ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2016 វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​កោះ​ពេជ្រ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2016 បាន​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​ទីវាល​កោះ​ពេជ្រ​កាលពី​ថ្ងៃ​ទី ១៣ មីនា ២០១៦ ដោយ​មានការ​ចូលរួម​ពី​ទស្សនិកជន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2016 បាន​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​ទីវាល​កោះ​ពេជ្រ​កាលពី​ថ្ងៃ​ទី ១៣ មីនា ២០១៦ ដោយ​មានការ​ចូលរួម​ពី​ទស្សនិកជន អ្នកគាំទ្រ​បាល់ទាត់​រាប់​ពាន់​នាក់ ។

បន្ទាប់​ពី​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រវាង​៩៦​ក្រុម​មក​ពី​រាជធានី​ភ្នំពេញ​ដើម្បី​ដណ្ដើម​កៅអី​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ ការ​ប្រកួត​បាន​ជម្រុះ​យក​តែ​៣២​ក្រុម​មក​ពី​មណ្ឌល​សៀមរាប បាត់ដំបង កំពង់ចាម ព្រះ​សីហ​នុ និង​ភ្នំពេញ មក​ប្រកួត​ដណ្ដើម​ពានរង្វាន់​ក្នុង​ក្របខ័ណ្ឌ​Tiger Street Football Festival 2016​។ សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ក៏​មាន​កីឡាករ​ល្បី​លំដាប់​អន្តរជាតិ​ពីរ​រូប​គឺ​Melody Donchet និង​Moss Wassim ម្ចាស់​ជើងឯក​លំដាប់​ពិភពលោក​នៃ​កីឡា​ហ្វុ​ត​សាល​អន្តរជាតិ​មក​ពី​ប្រទេស​បារាំង បាន​បញ្ចេញ​សមត្ថភាព និង​ទេព​កោសល្យ​ដ៏​អស្ចារ្យ​នៅ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ ។

ក្រៅពី​សកម្មភាព​ប្រកួត​បាល់ទាត់​គួរ​ឱ្យរំភើប​រីករាយ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក៏​បាន​ផ្ដល់​ជូន​ការ​កម្សាន្ត​ដ៏​រីករាយ​ជា​ច្រើន​ទៀត​ដូច​ជា ការ​បង្ហាញ​សមត្ថភាព​ផ្សេង​ៗ និង​មាន​ក្រុម​នារី​រាំ​ដ៏​ស្រស់​ស្អាត កម្មវិធី​ល្បែង​កម្សាន្ត Tiger Beer Garden ការ​តាំង​លក់ផលិតផល ការ​ប្រគំ​តន្ត្រី​ពេល​រាត្រី​ដែល​ចូលរួម​ដោយ​តារា​ល្បី​ៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ទៀត​ផង ។

ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Tiger Street Football Festival 2016 ក្រុម​ម្ចាស់​ជើងឯក​នឹង​ទទួល​បាន​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ជើងឯក​រង​ទទួល​បាន​៥​ពាន់​ដុល្លារ​អា​មេ​រិ​ក ចំណែកឯ​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​២.៥០០​ដុល្លារ​អា​មេ​រិ​ក និង​ក្រុម​លេខ​៤​ទទួល​បាន​១​ពាន់​ដុល្លារ​អា​មេ​រិ​ក ។

គួរ​បញ្ជាក់​ថា រដូវ​កាល​ទី​បួន​នៃ​កម្មវិធី Tiger Street Football Festival 2016 បាន​បង្ហាញ​ឱ្យ​ឃើញ​ជា​ថ្មី​ម្ដងទៀត​ថា វា​ជា​ការ​ប្រកួត​កីឡា​ហ្វុ​ត​សាល​ធំ​បំផុត​នៅ​កម្ពុជា តាម​រយៈ​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ទស្សនិកជន​រាប់​ពាន់​នាក់​មក​ចូល​ទស្សនា​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​គួរ​ឱ្យ​កត់សម្គាល់ ៕