ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​រសាត់អណ្ដែត 438 ថ្ងៃ កណ្ដាល​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក

8 ឆ្នាំ មុន

ថ្ងៃ​ទី​១៧ វិច្ឆិកា ឆ្នាំ​២០១២ J.Alvarenga នៅ​ភូមិ​Costa ភាគ​ខាងត្បូង​ប្រទេស​មុ​ិ​ច​សុ​ិ​ក សម្រេចចិត្ត​ទៅ​ស្ទូចត្រី​ចុង​ស​ប្ដា​ហ៍ ។ មុន​ពេល​ចេញដំណើរ J.Alvarenga ជួល​អ្នកនេសាទ​ម្នាក់​ឈ្មោះ​Ezequiel Cordoba

ថ្ងៃ​ទី​១៧ វិច្ឆិកា ឆ្នាំ​២០១២ J.Alvarenga នៅ​ភូមិ​Costa ភាគ​ខាងត្បូង​ប្រទេស​ម៉ិច​ស៊ិ​ក សម្រេចចិត្ត​ទៅ​ស្ទូចត្រី​ចុង​ស​ប្ដា​ហ៍ ។ មុន​ពេល​ចេញដំណើរ J.Alvarenga ជួល​អ្នកនេសាទ​ម្នាក់​ឈ្មោះ​Ezequiel Cordoba ជា​ជនជាតិ​អែ​ល​សាល់​វ៉ា​ឌ័​រ អាយុ​២២​ឆ្នាំ ក្នុង​តម្លៃ​ប្រហាក់ប្រហែល​៥០​ដុល្លារ​អា​មេ​រិ​ក​ឱ្យ​ជួយ​ការងារ​ស្ទូចត្រី​របស់​ខ្លួន​ពេញ​មួយ​ថ្ងៃ ។ ទូក​នេសាទ​ដ៏​តូច​របស់​ពួក​គេ​ពេល​ចេញពី​ច្រាំង​សមុទ្រ​បាន​បន្ដិច​ស្រាប់តែ​ជួប​ព្យុះ​ធំ​កើតឡើង​ដោយ​ចៃដន្យ​ធ្វើ​ឱ្យ​ក្រឡាប់​ចាក់ចោល​អាហារ​ប្រចាំ​ថ្ងៃ និង​ទឹក​ផឹក​ចូល​សមុទ្រ​អស់រលីង​… ។ តាំងពី​ពេល​នោះ​មក គ្រួសារ​របស់​អ្នក​ទាំង​ពីរ​លែង​ទទួល​បាន​ដំណឹង​អ្វី​សូ​ម្បី​បន្ដិច​ពី​ពួក​គេ ម្ល៉ោះហើយ ម្នាក់​ៗ​គិត​ថា​អ្នក​ទាំង​ពីរ​បាត់​ខ្លួន​កណ្ដាល​ផ្ទៃមេឃ​ខ្មៅ​ងងឹត​នោះ​ទៅ​ហើយ ។

ស្រាប់តែ​១៤​ខែ​ក្រោយ នា​ថ្ងៃ​ទី​៣០ មក​រា ឆ្នាំ​២០១៤ គ្រួសារ​នេសាទ​មួយ​នៅ​ប្រជុំ​កោះ Marshall ក្នុង​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ប្រទះ J.Alvarenga ស្ថិត​ក្នុង​ស្ថានភាព​ស្ទើរ​ស្លាប់​ស្ទើរ​រស់ តោង​ទូក​តូច​អណ្ដែត​ចូល​ច្រាំង​មួយ​ដែល​នៅ​ឃ្លាត​ពី​កន្លែង​ចេញដំណើរ​ដំបូង​៩.០០០​គីឡូម៉ែត្រ ។ ក្រោយ​ព្យាបាល​ខ្លួន​មួយ​រយៈ​ក្នុង​មន្ទីរពេទ្យ Majuro នៅ​កោះ​នោះ J.Alvarenga ក៏​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ក្រោម​ការ​អបអរសាទរ​យ៉ាង​រំពង​ពី​អ្នកស្រុក ។ មិន​ត្រឹមតែ​អបអរសាទរ​ខ្ញៀវខ្ញារ​ប៉ុណ្ណោះ​ទេ គេ​នាំ​គ្នា​ផ្ដល់​រហស្សនាម​ថា «​នាយ​Robinson Crusoe សម័យ​ទំនើប​» ទៀត ។

