រាជធានីភ្នំពេញ ៖ អ្នកសរសេររបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រីយ រ៉ូណា ស្មីត(Rhona Smith) មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល ១០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២១ មីនា ២០១៦នេះ ។
បើតាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៨ មីនា របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា អំឡុងពេលទស្សនកិច្ចលើកទី២នៅកម្ពុជា លោកស្រី រ៉ូណា ស្មីត នឹងពិនិត្យមើលពីស្ថានភាពសិទ្ឋិមនុស្សពិសេសលើការរើសអើងរបស់ក្រុមដែលបាត់បង់ឱកាស និងអ្នកដែលមិនសូវទទួលបានការគិតគូរដូចជា ស្ត្រីជនជាតិដើមភាគតិច និងជនរងគ្រោះដោយការរើសអើងពូជសាសន៍ និងជាតិពន្ធជាដើម ។
សូមបញ្ជាក់ផងដែរថា លោកស្រី រ៉ូណា ស្មីត បានត្រូវក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តែងតាំងជាអ្នករាយការណ៍ពិសេសផ្នែកសិទ្ឋិមនុស្សប្រចាំកម្ពុជា ជំនួសលោកសាស្ត្រាចារ្យច្បាប់ ស៊ូប៊ែរឌី កាលពីខែមីនា ឆ្នាំ២០១៥ ។ អ្នកស្រីជាសាស្ត្រាចារ្យសិទ្ធិមនុស្សអន្តរជាតិនៅចក្រភពអង់គ្លេសនិង ធ្លាប់បង្រៀនមុខវិជ្ជាច្បាប់ សិទ្ធិមនុស្សអន្តរជាតិ នៅប្រទេសចិន និងកាណាដា ជាដើម និង ធ្លាប់ធ្វើជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ បញ្ញាសាស្ត្រ កម្រិតបរិញ្ញា ផ្នែកច្បាប់សិទ្ធិមនុស្ស ផងដែរ ។
អំឡុង ពេលដំណើរទស្សនកិច្ចលើកទី១នៅកម្ពុជាពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ កញ្ញា ២០១៥ លោកស្រី រ៉ូណា ស្មីត បានថ្លែងក្នុងសន្និសីទកាសែតក្រោយបញ្ចប់ទស្សនកិច្ចដោយបញ្ចាក់ថា បញ្ហាតុលាការ គឺនៅតែជាបញ្ហាប្រឈមមួយដ៏ធំសម្រាប់ប្រទេសកម្ពុជា ។ អ្នកស្រីឲ្យដឹងដែរថា កម្ពុជាចាំបាច់ត្រូវតែមានប្រព័ន្ធតុលាការមួយខ្លាំងប្រកបដោយភាព ឯករាជ្យ ដើម្បីធានាការគោរព និងការពារសិទ្ធិមនុស្សជាទូទៅនៅកម្ពុជា ៕
ចែករំលែកព័តមាននេះ