ខេត្តតាកែវ ៖អាកុលក្លែងក្លាយប្រមាណ១៦៨០០គីឡូក្រាម រួមនឹងទំនិញខូចគុណភាពជាច្រើនមុខចំនួន១៥០គីឡូក្រាម ត្រូវបានមន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបទំនិញក្លែងក្លាយបានធ្វើការដក និងយកមកដុតបំផ្លាញចោល នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ព្រោះទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ដែលនាំឲ្យប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ ។
លោក លី សេរីសម្បត្តិ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបទំនិញក្លែងក្លាយខេត្តតាកែវបានថ្លែងឲ្យដឹងថា អាកុលក្លែងក្លាយក៏ដូចជា ទំនិញខូចគុណភាពជាច្រើនមុខទៀតដែលមន្ត្រីជំនាញបានធ្វើត្តេស និងរកឃើញថា គ្មានគុណភាព និងក្លែងក្លាយដែលនាំឱ្យខូចសុខភាពដល់បងប្អូនអ្នកប្រើប្រាស់ត្រូវបានយកហូតពីតាមទីផ្សារមួយចំនួន ក្នុងនោះជំនាញបានរកឃើញអាល់កុលក្លែងក្លាយចំនួន១៣ ប៊ីដុង និង៣០យួរ ស្មើនិង១៦៨០០ គីទ្បូក្រាម រួម និងទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់១៥០គីទ្បូក្រាម ដែលសរុបស្មើនិង១៦៩៥០គីទ្បូក្រាម ។
លោកប្រធានសាខា ក.ប.ប. ក៏បានបញ្ជាក់ផងដែរថា មន្ត្រីជំនាញកបប និងបន្តខិតខំចុះត្រួត ពិនិត្យទំនិញដែលដាក់តាំងលក់នៅតាមទីផ្សារនានាទូទាំងខេត្ត ដើម្បីរកមើលគ្រឿងកំប៉ុងណាដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងមានសភាពចាស់ច្រេះ ហើយនោះ លោកក៏បានធ្វើការណែនាំទៅដល់ក្រុមអាជីវករ ឲ្យរៀបចំទុកដាក់របស់លក់ដូរ ធ្វើយ៉ាងម៉េចលក់ឲ្យមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ ជៀសវាងដាក់លក់ត្រូវថ្ងៃ ដែលធ្វើឲ្យទំនិញនោះឆាប់ខូចគុណភាព ហើយគ្រឿងកំប៉ុងណាដែលមានសភាពមិនល្អ ឬហួស កាលបរិច្ឆេទ សូមកុំដាក់លក់ជូនអតិថិជនឲ្យសោះ ត្រូវយកទុកដាច់ដោយឡែកពីគ្នា ឬយកទៅបំផ្លាញចោលដោយខ្លួនឯងតែម្តងទៅ ពិសេស គឺនៅក្នុងបរិបទកូវីដ១៩ យើងត្រូវតែលក់របស់សុទ្ធមិនក្លែងក្លាយ ព្រោះពេលនេះប្រជាពលរដ្ឋគាត់កំពុងតែត្រូវការអាកុលសម្រាប់ការពារខ្លួនពីជំងឺកូវីដ១៩។
លោកប្រធានសាខាកាំកុងត្រូល លី សេរីសម្បត្តិ ក៏បានបញ្ជាក់ដឹងថា ថ្ងៃនេះមន្ត្រីជំនាញរបស់លោក រួមជាមួយមន្ត្រីនៃមន្ទីរពាក់ព័ន្ធជាច្រើនរូបបានទៀត បានរៀបចំធ្វើការដុតកំទិចចោលនូវអាល់កុលក្លែងក្លាយ និងទំនិញខូចគុណភាព ហួសកាលបរិច្ឆេទក្នុងការប្រើប្រាស់សរុបប្រមាណជា ១៦៩៥០ គីទ្បូក្រាម នៅទីលានចាក់សម្រាមមួយកន្លែង ឆ្ងាយពីផ្ទះបងប្អូនប្រជាពលរដ្ឋ ដើម្បីកុំឲ្យមានការប៉ះពាល់ដល់សុខភាពពួកគាត់ផងដែរ ។
លោកប្រធានសាខា ក៏សូមអំពាវនាវទៅដល់ បងប្អូនប្រជាពលរដ្ឋ សូមទិញទំនិញ និងចំណីអាហារណា ដែលមានសុវត្ថិភាពខ្ពស់ និងសូមពិនិត្យុមើលកាលបរិច្ឆេទប្រើប្រាស់ឲ្យបានច្បាស់លាស់ និងមានស្តង់ដារអនាម័យត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពសាធារណៈ ៕
ចែករំលែកព័តមាននេះ