រាជធានីភ្នំពេញ ៖ តាមការអញ្ជើញរបស់លោក លី ខឺឈាង ( Li Keqiang ) នាយករដ្ឋមន្ត្រីចិន និងលោក ហ្ស៊ូ វេនហ្ស៊ុង(Zhou Wenzhong) អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី១ និងសន្និសីទប្រចាំឆ្នាំ២០១៦ នៃវេទិកាបូអាវសម្រាប់អាស៊ី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២ដល់ថ្ងៃទី២៤ មីនា ២០១៦ នៅទីក្រុងសានយ៉ា និងទីក្រុងបូអាវ ក្នុងខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៧ មីនា បានបញ្ជាក់ឲ្យដឹងទៀតថា អំឡុងពេលនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី១នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងថ្លែងសុន្ទរកថាក្រោមប្រធានបទ “ការចែករំលែងទន្លេ-ការចែករំលែកអនាគត” និងរួមជាមួយប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសមេគង្គនិងចិន អនុម័តលើឯកសារចំនួន០៣រួមមាន៖
០១-សេចក្តីថ្លែងការណ៍ទីក្រុងសានយ៉ា នៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី១។
០២-សេចក្តីប្រកាសរួម ស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្មនៃបណ្តាប្រទេសមេគង្គ-ឡានឆាង ។
០៣-គម្រោងឆាប់ទទួលបានភ្លាមៗនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ។
សេចក្តីជូនព័ត៌មានដដែលបានបន្ថែមទៀតថា នៅថ្ងៃទី២៤ មីនា ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថានៅក្នុងពិធីបើកវេទិកាពេញអង្គរបស់សន្និសីទប្រចាំឆ្នាំ ២០១៦ នៃវេទិកាសម្រាប់អាស៊ីក្រោមប្រធានបទ “អនាគតថ្មីរបស់អាស៊ី៖ កម្លាំងចលករថ្មីនិងចក្ខុវិស័យថ្មី” ។
ក្រៅពីនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក លី ខឹ ឈាង នាយករដ្ឋមន្ត្រីចិន និងលោក អារកាឌី ដ្វូរកូវីច (Arkady Dvokovich) ឧបនាយករដ្ឋមន្ត្រីសហព័ន្ឋរុស្ស៊ី ។
វេទិកាបូអាវសម្រាប់អាស៊ី គឺជាវេទិកាសំខាន់បំផុតសម្រាប់ទ្វីបអាស៊ី ពីព្រោះចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០០១មក វេទិកានេះបានដើរតួយ៉ាងសកម្មក្នុងការរៀបចំវេទិកាសន្ទនាសម្រាប់វិស័យសាធារណៈ ឯកជន និងបណ្ឌិតសភា ដើម្បីពិភាក្សានិងផ្លាស់ប្តូរទស្សនៈក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច សង្គម បរិស្ថាន និងបញ្ហាបន្ទាន់ផ្សេងៗទៀត ៕
ចែករំលែកព័តមាននេះ