ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្មប្រាប់ពីនីតិវិធីនៃការចុះបញ្ជីប្រភេទពូជដំណាំ និងបញ្ជាក់គុណភាពពូជដំណាំពោតនៅកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ពី​និ​តិ​វិធី​នៃ​ការ​ចុះបញ្ជី​ប្រភេទ​ពូជ​ដំណាំ និង​បញ្ជាក់​គុណភាព​ពូជ​ដំណាំ​ពោត​នៅ​កម្ពុជា ។ ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ពី​និ​តិ​វិធី​នៃ​ការ​ចុះបញ្ជី​ប្រភេទ​ពូជ​ដំណាំ និង​បញ្ជាក់​គុណភាព​ពូជ​ដំណាំ​ពោត​នៅ​កម្ពុជា ។

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២១ ខែតុលា​ឆ្នាំ​២០២១​ថា ដំណាំ​ពោត គឺជា​ប្រភេទ​ដំណាំ​អាទិភាព​ទី​៣ បន្ទាប់​ពី​ដំណាំ​ស្រូវ និង​ដំឡូង​មី ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​បម្រើ​ឲ្យ​វិស័យ​ផលិតកម្ម​ចំណី​សត្វ និង​មនុស្ស ជា​ពិសេស​ជា​ដំណាំ​សេដ្ឋកិច្ច​របស់​បងប្អូន​ប្រជា​កសិករ​ដែល​រស់នៅ​តាម​ដីសណ្តរ​ទន្លេមេគង្គ និង​នៅ​ជុំវិញ​បឹង​ទន្លេសាប ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ថា យោង​ទៅ​លើ​ការ​វិវឌ្ឍន៍​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ទាក់ទង​នឹង​ផលិតកម្ម និង​ពូជ ធ្វើ​ឲ្យ​ផលិតកម្ម​ពោត​មានការ​កើនឡើង និង​ឈាន​ទៅ​ធ្វើការ​នាំ​ចេញ​ដែល​មាន​និន្នាការ​កើន​ឡើងជា​បន្តបន្ទាប់ នៅ​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នេះ​បើ​តាម​របាយ​ការ​របស់​នាយកដ្ឋាន​ពូជ​ដំណាំ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៅ​ថ្ងៃ​ទី​២០ ខែតុលា​នេះ ។

គុណភាព​ត្រូវ​បាន​កំណត់​ដោយ​ទីផ្សារ​នេះ​ជាដើម​ចម​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​តម្រូវការ​ពូជ​ពោត សុទ្ធ និង​មានគុណ​ភាពល្អ​កំពុង​មានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ពី​សំណាក់​ប្រជា​កសិករ សហគមន៍​អភិវឌ្ឍន៍​កសិកម្ម និង​ក្រុមហ៊ុន​ឯកជន​យក​មក​ប្រើប្រាស់​សម្រាប់​ធ្វើការ​ដាំ​ដុះ និង​វិនិយោគ ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​បាន​លើក​ឡើង​ថា ផ្អែក​តាម​ច្បាប់​ស្តី​ពី «​ការ​គ្រប់គ្រង ពូជ​ដំណាំ និង​សិទ្ធិ​អ្នក​បង្កាត់​ពូជ​ដំណាំ​» បណ្តា​ក្រុមហ៊ុន និង​អ្នក​ពាក់ព័ន្ធ​ដែល​កំពុង​ធ្វើ​អាជីវកម្ម និង​ចរាចរ​ពូជ​ដំណាំ​គ្រប់​ប្រភេទ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​មក​ធ្វើការ​ចុះបញ្ជី​ដើម្បី​ទទួល​បានការ​បញ្ជាក់​អំពី​គុណភាព​ល្អ ប្រភេទ​ពូជ លក្ខខណ្ឌ​ដាំ​ដុះ និង​ការ​ថែរក្សា​មុន​ធ្វើការ​ចរាចរ​លើ​ទីផ្សារ ។

ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​នេះ ព្រម​ជាមួយនឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការ​ផ្សព្វផ្សាយ​ច្បាប់​ឲ្យ​កាន់តែ​យល់​ដឹង​បន្ថែម​ទៀត​ដល់​បណ្តា​ម្ចាស់​ក្រុមហ៊ុន និង​អ្នក​ពាក់ព័ន្ធ​វិស័យ​ពូជ​ដំណាំ​អគ្គនាយកដ្ឋាន​កសិកម្ម សូម​ជម្រាប​ជូន​អំពី​នីតិវិធី​នៃ​ការ​ចុះបញ្ជី និង​ការ​បញ្ជាក់​គុណភាព ពូជ​ដំណាំ​ពោត​នៅ​កម្ពុជា​ដូច​ខាងក្រោម ៖

ជំហាន​ទី​១៖ ការ​ដាក់​ពាក្យ​ស្នើ​សុំ​ពូជ​ដំណាំ​ពោត​គ្រប់​ប្រភេទ​ដែល​អាច​អនុញ្ញាត​ឱ្យធ្វើ អាជីវកម្ម​គ្រប់​រូបភាព​បាន​ត្រូវ​ចុះបញ្ជី​ជា​ប្រភេទ​ពូជ​ដំណាំ​ចុះបញ្ជី​ជាតិ ។ បណ្តា​ក្រុមហ៊ុន ឬ​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​ពូជ​ដំណាំ​ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​នូវ​ប្រភេទ​ពូជ​ដំណាំ​ដែល​មាន​ស្រាប់ ឬ​ពូជ​ដំណាំ​នាំ​ចូល របស់​ខ្លួន​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម ។ អ្នក​ស្នើ​សុំ​មាន​កាតព្វកិច្ច​ផ្តល់​ទិន្នន័យ និង​ព៌​ត័​មាន​ពេញលេញ គ្រប់គ្រាន់ ត្រឹមត្រូវ និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ មុខ​ច្បាប់​លើ​សេចក្តី​បញ្ជាក់​អះអាង​របស់​ខ្លួន​ដូច​បាន​ចែង​ក្នុង​ប្រកាស​លេខ ៣៧៥ ប្រក​.​ក​សក ចុះ​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២១​។

