រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលបានបង្ហាញសមាសភាព ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ដែលនឹងត្រូវស្នើទៅរដ្ឋសភាដើម្បីផ្លាស់ប្ដូរ និងដំឡើងតួនាទីរួមនឹងបញ្ចប់ពីការងារផងដែរ តាមរយៈលិខិតផ្លូវការចុះថ្ងៃទី១៦ មីនា ។ សមាសភាព២៤រូបក្នុងគណៈរដ្ឋមន្រ្តីថ្មី ដែលត្រូវផ្លាស់ប្តូរនិងកែសម្រួល
សំណើរបស់សម្ដេចតេជោ ហ៊ុន សែនបានដាក់ជូនទៅប្រធានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន ដើម្បីសុំការអនុម័តពីរដ្ឋសភា ។ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យសភាបានប្រាប់ឱ្យដឹងពីនីតិវិធីសម្រាប់រដ្ឋសភា គឺសំណើរបស់នាយករដ្ឋមន្ត្រី និងដាក់ទៅក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋសភា តាមគម្រោងនោះគឺនៅថ្ងៃទី៤ មេសា ទើបមានការកោះប្រជុំសភា ។
ក្នុងលិខិតប្រមុខរាជរដ្ឋាភិបាលដែលត្រូវបានគេដឹងឮនៅព្រឹកថ្ងៃទី១៨ មីនា បានបង្ហាញថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង, ឧបនាយករដ្ឋមន្ត្រីប្រចាំការលោក គាត ឈន់, ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម ត្រូវបញ្ចប់មុខងារតាមសំណើសាមីជន តែរក្សាមុខងារឱ្យលោក ហោ ណាំហុង ជាឧបនាយករដ្ឋមន្ត្រីដដែល ។
ចំណែករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក ប្រាក់ សុខុន នឹងត្រូវតែងតាំងជាទេសរដ្ឋមន្ត្រី និងប្ដូរទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវដំឡើងឋានៈជាទេសរដ្ឋមន្ត្រីបន្ថែមលើមុខការបច្ចុប្បន្ន ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ស៊ុន ចាន់ថុល ត្រូវតែងតាំងជាទេសរដ្ឋមន្ត្រី និងត្រូវប្ដូរទៅកាន់ជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ។
ចំណែករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ជា សុផារ៉ា នឹងត្រូវតែងតាំងជាទេសរដ្ឋមន្ត្រី នឹងប្ដូរទៅកាន់ជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
រីឯអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌លោក ហឹុម ឆែម ត្រូវតែងតាំងជាទេសរដ្ឋមន្ត្រី និងមានដំណែងជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ។
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន នឹងត្រូវតែងតាំងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ។ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក នឹងត្រូវប្ដូរមកកាន់ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។
ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមលោក វេង សាខុន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក អ៊ុក រ៉ាប៊ុន ដែលនឹងប្ដូរទៅកាន់ជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។
ចំណែករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ត នឹងត្រូវតែងតាំងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។
នៅក្នុងសំណើតែងតាំងនេះដែរ អតីតអភិបាលខេត្តព្រះសីហនុ លោក ឈិត សុខុន និងអភិបាលខេត្តកំពតលោក ខូយ ឃុនហ៊ួរ នឹងត្រូវតែងតាំងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ។ អតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក អុឹម សួស្ដី និងអភិបាលខេត្តរតនគិរី លោក ប៉ាវ ហមផាន នឹងត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
អភិបាលខេត្តស្វាយរៀង លោក ជៀង អំ នឹងត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ ។ អតីតអភិបាលខេត្តព្រៃវែង លោក ហាស សារ៉េត នឹងត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចំណែកអភិបាលខេត្តកំពង់ស្ពឺ លោក អ៊ូ សំអ៊ួន នឹងត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ។ អភិបាលខេត្តបន្ទាយមានជ័យលោក គោ ស៊ុំសាវឿត នឹងត្រូវតែងតាំងរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ផែង សុវិជ្ជនោ នឹងត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងនេះ ។
អនុប្រធានក្រុមការងារចុះជួយស្រុកគងពិសី លោកជុំ វន នឹងត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។
ទាក់ទងទៅនឹងសំណើសុំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលស្នើដល់សម្តេចពញាចក្រីប្រធានរដ្ឋសភា មេត្តាអនុញ្ញាតរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភា លើការកែសម្រួលនិងបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលនោះ កាលពីថ្ងៃទី១៧ មីនា លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឱ្យកោះសន្តិភាពដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាគ្រោងបើកកិច្ចប្រជុំពិនិត្យសំណើររបស់នាយករដ្ឋមន្ត្រីក្នុងការដោះដូររដ្ឋមន្ត្រីនៅថ្ងៃទី៣០ មីនា ។
លោក ឡេង ប៉េងឡុង បញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គ្រោងនឹងបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិនិត្យសំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការស្នើសុំដោះដូររដ្ឋមន្ត្រី និងដាក់មន្ត្រីមួយចំនួននៅតាមស្ថាប័នក្រសួង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ខាងមុខ ដើម្បីដាក់របៀបវារៈទៅក្នុងសម័យប្រជុំ ពេលរដ្ឋសភាបញ្ចប់វិស្សមកាលវិញនៅថ្ងៃទី០៤ ខែមេសា ។
ក្នុងសម័យប្រជុំនេះ មានរបៀបវារៈដូចជា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមួយរូប សេចក្តីព្រាងច្បាប់ស្តីពីសហជីព របាយការណ៍សភាមុនពេលចូលកង និងជាពិសេស សំណើសុំរបស់នាយករដ្ឋមន្ត្រីក្នុងការដោះដូររដ្ឋមន្ត្រី និងមន្ត្រីមួយចំនួននៅតាមក្រសួង ៕
សមាសភាពគណៈរដ្ឋមន្រ្តីថ្មី ដែលត្រូវផ្លាស់ប្តូរ និងកែសម្រួលមានរាយនាមដូចខាងក្រោម ៖
០១-បញ្ចប់មុខងារ លោក គាត ឈន់ ជាឧបនាយករដ្ឋមន្រ្តីប្រចំាការ តាមសំណើរបស់សាមីឥស្សរជន ។

