បេះដូងគឺជាសរីរាង្គមួយក្នុងចំណោមបណ្តាសរីរាង្គសំខាន់ៗបំផុតនៅក្នុងរាងកាយមនុស្ស។ វាទទួលបន្ទុកសប់ឈាម និងចែកចាយសារធាតុចិញ្ចឹមចាំបាច់នានាទៅឱ្យរាងកាយដើម្បីបំពេញមុខងារឱ្យបានត្រឹមត្រូវ ។ យ៉ាងណាក៏ដោយទម្លាប់ប្រចាំថ្ងៃមួយចំនួនរបស់បុគ្គលខ្លះបានធ្វើឱ្យប៉ះពាល់ដល់សុខភាពបេះដូងទាំង បុគ្គលអ្នកប្រព្រឹត្តនោះមិនទាំងដឹងខ្លួនផង។ ខាងក្រោមនេះជាទម្លាប់អាក្រក់បំផ្លាញដល់សុខភាពបេះដូង៧ចំណុចដែលបុគ្គលមួយចំនួនតែងប្រព្រឹត្តជារឿយៗ ៖
១-ប្រើប្រាស់គ្រឿងស្រវឹងជាប់ជាប្រចាំ ៖
ការផឹកម្តងម្កាលត្រឹម១កែវមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពបេះដូងនោះទេ ។ ប៉ុន្តែប្រសិនជាផឹករាល់ថ្ងៃ បេះដូងនឹងមានបញ្ហា ។ ការប្រើប្រាស់ច្រើនហួសប្រមាណ គ្រឿងស្រវឹងនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពថ្លើម សុខភាពឆ្អឹង ការចងចាំ និងបង្កើនហានិភ័យពីជំងឺបេះដូងក៏ដូចជាជំងឺលើសឈាម ។ កាត់ផ្តាច់ការទទួលទានគ្រឿងស្រវឹងគឺអាចជួយកាត់បន្ថយហានិភ័យពីជំងឺបេះដូងបាន៥០ភាគរយឬលើសនេះ ។
២-ចូលចិត្តទទួលទានប្រៃខ្លាំង ៖
អាហារនឹងក្លាយជាគ្មានរសជាតិប្រសិនជាមិនដាក់អំបិលមួយចឹប ដែលនេះគឺជាការពិត ។ យ៉ាងណាក៏ដោយ មនុស្សជាច្រើនបានប្រើលើសចំនួននេះ ហើយបានធ្វើឱ្យខ្លួនឯងប្រឈមនឹងជំងឺលើសឈាម ។ លើសឈាមគឺជាកត្តាប្រឈមចម្បងមួយដែលនាំឱ្យគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល ។ ដូច្នេះមុនពេលសម្រេចចិត្តបន្ថែមអំបិលក្នុងអាហារ គេគួរគិតឱ្យបាន២ដង ។
៣-មិនហាត់ប្រាណ ៖
ខ្វះការហាត់ប្រាណគឺជាបុព្វហេតុមួយផ្សេងទៀតនៃជំងឺបេះដូង ហើយក៏ងាយឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២ទៀតផង ។ នៅពេលបុគ្គលម្នាក់គ្មានសកម្មភាពរាងកាយ នោះទម្ងន់ខ្លួននឹងកើនផងដែរ ។ ដោយយឺតៗការឡើងទម្ងន់ខ្លួនគឺផ្តល់ផលអាក្រក់ចំពោះបេះដូង ។ និយាយជារួម វាជាប្រភពសំខាន់មួយដែលបណ្តាលឱ្យកើតមានជំងឺកាចសាហាវនានា។ ផ្ទុយពីនេះ ការរក្សារាងកាយឱ្យមានសកម្មភាពជាប់ជាប្រចាំតាមរយៈការហាត់ប្រាណ ឬការធ្វើកិច្ចផ្សេងៗដោយកម្លាំងពិតជាផ្តល់ផលល្អដល់សុខភាពផ្លូវចិត្ត ជំរុញឱ្យបេះដូង និងខួរក្បាលបំពេញមុខងាររបស់ខ្លួនបានត្រឹមត្រូវ កែលំអលំហូរឈាមក៏ដូចជាការផ្គត់ផ្គង់ខ្យល់អុកស៊ីសែនគ្រប់គ្រាប់ដល់បណ្តាកោសិកានានា ។
