រាជធានីភ្នំពេញ ៖ ភ្លើងឆេះសំរាមដែលគេយកទៅបោះចោលក្នុងដីឡូត៍មួយកន្លែងបង្កជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅផ្អើលអ្នកភូមិ និងសមត្ថកិច្ចនាំគ្នាជួយពន្លត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី២៣ ខែមីនា តាមបណ្តោយមហាវិថីព្រះមុនីរ៉េត ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា នៅចំណុចដីឡូត៍ខាងលើនេះ គេឃើញប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាយកសំរាមដែលជាកាកសំណល់រឹង និងរាវទៅបោះចោលក្នុងដីឡូត៍ខាងលើគរដូចភ្នំទៅហើយ បើជិះកាត់ចំណុចខាងលើជះកិ្លនអសោចន៍ពិបាកដកដង្ហើមខ្លាំងណាស់ ទាល់តែយកដៃខ្ទប់ច្រមុះទើបបាន ។
ដោយសារតែក្លិនស្អុយខ្លាំងពេកមិនដឹងថា មានអ្នកណាចូលទៅលួចដុតសំរាមនេះចោលទេ ធ្វើឲ្យផ្អើលអ្នកភូមិ និងសមត្ថកិច្ច យាមគោលដៅស្ពាន២៤ម៉ោងចេញទៅជួយបាញ់ទឹកពន្លត់ខ្លាចឆ្លងរាលដាលទៅដល់ផ្ទះប្រជាពលដ្ឋ ។
អគ្គិភ័យខាងលើនេះ ត្រូវបានពន្លត់ឱ្យរលត់ទៅវិញដោយមិនចាំបាច់ប្រើរថយន្តពន្លត់អគ្គិភ័យទេ ហើយក៏មិនបានឆ្លងរាលដាលទៅដល់លំនៅឋានអ្នកជិតខាងដែរ ៕
ចែករំលែកព័តមាននេះ