ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​រថយន្ត Rolls-Royce បង្ហាញ​ម៉ូ​ដ​រថយន្ត​Ghost​តួ​វែង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​រថយន្ត​Rolls-Royce​ម៉ូ​ដែល Ghost​តួ​វែង​ស៊េរី KoChaMongkol ដែល​មាន​តែ​មួយ​គ្រឿង​គត់​ក្នុង​លោក និង​ជា​រថយន្ត​ដែល​ច្នៃ​ពិសេស​បែប

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​រថយន្ត​Rolls-Royce​ម៉ូ​ដែល Ghost​តួ​វែង​ស៊េរី KoChaMongkol ដែល​មាន​តែ​មួយ​គ្រឿង​គត់​ក្នុង​លោក និង​ជា​រថយន្ត​ដែល​ច្នៃ​ពិសេស​បែប Bespoke ដំបូង​គេ​ដើម្បី​ជា​ការ​អបអរ​ដល់​ប្រទេស​ថៃ បាន​បង្ហាញខ្លួន​ក្នុង​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ក្រុង​បាងកក​លើក​ទី​៣៧ ។ តំណាង​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា​នេះ​ក៏​ជា​លើក​ដំបូង​ផង​ដែរ សម្រាប់​ការ​បង្ហាញ​ជា​សាធារណៈ​នៃ​រថយន្ត​ម៉ូ​ដែល Dawn ក្នុង​ប្រទេស​ថៃ ដែល​ជា​ប្រភេទ​រថយន្ត​បើក​ដំបូល​មហា​ប្រណិត​ម៉ូ​ដែល​ថ្មី​មួយទៀត​របស់ Rolls-Royce ក្រុមហ៊ុន​រថយន្ត Rolls-Royce បង្ហាញ​នូវ​កម្មវិធី​ច្នៃ​កុម្ម៉ង់​រថយន្ត​បែប Bespoke នៅ​បញ្ជរ​តាំងពិព័រណ៍​ធំ​បំផុត​របស់​ក្រុមហ៊ុន​ដែល​មាន​រថយន្ត ៧ គ្រឿង ។

ក្រុមហ៊ុន​រថយន្ត Rolls-Royce បាន​បង្ហាញ​នូវ​រថយន្ត​មហា​ប្រណិត​ដែល​បាន​រចនា​ឡើង​យ៉ាង​ពិសេស​គឺ រថយន្ត​ស៊េរី KoChaMongkol នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ក្រុង​បាងកក​លើក​ទី​៣៧ ។ ការ​ដាក់​ឈ្មោះ និង​ការ​រចនា​នៃ​រថយន្ត​នេះ គឺ​ដើម្បី​អបអរ​ដល់​វប្បធម៌​នៃ​ប្រទេស​ថៃ ។ រថយន្ត Rolls-Royce ម៉ូ​ដែល Ghost តួ​វែង ស៊េរី KoChaMongkol នេះ​គឺ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​គិតដល់ សត្វ​ដំរី ដែល​ជា​និមិត្តរូប​របស់​ប្រទេស​ថៃ ។ សត្វ​ដំរី បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​ក្នុង​ការ​ការពារ​ប្រទេស​ជា​ច្រើន​ជំនាន់​មក​ហើយ ។ រថយន្ត​ពិសេស​ដែល​មាន​តែ​មួយ​គ្រឿង​នេះ​គឺ​ផលិត​ឡើង ដោយ​ចេញពី​ការ​សហ​ការណ៍​រវាង​ក្រុមការងារ​នៅ​ឯ Goodwood ដែល​ជា​រោងចក្រ​ផលិត​រថយន្ត Rolls-Royce និង​ភ្នាក់ងារចែកចាយ​ផ្លូវការ​របស់​រថយន្ត Rolls-Royce ប្រចាំ​ប្រទេស​ថៃ គឺ Rolls-Royce Motor Cars Bangkok ក៏​ដូច​ជាមួយនឹង​នាយកដ្ឋាន​វិចិត្រសិល្បៈ​របស់​ប្រទេស​ថៃ ។

