ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​តា​ល់​ឧបត្ថម្ភ​ដល់​កម្មវិធី «​ឈាម​ខ្ញុំ បេះដូង​ខ្ញុំ ជាតិ​ខ្ញុំ​» នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ

8 ឆ្នាំ មុន

និស្សិត​ប្រមាណ​៥០០​នាក់ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ក្រោម​ការ​សហការ​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន វី​តា​ល់ បាន​ប្រារព្ធ​ពិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ប្រចាំឆ្នាំ

និស្សិត​ប្រមាណ​៥០០​នាក់ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ក្រោម​ការ​សហការ​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន វី​តា​ល់ បាន​ប្រារព្ធ​ពិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ប្រចាំឆ្នាំ ក្រោម​ប្រធានបទ «​ឈាម​ខ្ញុំ បេះដូង​ខ្ញុំ ជាតិ​ខ្ញុំ​» ដែល​នឹង​ប្រារព្ធ​ឡើង​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៨ មីនា ២០១៦ នៅ​ក្នុង​សាល​ដំបូលទូក​នៃ​សកល​វិទ្យាល័យ​។

កម្មវិធី​បរិច្ចាគ​ឈាម​លើក​នេះ បាន​ប្រព្រឹត្ត​ទៅ​អម​ជាមួយនឹង​ការ​សម្តែង​សិល្បៈ​របស់​ក្រុម​និស្សិត ដើម្បី​ញ៉ាំង​កម្មវិធី​ឲ្យ​មាន​ភាព​រីករាយ​ព្រមទាំង​ការ​លើកទឹកចិត្ត​ចំពោះ​អ្នក​ផ្តល់​ឈាម​ឲ្យ​មាន​ចំនួន​កាន់តែ​ច្រើន​កុះករ​ផង​ដែរ​។ ឈ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក នៅ សុ​ណ្ណា​រិ​ទ្ធ ជា​តំណាង​លោក ជេ​ត ជាលី សកលវិទ្យា​ធិ​ការ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ក្រុម​ចលនា​យុវជន​កម្ពុជា ក៏​ដូច​ជា​ក្រុមហ៊ុន​វី​តា​ល់​ដែល​បាន​ចូលរួម​ចំណែក ក្នុង​ការ​រៀបចំ​កម្មវិធី​សប្បុរស​នេះ​ឡើង​ម្តងទៀត​ក្នុង​បរិ​យា​ណ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ហើយ​លោកស្រី​ពិតជា​មានចិត្ត​សប្បាយ​រីករាយ​នៅ​ពេល​ដែល​ឃើញ​ប្អូន​ៗ​និស្សិត​យ៉ាងច្រើន​កុះករ  មាន​សណ្តាន​ចិត្តសប្បុរស​ក្នុង​ការ​បរិច្ចាគ​ឈាម ដែល​ទ​ង្វើ​រ​បាន​បង្ហាញ​យ៉ាង​ច្បាស់ នូវ​ឆន្ទៈ​សាមគ្គីភាព​របស់​យុវជន​ខ្មែរ​ជំនាន់​ថ្មី​។

សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​គឺ​តែងតែ​ឈរ​នៅ​លំដាប់​ទី​១ ក្នុង​នាម​ជា​ស្ថាប័ន​ដែល​មាន​ចំនួន​អ្នក​ផ្តល់​ឈាម​ច្រើន​ជាងគេ​សម្រាប់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ប្រចាំឆ្នាំ​។ កម្មវិធី​លើក​នេះ​ក៏​ដូច​គ្នា យើង​សង្ឃឹមថា សកលវិទ្យា​ល​ភូមិន្ទ​ភ្នំពេញ​នៅ​តែ​រក្សា​តំណែង​របស់​ខ្លួន​បាន​យ៉ាង​ល្អ​។ នេះ​ជា​លើក​ទី​៧ ហើយ​ដែល​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ក្នុង​ការ​ចុះ​ទៅ​ទទួលយក​អំណោយ​ឈាម​សប្បុរស​ពី​សិស្ស​និស្សិត​មក​ពី​គ្រប់​ដេ​ប៉ា​តា​ម៉​ង់ ហើយ​កម្មវិធី​លើក​នេះ​ក៏​រំពឹង​ថា នឹង​ទទួល​បាន​កំណត់​ត្រា​ថ្មី ដោយ​អាច​ទទួល​បាន​ឈាម​១០០០​ប្លោក ដើម្បី​ប្រគល់​ជូន​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ក្នុង​ការ​យក​ទៅ​ផ្គត់ផ្គង់​ដល់​កង្វះខាត​ឈាម​ទូ​ទាំង​ប្រទេស​។ ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​មិនមែន​ជា​និស្សិត​សកល​វិទ្យាល័យ​ក៏​ត្រូវ​បាន​ស្វាគមន៍ និង​លើកទឹកចិត្ត​ឲ្យ​មក​ចូលរួម​ផ្តល់​ឈាម​ផង​ដែរ​។