០២-បញ្ចប់មុខងារលោក ហោ ណាំហុង ជារដ្ឋមន្រ្តីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមសំណើសាមីឥស្សរជន ដោយរក្សាមុខងារឧបនាយករដ្ឋមន្រ្តី ។

០៣-បញ្ចប់មុខងារលោក អ៊ឹម ឈុនលឹម ជាទេសរដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ តាមសំណើសាមីឥស្សរជន ។

០៤-តែងតំាងលោក បា្រក់ សុខុន ជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

០៥-តែងតំាងលោក អូន ព័ន្ឋមុនីរ័ត្ន ជាទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

០៦-តែងតំាង លោក ស៊ុន ចាន់ថុល ជាទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។

០៧-តែងតំាងលោក ជា សុផារ៉ា ជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ។

០៨-តែងតំាងលោក ហ៊ឹម ឆែម ជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ។

០៩-តែងតំាង លោក មិន ឃិន ជាទេសរដ្ឋមន្រ្តី(ទទួលបន្ទុកបេសកកម្មពិសេស) ។

១០-តែងតំាងលោក វេង សាខុន ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។

១១-តែងតំាង លោក អ៊ុក រ៉ាប៊ុន ជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។

១២-តែងតំាង លោក ប៉ាន សូរស័ក្តិ ជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

១៣-តែងតំាង លោក ត្រំា អ៊ីវតឹក ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។

១៤-តែងតំាងលោក ឈិត សុខុន ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ។

១៥-តែងតំាង លោក ខូយ ឃុនហ៊ួរ ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ។

១៦-តែងតំាង លោក អ៊ឹម សួស្តី ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។

១៧-តែងតំាង លោក ប៉ាវ ហមផាន ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។

១៨-តែងតំាង លោក ជាង អំ ជារដ្ឋលេខាធិការក្រសួងការពារជាតិ។

១៩-តែងតំាងលោក ហាស សារ៉េត ជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។

២០-តែងតំាងលោក អ៊ូ សំអ៊ួន ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ។

២១-តែងតំាង លោក ផៃ ប៊ុនឈឿន ជារដ្ឋលេខាធិការក្រសួងបរិស្ថាន ។

២២-តែងតំាង លោក គោ ស៊ុំសារឿត ជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម ។

២៣-លោក ផែង សុវិជ្ជានោ ជារដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ។
២៤-លោក ជួន វន ជារដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម ។
ចែករំលែកព័តមាននេះ