ដំណើរការ​នៃ​ការ​ផលិត​រថយន្ត​នេះ គឺ​មាន​ទាំង​ការ​ព្រាង​រូបភាព​នានា​ដែល​ទាក់ទង​នឹង​ប្រទេស​ថៃ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ក្រុមការងារ​ច្នៃ​កុម្ម៉ង់​រថយន្ត​Rolls-Royce​នៅ​ឯ Goodwood សម្រាប់​ពិនិត្យ​មើល ។ ដូច្នេះ​រថយន្ត Rolls-Royce Ghost តួ​វែង​ដែល​ជា​រថយន្ត​មានការ​និយម​ចូល​ចិត្ត​ពី​ឥស្សរជន​ធុរកិច្ច​របស់​ប្រទេស​ថៃ ក៏​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​ផលិត​រថយន្ត KoChaMongkol ដ៏​ពិសេស​នេះ ។ ក្រុមការងារ Bespoke របស់​រថយន្ត Rolls-Royce ក៏​បាន​បញ្ចូល​នូវ​រូបភាព​សត្វ​ដំរី ទាំង​នៅ​ផ្ទៃ​ខាងក្រៅ និង​ផ្ទៃ​ខាងក្នុង​របស់​រថយន្ត​នេះ ។

នៅ​ផ្ទៃ​ខាងក្នុង​រូប​សត្វ​ដំរី មាន​ឆ្លាក់​យ៉ាង​ផ្ចិតផ្ចង់​នៅ​លើ​បន្ទះ​ឈើ  ចំណែកឯ​ខ្សែ​ឆ្នូត និង​រូប​សត្វ​ដំរី ដែល​មាន​ពណ៌​ទឹកក្រូច​លើ​ផ្ទៃ​ខាងក្រៅ​រថយន្ត​វិញ​ត្រូវ​បាន​គូស​ដោយ​ជាង​ដ៏​ល្បីឈ្មោះ​គឺ​លោក Mark Court ដែល​ជា​ធម្មតា លោក​ជា​មនុស្ស​ចុង​ក្រោយ​គេ​ដែល​ត្រូវ​បញ្ចេញ​ទឹកដៃ​ខាង​គូស​ខ្សែ​ឆ្នូត​លើ​រថយន្ត Rolls-Royce មុន​ពេល​រថយន្ត​ត្រូវ​ចេញពី​រោងចក្រ ។ លោក Paul Harris នាយក​ក្រុមហ៊ុន​រថយន្ត Rolls-Royce ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​មាន​ប្រសាសន៍​ថា កម្មវិធី​ច្នៃ​កុម្ម៉ង់​រថយន្ត​បែប Bespoke គឺជា​ការ​ផ្ដល់​ជូន​លំដាប់​កំពូល​សម្រាប់​អតិថិជន​របស់​យើង ដោយ​បាន​បង្កើត​នូវ​រថយន្ត​ដែល​មាន​លក្ខណៈ​ប្លែក​គ្នា ទៅ​តាម​មនុស្ស​ខុស​ៗ​គ្នា ។

ខ្ញុំ​មាន​ក្តី​រីករាយ​ជា​ពន់ពេក ដែល​យើង​បាន​ចូលរួម​អបអរ​ដល់​វប្បធម៌​នៃ​ប្រទេស​ថៃ​តាម​រយៈ រថយន្ត​ដ៏​អស្ចារ្យ​នេះ ហើយ​សត្វ​ដំរី​នេះ​មិន​ត្រឹមតែ​ជា​និមិត្តរូប​នៅ​ប្រទេស​ថៃ​នេះ​តែ​មួយ​នោះ ទេ ប៉ុន្តែ​ក៏​ជា​និមិត្តរូប​សម្រាប់​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​ទ្វីបអាស៊ី​នេះ​ផង​ដែរ ។​ចំណែក​នាយករង​ក្រុមហ៊ុន​រថយន្ត Rolls-Royce Motor Cars Bangkok លោក ឆាត​វិ​ថៃ តាន់​ត្រា​ផ​ន បាន​ថ្លែង​ថា​នេះ​ជា​រថយន្ត​មហា​ប្រណិត​ដែល​មាន​តែ​មួយ​គ្រឿង​គត់​ក្នុង​លោក ហើយ​ការ​រចនា​ដូច្នេះ គឺ​ពុំ​ធ្លាប់​មាន​ឡើយ​នៅ​លើ​រថយន្ត​មុន​ៗ ។ ដូច្នេះ ក្នុង​នាម​ជា​ជនជាតិ​ថៃ​មួយ​រូប ខ្ញុំ​មាន​មោទនភាព​ជា​ពន់ពេក ដែល​បាន​ចូលរួម​បង្ហាញ​រថយន្ត Ghost តួ​វែង ស៊េរី KoChaMongkol នេះ​នៅ​លើ​ឆាក​អាស៊ី​អាគ្នេយ៍ ។

