើរបាយការណ៍សុំគោលការណ៍ទៅក្រសួងរឿងជីកយកអាចម៍ដីលក់នេះហើយ ។
ទោះជាយ៉ាងណាក៏ដោយ កាលពីរសៀលថ្ងៃទី២១ ខែមីនា នៅពេលក្រុមអ្នកសារព័ត៌មានចូលទៅថតសកម្មភាពគ្រឿងចក្រកំពុងជីកយកអាចម៍ដីក្នុងបន្ទាយ K89 នេះ គេឃើញលោកមេបញ្ជាការ ខៀវ សំណាង បញ្ជាឲ្យគ្រឿងចក្របញ្ឈប់សកម្មភាព ហើយប្រាប់ក្រុមអ្នកយកព័ត៌មានថា ឈប់ឲ្យជីកតទៅទៀតហើយ ។ ប៉ុន្តែនៅពេលក្រុមអ្នកសារព័ត៌មានចេញផុតបានតែ១ល្ងាច គឺនៅព្រឹកថ្ងៃទី២២ ខែមីនា សកម្មភាពជីកយកអាចម៍ដីនេះក៏ចាប់បន្តជីកទៀតដដែល ទាំងដែលមិនទាន់មានការអនុញ្ញាតពីក្រសួងការពារជាតិនៅឡើយផង ៕
ចែករំលែកព័តមាននេះ