៤-បណ្តែតបណ្តោយខ្លួនឱ្យលង់ក្នុងភាពធុញថប់និងភាពក្រៀមក្រំ ៖
ភាពក្រៀមក្រំ/ធុញថប់ព្រមទាំង Stress គឺជាបញ្ហាផ្លូវចិត្តចម្បងៗដែលប៉ះពាល់ទៅលើសុខភាពជាទូទៅ ក្នុងនោះបូករួមទាំងសុខភាពបេះដូងផងដែរ ។ ប្រសិនជាមិនអើពើឆាប់ព្យាបាលឬលុបបំបាត់ទេនោះ វានឹងកាត់បន្ថយកម្រិតថាមពលប្រព័ន្ធការពាររាងកាយ បន្ថយការស្រកឃ្លានហើយនឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទទៀតផង ។ ចូរចាំថា រាល់អារម្មណ៍គឺការគិតក្នុងផ្លូវអវិជ្ជមានគឺពិតជាប៉ះពាល់ដល់សុខភាពបេះដូង។
៥-ទម្លាប់ទទួលទានមិនឈប់ ៖
ជារឿយៗបុគ្គលដែលមានទម្លាប់បែបនេះកម្រនឹងយកចិត្តទុកដាក់ថាតើអាហារដែលខ្លួនទទួលទាននោះ ផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពឬយ៉ាងណានោះទេ ។ ជារួមបណ្តាអាហារដែលពួកគេទទួលទានគឺភាគច្រើនជាអាហារដែលសម្បូរយ៉ាងក្រាស់ក្រៃទៅដោយសារធាតុស្ករ ខ្លាញ់ និងអំបិលជាដើម ។ ពពួកអាហារទាំងនេះក្រៅតែពីធ្វើឱ្យធាត់លើសទម្ងន់ វាក៏ជាមូលហេតុចម្បងនាំឱ្យកើតជំងឺបេះដូងផងដែរ ។
៦-ការជក់បារី ៖
បារីគឺជាឃាតករដែលសម្លាប់ជីវិតមនុស្សដោយស្ងប់ស្ងៀមបំផុត ។ បើទោះជាយ៉ាងនេះក្តី ប៉ុន្តែមានមនុស្សរាប់រយលាននាក់ក្នុងពិភពលោកនៅតែប្រើប្រាស់វា ។ តាមស្ថិតិបានបង្ហាញថា បារីជាអ្នកទទួលខុសត្រូវលើការស្លាប់ជីវិតមនុស្សលើពិភពលោកប្រមាណជា ៣០ភាគរយ ។ ផ្សែងបារីបានធ្វើឱ្យមនុស្សកើតមានជំងឺមហារីក មាត់ បំពង់ក សួត ព្រមទាំងជំងឺបេះដូងផងដែរ ។
៧-ទទួលទានដំណេកមិនគ្រប់គ្រាន់ ៖
ដំណេកមិនគ្រប់គ្រាន់អាចនាំឱ្យកើតមានអតុល្យភាពអ័រម៉ូន ហើយដែលបញ្ហានេះធ្វើឱ្យប៉ះពាល់ដល់បេះដូងយា៉ងធ្ងន់ធ្ងរ។ លើសពីនេះ ការដេកមិនបានគ្រប់គ្រាន់ក៏បានជំរុញឱ្យកម្រិតអ័រម៉ូន Stress កើនខ្ពស់ផងដែរ ៕
ចែករំលែកព័តមាននេះ