យោងតាមការសិក្សាមួយបានបង្ហាញថា ការហាត់ប្រាណដោយដើររយៈពេល៣០នាទីឡើងទៅក្នុងមួយថ្ងៃ ជួយឱ្យស្ត្រីវ័យចាប់ពី៥០ឆ្នាំឡើងទៅកាត់បន្ថយឱកាសកើតជំងឺមហារីកដោះបានប្រមាណជា១០ភាគរយ ។
ការពិសោធលើស្ត្រីអស់រដូវជិត៦ម៉ឺននាក់ពីសំណាក់ក្រុមអ្នកស្រាវជ្រាវបារាំងបានរកឃើញថា អ្នកដែលហាត់ប្រាណច្រើនម៉ោងក្នុងមួយសប្តាហ៍ អាចកាត់បន្ថយហានិភ័យមហារីកដោះបាន១០ភាគរយធៀបទៅនឹងអ្នកដែលហាត់ប្រាណតិចជាងនេះ ។
លោក Agnes Fournier អ្នកដឹកនាំការសិក្សាមកពីវិទ្យាស្ថាន Institut Gustave Roussy បានថ្លែងថា៖ «យើងបានរកឃើញថា ការធ្វើសកម្មភាពរាងកាយពេលសម្រាកពីការងារហាក់មានកម្លាំងប្រឆាំងយ៉ាងរហ័សមួយទៅលើហានិភ័យមហារីកដោះ ។ ទោះជាយ៉ាងណា ការថយចុះហានិភ័យដែលយើងបានរកឃើញថា បានជាប់ពាក់ព័ន្ធនឹងសកម្មភាពរាងកាយ គឺបានធ្លាក់ចុះនៅពេលដែលសកម្មភាពត្រូវបានបញ្ឈប់។ ជាលទ្ធផល បណ្តាស្ត្រីអស់រដូវដែលចាប់យកការហាត់ប្រាណគួរតែត្រូវបានលើកទឹកចិត្តឱ្យបន្តកុំបញ្ឈប់ទាំងពាក់កណ្តាលទី ខណៈអ្នកមិនទាន់ហាត់គួរពិចារណាចាប់ផ្តើមដ្បិតហានិភ័យរបស់គេអាចនឹងថយចុះយ៉ាងរហ័ស» ។
លោកស្រីវេជ្ជបណ្ឌិតបានបន្តថា៖ «១២ MET-h ក្នុងមួយសប្តាហ៍អាចស្មើនឹងការដើរ ឬជិះកង់៤ម៉ោងក្នុងមួយសប្តាហ៍ ឬស្មើនឹងការលេងកីឡាផ្សេងទៀត២ម៉ោងក្នុងមួយសប្តាហ៍ ។ ម្យ៉ាងវិញទៀត វាស្របនឹងអនុសាសន៍របស់មូលនិធិស្រាវជ្រាវមហារីកពិភពលោកដែលកំណត់ឱ្យដើរយ៉ាងតិច៣០នាទីក្នុងមួយថ្ងៃ ។ ដូច្នេះការសិក្សារបស់យើងបង្ហាញយ៉ាងច្បាស់ថា ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពគេមិនចាំបាច់ធ្វើសកម្មភាពរាងកាយច្រើនលើសលប់នោះទេ ពោលគឺការដើរត្រឹម៣០នាទីក្នុងមួយថ្ងៃជាការស្រេច ។
ចំណែកលោកស្រី Sally Greenbrook មកពីមូលនិធិ Breakthrough Breast Cancer ថ្លែងថា៖ «មហារីកដោះជាជំងឺសាមញ្ញដែលតែងកើតលើស្ត្រីអស់រដូវ ។ ដូច្នេះវាពិតជាល្អខ្លាំងណាស់ដែលលទ្ធផលរកឃើញលើកនេះបានបង្ហាញភ័ស្តុតាងក្នុងន័យគាំទ្រដល់សារសុខភាពរបស់យើងដែលថា ការធ្វើសកម្មភាពរាងកាយសម្រាប់ស្ត្រីក្នុងវ័យនេះគឺផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព» ៕
ចែករំលែកព័តមាននេះ