ទាំង​ឈ្មោះ ទាំង​ការ​រចនា​ធ្វើ​ឲ្យ​រថយន្ត​នេះ​កាន់តែ​ពិសេស ហើយ​ផ្អែក​តាម​ជំនឿ​របស់​យើង វា​នឹង​នាំ​មក​នូវ​ភាព​ចម្រុងចម្រើន និង​សុភមង្គល ។ ដូច្នេះ​រថយន្ត​នេះ គឺ​មាន​តម្លៃ​មែនទែន ហើយ​នេះ​ជា​រថយន្ត​បែប Bespoke ដ៏​លេចធ្លោ​ជាងគេ​សម្រាប់​យើង មក​ទល់​នឹង​បច្ចុប្បន្ន​នេះ ។ លោក​បន្ត​ថា​រថយន្ត Ghost តួ​វែង ស៊េរី KoChaMongkol មាន​ម៉ាស៊ីន​ប្រភេទ V12 ទែ​រ​បូ​ភ្លោះ ចំណុះ 6.6​លី​ត្រ ហើយ​មាន​កម្លាំង​រហូត​ដល់​ទៅ 563HP និងរ​ង្វិ​ល​ជុំ​ម៉ាស៊ីន 780NM ។ នៅ​ក្នុង​ប្រទេស​ថៃ​រថយន្ត​ម៉ូ​ដែល Ghost ដែល​លក់ដាច់​ភាគច្រើន គឺ​ប្រភេទ​តួ​វែង ។

ចំពោះ​ម៉ូ​ដែល Dawn​ថ្មី សម្រាប់​ប្រទេស​ថៃ​ដែល​ក្រុមហ៊ុន​រថយន្ត Rolls-Royce បាន​ដាក់​បង្ហាញ​នូវ​រថយន្ត​ថ្មី​ម៉ូ​ដែល Dawn ជា​ប្រភេទ​រថយន្ត​បើក​ដំបូល​ទ្វារ​ពីរ ដ៏​មហា​ប្រណិត ដែល​ផ្ដល់​នូវ​ការ​បើកបរ​ជាទី​ពេញចិត្ត​ក្នុង​សណ្ឋាន​បើក​ដំបូល ។ ទឹកដៃ​វិស្វកម្ម​គ្មាន​គូ​ប្រៀប​ដែល​បាន​អនុវត្ត​សម្រាប់​ម៉ូ​ដែល Dawn នេះ គឺ​ធ្វើ​ឲ្យ​រថយន្ត​នេះ មាន​សំឡេង​ស្ងាត់​ប្រៀប​បាន​នឹង​ម៉ូ​ដែល Wraith របស់​ក្រុមហ៊ុន Rolls-Royce ដែរ នៅ​ពេល​ដែល​រថយន្ត​កំពុង​មាន​ចលនា ជាមួយនឹង​ដំបូល​បិទ​ជិត ។

ហើយ​ចលនា​ដំបូល​វិញ គឺ​អាច​បើកចំហ​បាន​ដោយ​ប្រើ​ថេរវេលា​ត្រឹមតែ ២០ វិនាទី​ប៉ុណ្ណោះ ហើយ​ចលនា​បើក​ដំបូល​នេះ ត្រូវ​បាន​គេ​ប្រៀបធៀប​ទៅ​នឹង “​របាំ​បា​ឡេ​ស្ងាត់​” ថែម​ទៀត​ផង ។ លោក​ថា​ម៉ូ​ដែល Dawn ជា​រថយន្ត​បើក​ដំបូល​ដំបូង​គេ​របស់​ក្រុមហ៊ុន​Rolls-Royce ក្នុង​រយៈកាល ៨ ឆ្នាំ​មកនេះ ។ រថយន្ត​នេះ មាន​ម៉ាស៊ីន​ប្រភេទ​V12 ទែ​រ​បូ​ភ្លោះ ចំណុះ 6.6​លី​ត្រ ហើយ​មាន​កម្លាំង​រហូត​ដល់​ទៅ 563HP​និងរ​ង្វិ​ល​ជុំ​ម៉ាស៊ីន 780NM​។

