ខេត្តកំពង់ចាម ៖ បង្កាន់ដៃស្ពានគីហ្ស៊ុណា ដែលបានរងការបាក់ និងខូចខាតប្រវែង៦ម៉ែត្រ នៅប៉ែកត្រើយខាងកើតទន្លេមេគង្គ ដោយសារតែរថយន្តដឹកប្រេងបើកបុករះបន្តកន្ទុយគ្នាកន្លងទៅនោះ ត្រូវបានក្រុមវិស្វករសំណង់ជនជាតិជប៉ុននៃអង្គការ JICA ប្រចាំការនៅក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្វើការជួសជុលរួចរាល់ទៅតាមស្តង់ដារបច្ចេកទេសខ្ពស់បំផុត ។ ករណីបាក់បង្កាន់ដៃស្ពានគីហ្ស៊ុណា ៖ ឃុំខ្លួនអ្នកបើកបរ និងទារសំណងជិត៣ម៉ឺនដុល្លារ
លោកចាន់ សុមារឌី អនុប្រធានមន្ទីរសាធារណៈការខេត្តបានឱ្យដឹង កាលពីព្រឹកថ្ងៃទី១៧ មីនា នេះថា រថយន្តដឹកដំឡូងមីស្រស់១គ្រឿង ដែលអ្នកបើកបរឈ្មោះសុខ ណេង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ បើកឆ្លងស្ពានគីហ្ស៊ុណាចេញពីត្រើយខាងលិច ឆ្ពោះទៅត្រើយខាងកើត បានបានបុករះខូចខាតរថយន្តជាច្រើនគ្រឿង រួចក្រឡាប់ចាក់ដំឡូងចោល។
លោកចាន់ សុមារឌី អនុប្រធានមន្ទីរសាធារណៈការខេត្តបានប្រាប់បន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ រថយន្តដឹកដំឡូងបានបុករុញរថយន្តដឹកប្រេង១គ្រឿង ទៅបុកបាក់បង្កាន់ដៃស្ពានរងការខូចខាតចំនួន៣ប្រឡោះស្មើនឹង៦ម៉ែត្រ ព្រមទាំងវៀចដែកទីប អស់៣ដើម ខូចរបាំងដែកសុវត្ថិភាពក្បាលស្ពានប្រវែង២៤ម៉ែត្រ ដាច់ផ្ទៃកៅស៊ូក្រាលថ្នល់ ប្រេះតួស្ពានជាដើម ។ ហើយត្រូវបានមន្ទីរជំនាញរបស់លោកបានដាក់ពាក្យបណ្តឹងទៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ប្តឹងទាមទារសំណងចំនួន២៨.១០០ដុល្លារ ពីម្ចាស់រថយន្តដឹកដំឡូងមី ដែលបង្កគ្រោះថ្នាក់ចរាចរណ៏នោះ ។
បន្ទាប់មក នៅថ្ងៃទី១៤ មីនា វិស្វករជប៉ុន បានចុះមកពិនិត្យមានកម្លាំងជាង១០នាក់ ក្នុងនោះ មកពីនាយកដ្ឋានស្ពានថ្នល់ និងមានការដឹកនាំផ្ទាល់ពីលោកតូច ចាន់កុសល្យ រដ្ឋលេខាធិការក្រសួងសាធារណៈការ ដោយបានរៀបចំធ្វើការជួសជុលឡើងវិញ ចងដែក និងការលាយបេតុង ទៅតាមបច្ចេកទេសលំនាំដើមរបស់ជប៉ុនទាំងអស់ ។
លោកអនុប្រធានមន្ទីរសាធារណៈការរូបនេះបញ្ជាក់ថា ត្រង់ចំណុចតួរស្ពានដែលប្រេះនោះ ត្រូវបានដាក់កាវបង្ហូរឱ្យចូលទៅក្នុង
តួស្ពាន ក្នុងរយៈពេល២៤ ម៉ោងកាវនឹងហូរអស់ ធ្វើឲ្យបេតុងខាំជាប់គ្នាឡើង ដើម្បីជាសវាងកុំឲ្យទឹកភ្លៀងជ្រាបចូលច្រេះដែកស្ពាន ។ ហើយ នៅព្រឹកថ្ងៃទី១៦ មីនា ២០១៦ វិស្វករ ជប៉ុនរួមនឹងក្រុមអ្នកបច្ចេកទេសផ្ទាល់ បានចុះមកពិនិត្យបង្កាន់ដៃស្ពាន ដែលត្រូវបានជួសជុលរួច និងបានបង្ហូរកាវចូលទៅក្នុងតួស្ពាន ដែលប្រេះស្រាំនោះផងដែរ ។
រហូតមកដល់ថ្ងៃទី១៧ មីនា គេមិនទាន់ឃើញមុខថៅកែរថយន្តដឹកដំឡូងចេញមុខមកដោះស្រាយនៅឡើយទេ ។ ចំណែកអ្នកបើក បររថយន្តដឹកដំឡូងត្រូវបានបន្តឃុំខ្លួននូវឡើយ ៕
ចែករំលែកព័តមាននេះ