រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហាញនូវបំណងចង់ឲ្យមានកិច្ចសហប្រតិបត្តិការទទួលបទពិសោធន៍ផ្នែកនីតិកម្មពីសាធារណរដ្ឋកូរ៉េ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ( IT ) ។ ការបង្ហាញនូវបំណងនោះធ្វើឡើងក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី សុខ អាន ជាមួយរដ្ឋមន្ត្រីក្រសួងនីតិកម្មនៃសាធារណរដ្ឋកូរ៉េ ទទួលជំនួបពិភាក្សាការងារជាមួយលោក ជុង ប៊ូ (Jeong –Boo ) រដ្ឋមន្ត្រីក្រសួងនីតិកម្មនៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៧ មីនា នៅវិមានសន្តិភាព ។
លោក សុខ អាន បានថ្លែងឲ្យដឹងថា ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ត្រីបានដើរតួនាទីសំខាន់នៅក្នុងការជួយពិនិត្យឡើងវិញនូវពង្រាងច្បាប់បទដ្ឋានគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនោះ ដោយសារតែសាធារណរដ្ឋកូរ៉េត្រូវបានចាត់ទុកជាប្រទេសដែលពូកែខាងបច្ចេកវិទ្យាព័ត៌មានវិទ្យានោះ គ្រាដែលបច្ចុប្បន្នវិស័យព័ត៌មានវិទ្យាអាចជួយសម្រួលការងារផ្នែកនីតិកម្មខាងផ្លូវច្បាប់នោះ កម្ពុជាចង់សិក្សានឹងទទួលបទពិសោធន៍ពីសាធារណរដ្ឋកូរ៉េទាក់ទងកិច្ចការខាងលើ ដើម្បីឱ្យកម្ពុជាមានការរីកចម្រើនផ្នែកគតិយុត្តតាមរយៈការប្រើប្រាស់ព័ត៌មានវិទ្យា។
លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើសុំឱ្យមានក្រុមការងារប្រទេសទាំងពីរ ដើម្បីធ្វើការជាមួយទីភ្នាក់ងារ KOICA របស់កូរ៉េ ដែលមានវត្តមាននៅកម្ពុជា ដើម្បីឱ្យផ្នែកនីតិកម្មរបស់សាធារណរដ្ឋកូរ៉េ អាចធ្វើសហប្រតិបត្តិការតាមរយៈប្រព័ន្ធព័ត៌មានវិទ្យាជាមួយក្រុមប្រឹក្សាអ្នកច្បាប់កម្ពុជានៃទីស្ដីការគណៈរដ្ឋមន្ត្រី ។
នៅក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សាផងដែរ លើកិច្ចសហប្រតិបត្តិការ វិស័យផ្សេងៗមួយចំនួនទៀត សំខាន់ការនាំផ្លែស្វាយពីកម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េ ខណៈដែលភាគកូរ៉េក៏បានអះអាង និងជួយសម្រួលដល់ការនាំចេញផ្លែស្វាយរបស់កម្ពុជាទៅកាន់កូរ៉េ នាពេលខាងមុខនេះផងដែរ ៕
ចែករំលែកព័តមាននេះ