លោក Paul បាន​ថ្លែង​បញ្ជាក់​ថា​«​ការ​រចនា​ដ៏​ទាន់សម័យ និង​ទាក់ទាញ​របស់​ម៉ូ​ដែល Dawn ជួយ​ឲ្យ​យើង​បើក​ទំព័រ​សករាជ​ថ្មី​សម្រាប់​ប្រវត្តិសាស្ត្រ​ដ៏​ត្រចះត្រចង់​របស់​រថយន្ត Rolls-Royce តាម​រយៈ​ការ​បង្កើត​នូវ​រថយន្ត​ដែល​មាន​ភាព​ទាក់ទាញ ទំនើប​ទាន់សម័យ និង​ប្រណិត ។ រថយន្ត​ម៉ូ​ដែល Dawn ដែល​ជា​ប្រភេទ​រថយន្ត​ទ្វារ​ពីរ​កៅអី​បួន ដែល​មាន​ភាព​ទាន់សម័យ​ខ្ពស់ គឺជា​ការ​វិវត្តន៍​ថ្មី​នៃ​ភាសា​ផ្នែក​រចនា​របស់​រថយន្ត Rolls-Royce ដោយ​មាន​គោលបំណង​តែ​មួយ​គត់ គឺ​បង្កើត​រថយន្ត​ដែល​ស្រស់​ស្អាត ទាំង​ពេល​ដំបូល​បើក និង​បិទ ។ នៅ​ពេល​ដំបូល​បើក ខ្សែបន្ទាត់​គែម​ពីលើ​ទ្វារ​មុខ​ទៅ​ទ្វារ​ក្រោយ បង្ហាញខ្លួន​យ៉ាង​លេចធ្លោ ។ ចាប់ពី​គែម​កញ្ចក់​មុខ ទៅ​ក្រោយ បង្ហាញ​ពី​លំហូ​នៃ​ភាព​ទាក់ទាញ ។ នៅ​ជិត​គែម​ទ្វារ​កៅអី​ខាងក្រោយ ទាំង​សងខាង​ត្រូវ​បាន​រចនា​ឡើង ដើម្បី​បង្កើត​ឲ្យ​មាន​ផា​សុខភាព​ពេល​អង្គុយ ។

ចំណែកឯ​ធ្នើ​ខាងក្រោយ​ខ្នង​វិញ គឺ​បង្ហាញ​ពី​ទឹកដៃ​ឥត​ខ្ចោះ​នា​សម័យ​ថ្មី​របស់​រថយន្ត Rolls-Royce ។ ធ្នើ​ខាងក្រោយ​នោះ​ត្រូវ​បាន​រចនា​ជា​រាង​ក្រចកសេះ ហើយ​ផ្ទាំង​ឈើ​ដែល​បិទ​លើ​ធ្នើ​នោះ ដែល​ប្រភេទ​ឈើ អាច​ជ្រើសរើស​ទៅ​តាម​ការ​និយម​ចូល​ចិត្ត​របស់​អតិថិជន ត្រូវ​បាន​រចនា​ក្នុង​សណ្ឋាន​ដូច “​ទឹកធ្លាក់​”​នៅ​ចន្លោះ​កៅអី​ក្រោយ ទាំង​ពីរ និង​នៅ​តាម​ជញ្ជាំង​ទ្វារ​ផ្នែក​ខាងក្នុង ដែល​ទាក់ទាញ​ឲ្យ​ម្ចាស់ ឬ​អ្នក​ធ្វើ​ដំណើរ​ចង់​ចូល ជិះ​រថយន្ត​ម៉ូ​ដែល Dawn​នេះ ។

ក្រុមហ៊ុន​រថយន្ត Rolls-Royce​ដំឡើងរថយន្ត​មហា​ប្រណីត​ដែល​ផលិត​ដោយ​ដៃ​នៅ​ឯ​រោងចក្រ Home of Rolls-Royce​ដែល​ស្ថិត​នៅ​ឯ​តំបន់ Goodwood Estate​ក្រុង West Sussex ប្រទេស​អង់គ្លេស ដោយ​កាលពី​ឆ្នាំ​មុន ក្រុមហ៊ុន​បាន​លក់​រថយន្ត​ចំនួន ៣៧៨៥ គ្រឿង​ដល់​អតិថិជន​ទូ​ទាំង​ពិភពលោក ហើយ​កំណើន​ដែល​ខ្ពស់​ជាងគេ​បំផុត​គឺ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ។ សឹងតែ​គ្រប់​អតិថិជន​ទាំងអស់​គឺ​បាន​ជាវ​រថយន្ត​ដោយ​បាន​តម្រូវ​ឲ្យ​ច្នៃ​កុម្ម៉ង់​បែប Bespoke​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​គាត់​៕ អ៊ា​ង ប៊ុ​ន​រិ​ទ្ធ