ជំហាន​ទី​២៖ ការ​ត្រួតពិនិត្យ​ពាក្យ​ស្នើ​សុំ​នាយកដ្ឋាន​ពូជ​ដំណាំ មាន​សមត្ថកិច្ច​ត្រួត ពិនិត្យ​សំណុំ​ឯកសារ​ស្នើ​សុំ​ការ​ចុះបញ្ជី និង​បញ្ជាក់​គុណភាព​ប្រភេទ​ពូជ​ដំណាំ​ផ្អែក​លើ​ភាព​គ្រប់គ្រាន់ និង​ភាព​ត្រឹមត្រូវ​នៃ​សំណុំ​ឯកសារ​។ ក្នុង​ករណី​ពិនិត្យ​ឃើញ​ថា សំណុំ​ឯកសារ​នៃ​ពាក្យ​ស្នើ​សុំ​បំពេញ​បាន​ត្រឹមត្រូវ និង​មាន​ភ្ជាប់​មក​ជាមួយ​ប័ណ្ណ​ចំណូល​កម្រៃ​សេវាកម្ម​សម្រាប់​ការ​ចុះបញ្ជី និង​បញ្ជាក់​គុណភាព​ពូជ​ដំណាំ មន្ត្រី​ជំនាញ​នឹង​ដំណើរការ​វាយតម្លៃ​ពូជ​ពោត​ស្នើ​សុំ​ចុះបញ្ជី និង​បញ្ជាក់​គុណភាព​តាម​រយៈ​ការ​ធ្វើ​ពិសោធន៍ និង​វិភាគ​នៅ​មន្ទីរពិសោធន៍ ផ្ទុយ​ទៅ​វិញ​ក្នុង​ករណី​ពិនិត្យ​ឃើញ​ថា ឯកសារ​មិន​គ្រប់គ្រាន់ ឬ​មិន ត្រឹមត្រូវ សំណុំ​ឯកសារ​នោះ​ត្រូវ​បង្វែរ​ឱ្យ​អ្នក​ស្នើ​សុំ​វិញ ។

ជំហាន​ទី​៣៖ ការ​ពិសោធន៍​វាយតម្លៃ​សម្តែង​កម្មពូជ​ពោត​ស្នើ​សុំ​ចុះបញ្ជី និង​វិភាគ​គុណភាព​ពូជ ពោត​នៅ​មន្ទី​ពិសោធន៍ នៅ​ក្នុង​ដំណើរការ​ពិនិត្យ និង​វាយតម្លៃ​ការ​ចុះបញ្ជី និង​បញ្ជាក់​គុណភាព​ពូជ​ដំណាំ​ពោត នាយកដ្ឋាន​ពូជ​ដំណាំ​រៀបចំ​ពិសោធន៍​វាយតម្លៃ​សម្តែង​កម្ម ពូជ​ពោត​ស្នើ​សុំ ចុះបញ្ជី​នៅ​ទីវាល ហើយ​អ្នក​ស្នើ​សុំ​ទទួលខុសត្រូវ​រាល់​ការ​ចំណាយ​ក្នុង​ការ​រៀបចំ​ពិសោធន៍​។ បន្ថែម​ពីលើ​នេះ សំណាក​ពូជ​ពោត​ត្រូវ​បាន​វិភាគ​នៅ​មន្ទីរពិសោធន៍​ជាតិ​កសិកម្ម លើ​អត្រា ភាព​សុទ្ធ អត្រា​ដំណុះ​គ្រាប់ និង​ភាគរយ​សំណើម ស្រប​តាម​ស្តង់ដារ​ជាតិ​ពូជ​ដំណាំ ។ មន្ទីរពិសោធន៍​ជាតិ​នឹង​រៀបចំ​របាយការណ៍​លទ្ធផល​នៃ​ការ​វិភាគ​គុណភាព​ជូន​មក​នាយកដ្ឋាន​ពូជ​ដំណាំ ដើម្បី​នាយកដ្ឋាន​ធ្វើ សំយោគ​របាយការណ៍​វិភាគ និង​ប​ញ្ជួ​ន​សំណុំ​ឯកសា រ​ជូន​អគ្គនាយកដ្ឋាន​កសិកម្ម​ពិនិត្យ និង​សម្រេច​ចុង​ក្រោយ ។

ជំហាន​ទី​៤៖ ការ​ផ្តល់​វិញ្ញាបនបត្រ​ចុះបញ្ជី និង​បញ្ជាក់​គុណភាព​ពូជ​ដំណាំ​ពោត អគ្គនាយកដ្ឋាន​កសិកម្ម​នឹង​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ប្រភេទ​ពូជ​ដំណាំ ក្នុង​ករណី​សំណុំ ឯកសារ​ពាក្យ​ស្នើ​សុំ លទ្ធផល​នៃ​ការ​ពិសោធន៍​វាយតម្លៃ​នៅ​ទីវាល និង​ក្នុង​មន្ទីរពិសោធន៍ បាន​បំពេញ​លក្ខខណ្ឌ និង​ស្រប​តាម​ស្តង់ដារ​គុណភាព​ពូជ​ពោត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