ខេត្តកំពង់ចាម ៖ ដីសាលារៀនមានទាំងតារាងបាល់ទាត់ និងដីបញ្ចុះសពផងទំហំជាង១ហិកតា ត្រូវបានពលរដ្ឋខ្មែរអ៊ិស្លាម២ក្រុមនៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែកប្តឹងប្តល់គ្នា ហើយនៅព្រឹកថ្ងៃទី២៣ មីនា សាលាដំបូងខេត្ត បានបើកសវនាការកាត់ក្តី តែមិនទាន់ប្រកាសសាលក្រមឱ្យភាគីណាមួយឈ្នះក្តីនោះទេ ដោយរង់ចាំលទ្ធផលប្រកាសធ្វើឡើងនៅថ្ងៃទី៤ មេសាខាងមុខ ។
លោកសា សុះ អាយុ៦៧ឆ្នាំ ជាភាគីដើមបណ្តឹងបានប្រាប់ឲ្យដឹងថា ដើមដំបូងគឺប្រជាពលរដ្ឋក្នុងភូមថ្មី បាននាំគ្នារៃប្រាក់ដើម្បីទិញដីភូមិមួយកន្លែងយកមកសាងសង់សាលារៀន តារាងបាល់ទាត់ ព្រមទាំងដីសម្រាប់បញ្ចុះសពដែលជារបស់សមាគម ។
លោកប្រាប់បន្តថា បន្ទាប់មកទៀតស្រាប់តែមានលេចឮថា មានគេប្រុងយកដីរួមនោះទៅឱ្យអ្នកផ្សេងកាន់កាប់ ទើបពួកគាត់បាននាំគ្នាដាក់ពាក្យបណ្តឹងមកសាលាដំបូងខេត្តតាំងពីមិនទាន់បំបែកខេត្តម្លេ៉ះ។ សម្រាប់ជាប្រយោជន៍រួមគឺនៅក្នុងបណ្តឹងបង្ការមិនឲ្យដីនេះធ្លាក់ទៅក្នុងដៃបុគ្គលណាម្នាក់នោះទេ ដូច្នេះសូមឲ្យស្ថាប័នសាលាដំបូងខេត្ត មេត្តាកាត់ក្តីដោយមានភាពយុត្តិធម៌ធ្វើយ៉ាងណាឲ្យបានរក្សាដីជាដីសម្រាប់សមាគមដដែល ។
លោកម៉ាន់ អ៊ែល ជាគ្រូបង្រៀនម្នាក់បានប្រាប់ឲ្យដឹងថា ចាប់តាំងពីពេលដែលរូបលោកបានចូលមកបង្រៀនរហូតដល់សព្វថ្ងៃនេះគឺមានរយៈពេលជាង១០ឆ្នាំហើយ ។ ជាមួយនោះក៏ធ្លាប់បានបង្រៀននៅសាលារៀនបឋមសិក្សាភូមិថ្មី ដោយបានបង្រៀនពីប្រពៃណីរបស់ខ្មែរអ៊ិស្លាម និងសាលារដ្ឋថ្នាក់ទី៣បានចំនួន៣ឆ្នាំ ។ ចាប់តាំងពីមានបញ្ហានេះមករូបលោកមិនបានចូលបង្រៀនទៀតទេ ។
លោកបានរំលឹកថា ដោយសារតែអ្នកស្រុកជួបការលំបាកក្នុងជីវភាពគ្រួសារ ពួកគាត់បានរៃអង្គាសប្រាក់គ្នាទិញដីនេះរហូតដល់ទៅ៤ដំណាក់កាលជាបន្តបន្ទាប់ទើបទិញដីនេះបានជាង១ហិកតាយកមកធ្វើជាប្រយោជន៍រួម ដូច្នេះសំណូមពរសូមរក្សាដីនេះឱ្យស្ថិតនៅសភាពដើមដដែល ។
ចំណែកភាគីចុងចោទឈ្មោះ ទើ សុះ ខ្មែរអ៊ិស្លាម អាយុ៧៥ឆ្នាំ បានប្រាប់ឲ្យដឹងដែរថា ចំពោះប្រវត្តិដំបូងដីខាងលើត្រូវបានសាងសង់មានសាលារៀនតារាងបាល់ទាត់ បន្ទាប់មកទៀតលោក វ៉ាន់ ម៉ាត់ បានទាក់ទងជាមួយ នឹងសមាគមមួយដើម្បីកសាងសាលារៀនបន្ថែមទៀតនៅលើដីចាស់នោះទៅជាអនុវិទ្យាល័យ និងវិទ្យាល័យ សម្រាប់ឲ្យបានកូនចៅពលរដ្ឋបានរៀនសូត្រ ។
តែគំរោងនេះមិនបានធ្វើទៅវិញ ដោយសារតែមានប្រជាពលរដ្ឋបានប្តឹងជំទាស់ ។ លោកថា ការសាងសង់នោះមិនឲ្យមានផលប៉ះពាល់ដីបញ្ចុះសព តារាងបាល់ទាត់ទេ ហើយក៏មិនបានយកទៅធ្វើអ្វីក្រៅពីនេះឡើយ ៕
ចែករំលែកព័តមាននេះ