ដំណើររឿង​របស់​លោក​J.Alvarenga «​ដ៏​ពិបាក​ជឿ តែ​មាន​ពិត​» នេះ​ល្បី​សុសសាយ​ស្ទើរ​ពេញ​ពិភពលោក​រហូត​ត្រូវ​សៀវភៅ​កំណត់​ត្រា​ពិភពលោក Guinness ចាត់​ទុក​ថា «​អ្នក​រស់​ឯកោ​កណ្ដាល​មហាសាគរ​រយៈពេល​យូរ​បំផុត​រហូត​ដល់​៤៣៨​ថ្ងៃ​» ។

ពេល​J.Alvarenga ទៅ​ប្រទេស​អែ​ល​សាល​វ៉ា​ឌ័​រ ដើម្បី​ជួប​ម្ដាយ​របស់​Cordoba អ្នកកាសែត​ឈ្មោះ Jonathan Franklin របស់​កាសែត​ប្រចាំ​ថ្ងៃ The Guardina នៅ​អា​មេ​រិ​កឡា​ទី​ន បាន​ស្កាត់​ជួប​គាត់ សុំ​សម្ភាស​គាត់​ទាល់តែ​បាន រួច​ហើយ​សរសេរ​សៀវភៅ​ពណ៌នា​ពី​ជីវិត​រង​គ្រោះ​របស់​គាត់ ដោយ​ដាក់​ចំណងជើង​ថា «៤៣៨ Days» ។

សៀវភៅ​នោះ​បោះ​ពុ​ម្ភ​ជា​២​ភាសា គឺ​ភាសា​អេ​ស្ប៉ា​ញ និង​អង់គ្លេស ដោយ​គ្រឹះស្ថាន​បោះ​ពុ​ម្ភ EL Diario De Hoy កាលពី​ចុងខែ​តុលា ២០១៥ ក្លាយជា​រឿង​ផ្សងព្រេង​លក់​ដាច់​បំផុត​ក្នុង​ឱកាស​បុណ្យ​ណូអែល​ចុងឆ្នាំ​២០១៥ និង​ដើមឆ្នាំ​២០១៦ នេះ នៅ​ទ្វីបអាមេរិក និង​អឺរ៉ុប ។ ឃើញ​សៀវភៅ​លក់ដាច់​ពេក ហើយ​J.Alvarenga ក៏​បាន​ទទួល​កម្រៃ​យ៉ាងច្រើន​តាម​ចំនួន​សៀវភៅ​លក់ដាច់​នោះ លោក​មេធាវី​របស់​គ្រួសារ​J.Alvarenga ឈ្មោះ​Danilo Barrera បន្លុយ​ពាក្យ​ទារប្រាក់​១​លាន​ដុល្លារ​អា​មេ​រិ​ក ព្រោះ​មុន​ពេល​អ្នកកាសែត​សុំ​សម្ភាស​ដើម្បី​សរសេរ​សៀវភៅ​នោះ ខ្លួន​មានគុណ​បំណាច់​ប្រាប់​របៀប​ផ្ដល់​សម្ភាសន៍​យ៉ាងណា​ឱ្យ​មាន​ក្បាល​កន្ទុយ​ជុំវិញ​គ្រោះថ្នាក់​១៤​ខែ ឯកោ​កណ្ដាល​​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ត្រូវ​ស៊ី​ត្រី​ឆៅ​ជា​អាហារ និង​ហុតឈាម​ត្រី​ជំនួស​ទឹក ដើម្បី​រក្សា​ជីវិត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ បើ​កុំ​តែ​បាន​ខ្លួន​បង្រៀន​របៀប​និយាយ​ឱ្យ​គេ​ស្រួល​ស្ដាប់ ងាយ​សរសេរ​ចេញ​ជា​សៀវភៅ​ទេ សៀវភៅ​នោះ​ក៏​មិន​មាន​ខ្លឹមសារ​ល្អ​លក់ដាច់ ម្លឹ​ង​ៗ​ដែរ ។

