ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ពាក់ព័ន្ធករណីក្លិបខារ៉ាអូខេបង្កប់ក្នុងស្ថានីយប្រេងឥន្ធនៈ ត្រូវបានបុរសម្នាក់ដែលអះអាងថា «ខ្លួនជាម្ចាស់ហាងខារ៉ាអូខេ» បានមានប្រតិកម្មនៅរសៀលថ្ងៃទី១៨ មីនា នេះ ដោយបានឆ្លើយតបថា ក្លិបខារ៉ាអូខេរបស់ខ្លួន គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលចេញដោយមន្ទីរទេសចរណ៍ខេត្ត ។ ជុំវិញរឿង បង្កប់ខ្លួនក្នុងស្ថានីយប្រេងឥន្ធនៈ ទាក់ទាញយុវសិស្សគូស្នេហ៍
បុរសខាងលើអះអាងទៀតថា ចំពោះភ្ញៀវដែលចូលមកច្រៀងខារ៉ាអូខេ ក៏មិនមានការប្រើប្រាស់ថ្នាំញៀនដែរ ។ បុរសរូបនេះបានបញ្ជាក់ថា ខារ៉ាអូខេរបស់ខ្លួន គឺមានភ្ញៀវគ្រប់លំដាប់ថ្នាក់ចូលច្រៀង មានទាំងភ្ញៀវជាលក្ខណៈគ្រួសារផង មិនមែនបើកទទួលតែភ្ញៀវសិស្សសាលានោះឡើយ ។
មិនតែប៉ុណ្ណោះ នៅតាមច្រកចេញចូលក្លិបខារ៉ាអូខេ ក៏មានបំពាក់កាមេរ៉ាសុវត្ថិភាពដែរ ដូច្នេះ បើសមត្ថកិច្ច ឬអ្នកសារព័ត៌មានចង់ចុះមកពិនិត្យ ថាតើមានភ្ញៀវប្រភេទណាខ្លះចេញ-ចូល អាចឆែកកាមេរ៉ាមើលបានគ្រប់ពេល ព្រោះទីតាំងខារ៉ាអូខេរបស់ខ្លួន មិនមានអ្វីដែលជាអាថ៌កំបាំង ដូចការចោទប្រកាន់នោះឡើយ ។
ចែករំលែកព័តមាននេះ