គណៈប្រតិភូគយនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានទៅចូលរួមសន្និសីទអគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិកអង្គការគយពិភពលោកលើកទី១៧ ចាប់ពីថ្ងៃទី១៤-១៨ ខែមីនា ឆ្នាំ២០១៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលគយចំនួន២២ប្រទេស អគ្គលេខាធិការនៃអង្គការគយពិភពលោកការិយាល័យទទួលបន្ទុកកសាងសមត្ថភាពតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងការិយាល័យទំនាក់ទំនងស៊ើបការសម្ងាត់តំបន់អាស៊ី-ប៉ាស៊ីហ្វិក។ គោលបំណងចម្បងរបស់អង្គសន្និសីទ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើការងារពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងការទប់ស្កាត់បទល្មើសគយឆ្លងដែន។ វវវវវវវវវ
អង្គសន្និសីទបានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០១៤-២០១៦ ដែលផ្តោតសំខាន់លើការងារអាទិភាពចំនួនបួន គឺ ១-កិច្ចសម្រួលពាណិជ្ជកម្ម និងសន្តិសុខ ២-ការអនុវត្តច្បាប់ និងអនុលាមភាព ៣-ការកសាងសមត្ថភាព និង៤-ការងារស្រាវជ្រាវ និងអភិវឌ្ឍ និងបានអនុម័តដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០១៦-២០១៨ ដើម្បីបន្តលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងសន្តិសុខថ្នាក់តំបន់ និងបន្តពង្រឹងសមត្ថភាពការងារស្រាវជ្រាវ និងអភិវឌ្ឍក្នុងគោលដៅទំនើបកម្មរដ្ឋបាលគយ។ អង្គសន្និសីទ ក៏បានពិភាក្សាលើការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្មអង្គការគយពិភពលោក ដែលបានអនុម័តនាខែធ្នូ ឆ្នាំ២០១៣ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ។ ដើម្បីឈានទៅអនុវត្តកិច្ចព្រមព្រៀងនេះឲ្យបានពេញលេញ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានស្នើឲ្យការិយាល័យទទួលបន្ទុកកសាងសមត្ថភាពតំបន់អាស៊ី-ប៉ាស៊ីហ្វិក ពិនិត្យមើលលទ្ធភាពក្នុងការផ្តល់កម្មវិធីកសាងសមត្ថភាពពាក់ព័ន្ធនឹងការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម អង្គការគយពិភពលោក ។ ទន្ទឹមនេះ អង្គសន្និសីទបានឯកភាពជាឯកច្ឆន្ទគាំទ្របេក្ខភាពរដ្ឋបាលគយប្រទេសហ្វីជី ជាអនុប្រធានអង្គការគយពិភពលោកតំបន់អាស៊ី-ប៉ាស៊ីហ្វិកសម្រាប់ឆ្នាំ២០១៦-២០១៨ ដើម្បីជំនួសរដ្ឋបាលគយម៉ាឡេស៊ី ដែលត្រូវបញ្ចប់អាណត្តិរបស់ខ្លួនជាអនុប្រធានអង្គការគយពិភពលោកតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅដើមឆ្នាំ២០១៦ នេះ។
ឆ្លៀតក្នុងឱកាសសន្និសីទនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូរដ្ឋបាលគយឡាវដឹកនាំដោយឯកឧត្តម Athsaphangthong Siphandone អគ្គនាយកគយឡាវ ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមក ក្នុងកិច្ចការគយរវាងប្រទេសទាំងពីរ។ ក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត គុណ ញឹម បានស្វាគមន៍ចំពោះសំណើរសុំរបស់រដ្ឋបាលគយឡាវ ដើម្បីធ្វើទស្សនកិច្ចការងារនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងគោលបំណងសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ពាក់ព័ន្ធនឹងការអនុវត្តប្រព័ន្ធ ASYCUDA និងការងារបច្ចេកទេសគយ។ ទន្ទឹមនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយលោក Lee Chul-Hun អនុប្រធានការិយាល័យទំនាក់ទំនងស៊ើបការសម្ងាត់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបន្តពង្រឹងកិច្ចសហការរវាងភាគីទាំងពីរជាពិសេសលើការងារកសាងសមត្ថភាពសម្រាប់មន្ត្រីគយ និងរដ្ឋាករកម្ពុជា និងការចែករំលែកព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងបទល្មើសគយឆ្លងដែន ព្រមទាំងបានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន NUCTEC ដឹកនាំដោយលោកសាស្ត្រាចារ្យ Miao Qitian អនុប្រធាននាយកប្រតិបត្តិក្រុមហ៊ុន NUCTEC លើការងារពាក់ព័ន្ធនឹងការងារថែទាំងម៉ាស៊ីនស្កែនកុងតែន័រ។ សូមបញ្ជាក់ថា ក្រុមហ៊ុន NUCTEC គឺជាក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់ម៉ាស៊ីនស្កែនកុងតែន័រប្រភេទ MT1213LT ដែលរដ្ឋាភិបាលចិនបានផ្តល់ចំនួន៨គ្រឿងដល់កម្ពុជា ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណង។
ចែករំលែកព័តមាននេះ