ខេត្តព្រៃវែង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៍ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកពាមរក៍ ឆ្មក់ចូលលំនៅឋានមួយកន្លែងដើម្បីចាប់ខ្លួនជនសង្ស័យ៣នាក់ដែលបានពួនសម្ងំលាក់ខ្លួនប្រើប្រាស់ថ្នាំញៀនកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី១៩ មីនា ស្ថិតនៅក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ«ក» ស្រុកពាមរក៍។
លោកវរសេនីយ៍ទោ សេង ពន្លក អធិការនគរបាលស្រុកពាមរក៍បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ មាន ១-ឈ្មោះ ជូ សុភ័ក្រ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិ២ ឃុំព្រែកខ្សាយ«ខ» ស្រុកពាមរក៍ ២-ឈ្មោះ សេង ម៉េងហួត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិ៣ ឃុំព្រែកខ្សាយ«ខ» និង៣-ឈ្មោះ មឿន ស្រីម៉ី ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ«ក» ស្រុកពាមរក៍ ។ ចំណែកវត្ថុតាងដែលដកហូតបាន មានថ្នាំញៀនប្រភេទមេតាំហ្វេតាមីនម៉ាទឹកកកចំនួន២កញ្ចប់ធំ និង៤កញ្ចប់តូច ព្រមទាំងសម្ភារសម្រាប់ជក់មួយចំនួនទៀត ៕
ចែករំលែកព័តមាននេះ