រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិលនិងមន្ត្រីជាប់កិច្ចសន្យា ដែលគណៈរដ្ឋមន្ត្រីទើបអនុម័តនៅព្រឹកថ្ងៃទី១៨ មីនា ២០១៦នេះ បានកំណត់ឲ្យមន្ត្រីរាជការត្រូវបម្រើការងារជូនរដ្ឋ៤០ម៉ោងក្នុងមួយសប្តាហ៍។
បើតាមអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានបញ្ជាក់នៅលើ Facebook ទៀតថា អនុក្រឹត្យស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា រៀបចំឡើងក្នុងគោលដៅបង្កើនការចូលរួមឲ្យបានពេញលេញក្នុងការបំពេញការងារ ការលើកកម្ពស់ផលិតភាពការងាររបស់បុគ្គលនិងអង្គភាព ដោយអនុញ្ញាតឲ្យក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អាចកំណត់ពេលវេលាបម្រើការងារ រយៈពេលបម្រើការងារក្នុងមួយថ្ងៃ និងទីកន្លែងបម្រើការរងាររបស់មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួង ស្ថាប័នរបស់ខ្លួនអោយមានលក្ខណៈបត់បែនស្របតាមស្ថានភាពជាកស្តែង។ មន្ត្រីរាជការស៊ីវិលនិងមន្ត្រី ជាប់កិច្ចសន្យា អវត្តមានគ្មានការអនុញ្ញាតត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មវិន័យ ដោយការអនុវត្តទណ្ឌកម្មវិន័យចំពោះអវត្តមានទាំងនោះ មាននីតិវិធីងាយស្រួល និងឆាប់រហ័សដោយផ្តល់សិទ្ធអំណាចនិង ការទទួលខុសត្រូវដល់ប្រធានអង្គភាពគ្រប់គ្រងផ្ទាល់ក្នុងការគ្រប់គ្រង វត្តមានមន្ត្រី និងចាត់វិធានការអនុវត្តទណ្ឌកម្មវិន័យចំពោះអវត្តមានដែលចាប់ពីការស្តីបន្ទោសរហូតដល់លុបឈ្មោះចេញពីក្របខណ្ឌដោយឆ្លងកាត់ ក្រុមប្រឹក្សាវិន័យ ។ ដើម្បីអនុវត្តគោលការណ៍ឲ្យមានប្រសិទ្ធភាព អង្គភាពនានានៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរៀបចំតារាងកំណត់ពេលវេលាបម្រើសេវាសាធារណៈរបស់ខ្លួនជូនមន្ត្រីរាជការស៊ីវិលម្នាក់ៗអោយបានច្បាស់លាស់ មានលក្ខណៈបត់បែនបាន ឆ្លើយតបនឹងនិរន្តភាពសេវាសាធារណៈរបស់អង្គភាព គិតគូរពីស្ថានភាពនៃជីវភាពរស់នៅនៃមន្ត្រីរាជការម្នាក់ៗ គោលការណ៍បំពេញការងារជូនរដ្ឋអោយបាន៤០ម៉ោងក្នុងមួយសប្តាហ៍ និងលទ្ធផលការងារប្រៀបធៀបនឹងពេលវេលាជាដើម។
ជាមួយគ្នានេះ សេចក្តីព្រាងអនុក្រឹត្យ បានតម្រូវឲ្យមានការរៀបចំបញ្ជីវត្តមាន និងឯកសារពាក់ព័ន្ធឲ្យបានត្រឹមត្រូវ និងបង្កើតឲ្យមានយន្តការតាមដានត្រួតពិនិត្យ ដោយមិនជូនដំណឹងជាមុនទាំងពេលវេលានិងទីកន្លែង ។ បើតាមអនុក្រឹត្យនេះ មន្ត្រីរាជការទាំងឡាយណាដែលកំពុងបម្រើការងារឲ្យវិស័យឯកជន ត្រូវសម្រេចចិត្តជ្រើសរើសកន្លែងការងារមួយច្បាស់លាស់ ព្រោះមិនអាចគ្រាន់តែទៅបង្ហាញមុខ ឬចុះវត្តមានត្រឡប់មកផ្ទះ ឬទៅបម្រើការងារកន្លែងផ្សេងបានទេ ៕
ចែករំលែកព័តមាននេះ