ខណៈ J.Alvarenga កំពុង​ខ្វាយខ្វល់​ចំពោះ​ការ​គម្រាម​របស់​មេធាវី​ប្រចាំ​គ្រួសារ​ខ្លួន ស្រាប់តែ​មុន​ថ្ងៃ​បុណ្យ​ណូអែល​ចុងឆ្នាំ​២០១៥ សាច់ញាតិ​របស់​Ezequiel Cordoba អ្នក​ដែល​ខ្លួន​ជួល​ឱ្យ​ជួយ​ការងារ​ពេល​ទៅ​ស្ទូចត្រី​កម្សាន្ដ​នោះ ដាក់​បណ្ដឹង​ឡើង​តុលាការ​កំពូល​ប្រទេស​អែ​ល​សាល់​វ៉ា​ឌ័​រ ទារជំងឺចិត្ត​ចំនួន​១​លាន​ដុល្លារ​អា​មេ​រិ​ក​ដែរ ដោយ​ចោទ​J.Alvarenga ថា​គ្មាន​ក្ដី​មេត្ដា ដាច់​ចិត្ត​ស៊ីសាច់​មិត្ត​រួម​ដំណើរ​ទើប​អាច​ទ្រាំរ​ស់បាន​យូរ​ដល់​ម្ល៉ឹ​ង​នៅ​កណ្ដាល​មហាសាគរ ។

យោង​លើ​ការ​ពណ៌នា​ក្នុង​សៀវភៅ «៤៣៨ Day» ថា ក្រោយ​ពី​នាំ​គ្នា​បាចទឹក​ទូក​បាន​ជិះ​វិញ​បន្ទាប់​ពី​ស្ងប់​ព្យុះ​នោះ ៤​ថ្ងៃក្រោយ Cordoba ក៏​ស្លាប់​បាត់បង់​ជីវិត ព្រោះ​គេ​មិន​អាច «​ស៊ី​ត្រី​ឆៅ និង​ផឹក​ឈាម​ត្រី​» ដូច​J.Alarsenga​បាន ។ មុន​ពេល​ស្លាប់ Cordoba និយាយ ខ្សាវ​ៗ​ផ្ដាំផ្ញើ​ច្រើន​រឿង ក្នុង​នោះ​សុំ​ឱ្យ​J.Alvarenga បើ​នៅ​រស់​សូម​ទៅ​ជួប​សួរសុខទុក្ខ​ម្ដាយ​ជរា​របស់​ខ្លួន​នៅ​ប្រទេស​អែ​ល​សាល់​វ៉ា​ឌ័​រ និង​កុំ​ស៊ី​សាច់​ខ្លួន​ឱ្យ​សោះ ។ ដោយ​មាន​ឃ្លា​នេះ ទើប​សាច់ញាតិ​របស់​Cordoba នាំ​គ្នា​សន្និដ្ឋាន​ទៅ​J.Alvarenga ​ពិតជា​ស៊ី​សាច់​Cordoba ទើប​អាច​រស់នៅ​បាន​យូរ​ដល់​ម្ល៉ឹ​ង មិនមែន​រស់​ដោយសារ​សី​ុ​ត្រី​ឆៅ និង​ផឹក​ឈាម​ត្រី​ជំនួស​ទឹកតែ​មួយ​មុខ​ទេ ។

ចំពោះ​បណ្ដឹង​ទាំងនេះ លោក​មេធាវី Ricardo Cucalon ដែល​ស្ម័គ្រចិត្ត​ការពារ​ក្ដី​ឱ្យ​J.Alvarenga និយាយ​ប្រាប់​អ្នកកាសែត​ថា «​ប្រសិនបើ​តុលា​កាត់ក្ដី​ឱ្យ​ដើមបណ្ដឹង​ឈ្នះ​មែន​នោះ កូនក្ដី​របស់ខ្ញុំ​ទោះ​លក់​អស់​កេរអាករ​ដែល​ម្ដាយ​ឪពុក​ចែក​ឱ្យ និង​មូលដ្ឋាន​អាជីវកម្ម​ដែល​កំពុង​ដំណើរការ​សព្វថ្ងៃ​ទៀត យ៉ាងច្រើន​សង​បាន​ត្រឹម​១​ភាគ​១០​នៃ​ចំនួន​ទឹកប្រាក់​ដែល​គេ​ទាមទារ​ប៉ុណ្ណោះ​» ។