លោក​វេជ្ជបណ្ឌិត ហុ​ក គឹ​ម​ចេ​ង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ធ្វើការ​ថ្លែងអំណរគុណ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក៏​ដូច​ជា​សាកលវិទ្យាល័យ​ជាតិ និង​ឯកជន​ដទៃ​ទៀត ដែល​បាន​ធ្វើការ​បរិច្ចាគ​ឈាម​យ៉ាងច្រើន​កុះករ​ជូន​ដល់​មជ្ឈមណ្ឌល​ក្នុង​កំឡុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។ លោក​វេជ្ជបណ្ឌិត មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​បរិច្ចាគ​ឈាម គឺ​ការ​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ ផ្ទុយ​វិញ វា​ជា​សកម្មភាព អាច​គឺ​អាច​ធ្វើ​ឲ្យ​យើង​ក្លាយជា​វីរបុរស​ម្នាក់​ដែល​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ដល់​ទៅ​៣​នាក់ ក្នុង​ឈាម​ដែល​បូម​បាន​មួយ​ប្លោក​។ លោក​វេជ្ជបណ្ឌិត ក៏​បាន​រំលឹក​ដល់​និស្សិត​ទាំងឡាយ​ឲ្យ​ពិសា​ទឹក​ឲ្យ​បាន​ច្រើន បន្ទាប់​ពី​ពួក​គេ​បាន​បរិច្ចាគ​ឈាម​រួច​លោក​ថា ទឹក​វី​តា​ល់ គឺជា​ទឹក​ពិសា​ដែល​មានគុណ​ភាព​ខ្ពស់​ដែល​ស័ក្តិសម​បំផុត​ការ​បន្ថែម​ជាតិ​ទឹក​សម្រាប់​រាង​កាយ ដើម្បី​ជំនួយ​ដល់​ការ​ផលិត​គ្រាប់​ឈាម​ឡើង​វិញ​របស់​រាង​កាយ​។

លោក អ៊ុំ វណ្ណៈ មន្ត្រី​ទំនាក់ទំនង​សាធារណៈ​ក៏​ជា​តំណាង​ក្រុមហ៊ុន វី​តា​ល់ បាន​និយាយ​ថា ការ​ឧបត្ថម្ភ​ថ្ងៃនេះ អាច​ធ្វើ​ទៅ​បាន​ដោយ​មានការ ចូលរួម​ពី​អតិថិជន​របស់​វី​តា​ល់ ក៏​ដូច​ជា​ប្អូន​ៗ​ទាំងអស់​ដែល​បាន​គាំទ្រ​ដល់​ផលិតផល​គុណភាព​ខ្ពស់​របស់​ជាតិ​យើង និង​ការ​គាំទ្រ​របស់​អ្នក​ទាំងអស់​គ្នា​បាន​ធ្វើ​ឲ្យ​មូលនិធិ​២៥៛ របស់​យើង​កាន់តែ​រីក​ធំ ទើប​អាច​ឲ្យ​វី​តា​ល់​មាន​លទ្ធភាព​ឧបត្ថម្ភ និង​គាំទ្រ​ដល់​កម្មវិធី​មនុស្សធម៌​នានា យ៉ាង​សកម្ម​ដូច​សព្វ​ថ្ងៃនេះ​។

ទាក់ទង​នឹង​ការ​ឧបត្ថម្ភ​គាំទ្រ​នេះ​ផង​ដែរ​លោក ជុង ហៀ​ង ថាវ​សិទ្ធ នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​វី​អិន​ស៊ី​ខ​ប​ភើ​រេ​សិន វី​តា​ល់ បាន​មាន​ប្រសាសន៍​ថា វី​តា​ល់ បាន​សហការ និង​ឧបត្ថម្ភ​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ជា​ច្រើន​ឆ្នាំ​មក​ហើយ ព្រោះ​វី​តា​ល់ គឺជា​ក្រុមហ៊ុន​ដែល​ឲ្យ​តម្លៃ​លើ​អំពើ​សប្បុរសធម៌ ជា​ពិសេស​នៃ​ការ​បរិច្ចាគ​ឈាម ព្រោះ​មក​ទល់​នឹង​សម័យនេះ បើ​ទោះជា​វិ​ជ្ជ​សាស្ត្រ​មានការ​រីក​ចម្រើន​ខ្លាំង​យ៉ាងណា​ក៏​ដោយ ក៏​យើង​មិន​អាច​ផលិត​គ្រាប់​ឈាម ដើម្បី​ប្រើប្រាស់​នៅឡើយ ដូច្នេះ​ហើយ​មាន​មនុស្ស​ច្រើន​នាក់ បាន​នឹង​កំពុង​រង់ចាំ​អំណោយ​ឈាម​របស់​យើង​។

ក្រុម​ហ៊ុម វី​តា​ល់ ត្រូវ​បាន​មើលឃើញ​ថា បាន​និង​កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កម្ម​សប្បុរសធម៌​នានា ក្នុង​សង្គម​ដែល​ថ្មី​នេះ ទាំង​ការ​ផ្តល់​ជំនួយ និង​ថវិកា​ដល់​ស្ថាប័ន​សង្គម​មួយ​ចំនួន និង​ចំពោះ​បុគ្គល​គំរូ និង​ខ្វះខាត​ក្នុង​សង្គម​ផង​ដែរ​។ វី​តា​ល់​ពិតជា​រីករាយ​នៅ​ពេល​ដែល​ឃើញ ការ​សន្ទុះ​នៃ​ការ​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​ក្នុង​សង្គម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ជា​ពិសេស​ប្អូន​ៗ​និស្សិត ដូច្នេះ​ហើយ វី​តា​ល់ បេ្ត​ជ្ញា​ថា នឹង​នៅ​តែ​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​កម្មវិធី​សប្បុរសធម៌​គ្រប់​រូបភាព​បន្ថែម​ទៀត ដើម្បី​ជា​សក្ខីភាព​នៃ​ការ​ចូលរួម​របស់​អតិថិជន​វី​តា​ល់​ក្នុង​មូលនិធិ ២៥៛ ពី​ការ​លក់​ទឹក​មួយ​ដប​។