ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១៦ មីនា ២០១៦ នេះ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូខេត្ត និងក្រុមជាងទៅធ្វើការពិនិត្យ និងកំណត់ទីកន្លែងដាក់នូវកៅអីមានដំបូល ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលបានទៅទទួលសេវាព្យាបាលសម្រាកឱ្យបានសមរម្យ ដោយមន្ទីរពេទ្យគន្ធបុប្ផាទី៣ គឺស្ថិតនៅជាប់ដងផ្លូវទៅអង្គរ ដែលជាផ្លូវមួយដ៏សំខាន់ សម្រាប់ភ្ញៀវទេសចរ ធ្វើដំណើរឆ្លងកាត់ទៅទស្សនាកម្សាន្ត ក្នុងតំបន់រមណីយដ្ឋានអង្គរ និងជួយកាត់បន្ថយនូវការកកស្ទះ ។
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងអាជ្ញាធរខេត្តសៀមរាប ដើម្បីជួយសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ មកពីទីជិតទីឆ្ងាយតាមបណ្តាខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា នាំកូនតូចៗ អ្នកមានផ្ទៃពោះមកពិនិត្យ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ ជ័យវរ្ម័នទី៧(ខេត្តសៀមរាប) ។
ក្នុងមួយថ្ងៃៗ មានកុមាររាប់ពាន់នាក់ បានចូលមកសម្រាកព្យាបាលជំងឺ ហើយកុមារទាំងនោះ ភាគច្រើនជាកូនប្រជាពលរដ្ឋក្រីក្រ មកពីតំបន់ជនបទ ដែលតែងតែមានឪពុកម្តាយ បងប្អូនមកកំដរ និងរង់ចាំនៅខាងក្រៅមុខមន្ទីរពេទ្យ នៅពេលមានភ្លៀងម្តងៗ អ្នករង់ចាំទាំងនេះ ពិបាកក្នុងការរកកន្លែងជ្រោកណាស់ ។
លោកវេជ្ជបណ្ឌិត យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣បានបញ្ជាក់ឱ្យដឹងថា កុមារដែលមកពិនិត្យជំងឺរៀងរាល់ថ្ងៃ ជាមធ្យមពី១ពាន់នាក់ ទៅ១ពាន់៥០០នាក់ និងចាក់វ៉ាក់សាំង ជាមធ្យម៥០០នាក់ ក្នុងមួយថ្ងៃ និងចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ មាន ២១៨នាក់ បើគិតជាមធ្យមមានពី១៥០នាក់ ទៅ២០០នាក់ ។ ចំពោះស្ត្រីមានផ្ទៃពោះ ដែលមកទទួលសេវាពិគ្រោះ និងសម្រាលកូននៅក្នុងមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ ជាមធ្យមមាន៥៦០នាក់ ហើយមន្ទីរពេទ្យ បានផ្តល់សេវាសម្រាលកូនជាមធ្យមក្នុង១ថ្ងៃ ៧៥ កំណើត និងមាតាសម្រាករង់ចាំការសម្រាល និងសម្រាលកូនរួចក្នុង១ថ្ងៃប្រមាណជិត២០៩នាក់ ដែលសម្រាកនៅក្នុងមន្ទីរពេទ្យ ។
លោកបន្តថា ការផ្តល់សេវាសម្រាលកូនរបស់ផ្នែកសម្ភពនៃមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ គឺមានលទ្ធភាពជួយសម្រាលកូន ក្នុងពេលតែមួយបាន៨នាក់ ក៏ប៉ុន្តែទោះជាយ៉ាងណា លទ្ធភាពបច្ចុប្បន្ននេះ វាពុំទាន់ឆ្លើយតបបានទេ ទៅនឹងតម្រូវការនៃកំណើនមាតា ដែលមកទទួលសេវាសម្រាលកូននៅមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ ហើយលោកក៏បានឱ្យដឹងបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ មន្ទីរពេទ្យបានសាងសង់រួចរាល់ហើយ អគារសម្ភពមួយថ្មី និងផ្សេងទៀត ។
លោកបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំដល់ក្រុមជាង ដែលបានធ្វើការវាស់វែងកំណត់ទីតាំង ត្រូវធ្វើយ៉ាងណាឱ្យមានភាពងាយស្រួលដល់បងប្អូនក្នុងការចូលមកអង្គុយរង់ចាំ សំខាន់ចំពោះបងប្អូនស្ត្រីមានផ្ទៃពោះ ដែលមកពិនិត្យផ្ទៃពោះ និងអ្នកគ្រប់ខែមកសម្រាលកូននៅមន្ទីរ ។
លោកបណ្ឌិតក៏បានធ្វើការក្រើនរំលឹកដល់ក្រុមជាងស្ថាបនាធ្វើកៅអីមានប្រក់ដំបូល ដើម្បីបង្កភាពស្រួលដល់ពួកគាត់ មានកន្លែងជ្រកទឹកភ្លៀង និងកំដៅថ្ងៃ ក្នុងការរង់ចាំនាំកូនចៅចូលទៅពិនិត្យព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យកុមារគន្ធា បុប្ផាខេត្តសៀមរាប ហើយក៏ជាការរៀបចំសណ្តាប់ធ្នាប់សោភ័ណភាពនៅជុំវិញមន្ទីរពេទ្យឱ្យបានស្អាត ។
ចែករំលែកព័តមាននេះ