រាជធានីភ្នំពេញ ៖ ពេលមានផ្ទៃពោះ ស្ត្រីភាគច្រើនរមែងមានការប្រែប្រួលរូបរាងជាពិសេសគឺបញ្ហាស្បែកមកពីការផ្លាស់ប្តូរអ័រម៉ូន ។ ការប្រែប្រួលអ័រម៉ូននេះអាចបណ្តាលឲ្យស្បែកកើតមានបញ្ហាជាច្រើនដូចជា កើតមុន ស្បែកស្ងួត ស្បែកឡើងខ្លាញ់ មានស្នាមជាំ ឬខ្មៅជាដើម ។ ប៉ុន្តែក៏នៅមានស្ត្រីមួយចំនួនតូចដែលអាច រក្សាសម្រស់របស់ខ្លួនឱ្យនៅស្អាតឋិតថេរក្នុងអំឡុងពេលមានផ្ទៃពោះ។ ខាងក្រោមនេះគឺជាដំណោះស្រាយសម្រាប់ស្ត្រីដែលមានផ្ទៃពោះ ហើយប្រឈមទៅនឹងបញ្ហាស្បែកខ្លាំងដូចជា៖
-បញ្ហាកើតមុន៖ ការមានផ្ទៃពោះក៏អាចបណ្តាលឲ្យកើតមុនផងដែរ ជាពិសេសមុនដែលកើតមានស្រាប់អាចប្រែទៅជារីករាលដាលធំជាងមុន ដូច្នេះពេលដែលកើតមានបញ្ហានេះ ស្ត្រីគួរចៀសវាងការដុសខាត់ស្បែកខ្លាំងៗ ព្រោះវាអាចធ្វើឲ្យមុនកាន់តែរីករាលដាលធំឡើង និងអាចបណ្តាលឲ្យរលាកស្បែកថែមទៀតផង ។ បើសិនជាមុនចេះតែរីករាលដាលខ្លាំងគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេសស្បែកមុខទើបជាការប្រសើរ មិនត្រូវសម្រេចចិត្តប្រើប្រាស់ផលិតផលផ្សំដែលគ្មានវេជ្ជបញ្ជា ។
-មុខឡើងជាំ៖ បញ្ហានេះច្រើនតែជួបប្រទះចំពោះស្ត្រីដែលធ្លាប់សម្រាលកូនច្រើន ឬកូនទីពីរ ចំពោះកូនដំបូងបញ្ហាជាំមុខកម្រនឹងឃើញកើតមានណាស់ ។ បញ្ហាមុខជាំនេះអាចបណ្តាលមកពីស្បែករបស់អ្នកប្រែពណ៌ក្នុងអំឡុងពេលមានគភ៌ទោះបីជាស្ត្រីខិតខំការពារស្បែកពីកំដៅថ្ងៃយ៉ាងណាក៏ដោយ បញ្ហាជាំមុខនេះអាចនឹងកើតមាននៅបរិវេណថ្ពាល់ ក្រោមភ្នែក ឬកន្លែងផ្សេងទៀត។ ដើម្បីកាត់បន្ថយនូវបញ្ហាទាំងនេះស្ត្រីអាចប្រើឡេការពារកំដៅថ្ងៃ កម្រិតខ្ពស់ ដែលអាចចៀសផុតពីកាំរស្មីព្រះអាទិត្យ រាល់ពេលដែលចេញទៅហាលថ្ងៃ និងត្រូវការពារដោយពាក់មួក បាំងឆ័ត្រ ឬពាក់វ៉ែនតាការពារកំដៅជានិច្ច ។
-ករណីស្បែកស្ងួត៖ មានមតិជាច្រើនបានលើកឡើងថា ពេលមានផ្ទៃពោះស្ត្រីត្រូវបានហាមមិនឲ្យលាបឡេអ្វីទាំងអស់ តែក៏មានគ្រូពេទ្យមួយចំនួនទៀតនិយាយថា វាមិនមានផលប៉ះពាល់អ្វីទេ គ្រាន់តែលាបឡេធម្មតានៅលើស្បែកនោះ ។ ដូច្នេះនៅពេលដែលមានបញ្ហាស្បែកស្ងួតកើតឡើង ស្ត្រីមានផ្ទៃពោះអាចប្រើឡេលាការពារបានជាធម្មតា តែមិនមែនជាឡេលាយអ្វី ឬជាឡេកែច្នៃនោះទេ គួរតែជ្រើសរើសឡេការពារពន្លឺព្រះអាទិត្យដើម្បីការពារកុំឲ្យស្បែកស្ងួតពេក ។
-ស្បែកឡើងខ្លាញ់៖ ស្ត្រីគួរប្រើហ្វូមលាងមុខ ឬក្រែម ដែលមិនបង្កឲ្យកើតមានខ្លាញ់នៅលើផ្ទៃមុខ តែក៏មិនគួរជ្រើសរើសផលិតផលដែលធ្វើឲ្យស្បែកស្ងួតពេកនោះដែរ។ ទោះបីជាពេលមានផ្ទៃពោះធ្វើឲ្យស្បែកមានខ្លាញ់ច្រើនក៏ពិតមែន តែស្ត្រីក៏មិនគួរលាងសម្អាតមុខច្រើនដងរហូតដល់លើសពី២ទៅ៣ដងក្នុងមួយថ្ងៃនោះដែរ បើសិនជាមានខ្លាញ់ច្រើនគួរប្រើក្រដាសផ្តិតជាតិខ្លាញ់ ជំនួសវិញក៏ជាការប្រសើរ ៕
ចែករំលែកព័តមាននេះ