ចំណែក​បណ្ដឹង​របស់​សាច់ញាតិ Cordoba ខាង​ប្រទេស​អែ​ល​សាល់​វ៉ា​ឌ័​រវិ​ញ លោក​សាស្ដ្រាចារ្យ​Samantha Pegg ប្រធាន​ផ្នែក​ច្បាប់​នៅ​មហាវិទ្យាល័យ Notting Ham ប្រទេស​អង់គ្លេស បកស្រាយ​ដូច​តទៅ ទោះបីជា J.Alvarenga ស៊ី​សាច់​មិត្ត​រួម​ដំណើរ​មែន​ក៏​គ្មាន​ទោស​ដែរ ទាល់តែ​លោក​សម្លាប់​មនុស្ស​ទាំង​រស់​ដើម្បី​ស៊ី​សាច់​ទើប​មាន​ទោស​ពី​បទ​មនុស្សឃាត ព្រោះ​ការ​ស៊ី​នោះ គឺ​ស៊ី​ដោយ​បង្ខំចិត្ត​ខានមិនបាន​ដើម្បី​បន្ដជីវិត​តែ​ប៉ុណ្ណោះ ។ លោក​សាស្ដ្រាចារ្យ​L.Pagg លើក​ឧទាហរណ៍​រឿង​លេចធ្លោ​ក្នុង​ប្រវត្តិសាស្ដ្រ ដូច​ជា​រឿង​គ្រោះថ្នាក់​យន្ដហោះ នៅ​ជួរ​ភ្នំ Andes ខាង​អា​មេ​រិ​កឡា​ទី​ន នា​ឆ្នាំ​១៩៧២ ។ គ្រោះថ្នាក់​នោះ​បណ្ដាល​ឱ្យ​អ្នកដំណើរ​ស្លាប់​អស់​ជា​ច្រើន ចំណែក​អ្នក​នៅ​រស់​បង្ខំចិត្ត​ស៊ី​សាច់​អ្នក​ស្លាប់ ដើម្បី​បន្ដជីវិត​បាន​៧២​ថ្ងៃ កណ្ដាល​ព្រិល​ដ៏​ត្រជាក់​ទម្រាំ​ក្រុម​សង្គ្រោះ​រក​ឃើញ ។

ករណី​ពលរដ្ឋ​ប្រទេស​ដែន​កោះ​ដូ​មី​និ​ច​ជិះ​នាវា​ធ្វើ​អន្ដោប្រវេសន៍​ខុសច្បាប់​ទៅ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០០ ពេល​នោះ​អ្នក​នៅរ​ស់បាន​ស៊ី​សាច់​សព​អស់ពីរ​បី​ក្នុង​ចំណោម​អ្នក​ស្លាប់​៦០​នាក់​ដោយសារ​លិច​នាវា មុន​ពេល​ក្រុម​សង្គ្រោះ​រក​ឃើញ​នៅ​៣​ស​ប្ដា​ហ៍​ក្រោយ​… ។ អ្នក​នៅរ​ស់ទាំង​ប៉ុន្មាន​ដែល​លើក​ឡើង​នោះ គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​កាត់​ទោស​​ពី​បទ​ស៊ី​សាច់មនុស្ស​ឡើយ ។

លោក​មេធាវី​Ricardo Culcalon ដែល​ស្ម័គ្រចិត្ត​ការពារ​ក្ដី​ឱ្យ​J.Alvarenga និយាយ​ទាំង​ស្រងេះស្រងោច​ក្នុង​ចិត្ត​ថា «​សរុប​មក​រឿង​នេះ​បណ្ដាល​មក​ពី​J.Alvarenga ល្បី​ល្បាញ​ពេក ដល់​ថ្នាក់​ជាប់​ឈ្មោះ​ក្នុង​សៀវភៅ​កំណត់​ត្រា​ពិភពលោក​ទៀត ទើប​ចុង​ក្រោយ​ក្លាយទៅជា​រឿង​ខ្លួនឯង​ធ្វើបាប​ខ្លួនឯង​យ៉ាងនេះ​… ឱ​!​លោក​អើយ​!» ៕