ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋដែលរស់នៅផ្ទះល្វែងក្នុងបុរីស្ទឹងសង្កែ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បាននិងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ ដោយសារតែមានក្រុមចោរហាររយដើរលួយទ្រព្យសម្បត្តិស្ទើររាល់យប់ ដែលសមត្ថកិច្ចហាក់មិនមានវិធានការទប់ស្កាត់ ឬមិនអាចបង្ក្រាបបាន ។
ប្រជាពលរដ្ឋឱ្យដឹងថា អ្នករស់នៅក្នុងបុរីស្ទឹងសង្កែស្ទើរគ្រប់ផ្ទះ បានបាត់បង់ទ្រព្យសម្បត្តិ ចាប់តាំងពីចូលទៅរស់នៅក្នុងបុរីនេះ ។ ក្រុមចោរតែងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិពេលយប់ ដូចជាសម្លៀកបំពាក់ ឬសម្ភារផ្សេងៗ ដែលទុកនៅខាងក្រោយផ្ទះ ។
ប្រជាពលរដ្ឋបន្តថា ពួកគាត់ធ្លាប់រាយការណ៍ប្ដឹងទៅសមត្ថកិច្ចជាបន្តបន្ទាប់ដែរ តែសមត្ថកិច្ចហាក់ធ្វើមិនដឹងមិនឮ ហើយគ្មានវិធានការទប់ស្កាត់ ឬបង្ក្រាបឱ្យមានប្រសិទ្ធភាពឡើយ ។ ដោយសារតែការមិនអើពើរបស់សមត្ថកិច្ចបែបនេះ ទើបធ្វើឱ្យក្រុមចោរកាន់តែបានដៃរហូតហ៊ានចូលលួចទូរស័ព្ទដៃ ក្នុងហាងលក់ទូរស័ព្ទដ៏ធំមួយ ដែលម្ចាស់ហាងជាជំនួយការផ្ទាល់លោកអភិបាលខេត្ត អស់រាប់រយគ្រឿង ដែលគិតជាទឹកប្រាក់អស់ជាង៦ម៉ឺនដុល្លារអាមេរិកឯណោះ ។ ចោរគាស់ផ្ទះជំនួយការអភិបាលខេត្តបាត់ដំបងយកទូរស័ព្ទដៃគិតជាបា្រក់ជាង៦ម៉ឺនដុល្លារ
រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅតែមិនកំណត់មុខសញ្ញាជនសង្ស័យបាននៅឡើយ ។ បច្ចុប្បន្ន ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីស្ទឹងសង្កែ កំពុងបារម្ភទ្វេរដងអំពីបញ្ហាអសន្តិសុខនេះ ក្រោយពីមានចោរចួលលួចទូរស័ព្ទរាប់រយគ្រឿង នៅក្នុងហាងរបស់មន្ត្រីជំនួយការលោកអភិបាលខេត្តនោះមក ខណៈក្រុមចោរកំពុងមានសេរីភាពនៅក្រៅសំណាញ់ច្បាប់នៅឡើយ ។
ប្រជាពលរដ្ឋបានសំណូមពរឱ្យសមត្ថកិច្ច មេត្តាជួយអន្តរាគមន៍តាមឃ្លាំមើលសកម្មភាពក្រុមចោរ ដែលតែងធ្វើសកម្មភាពនៅក្នុងបូរីស្ទឹងសង្កែផង ព្រោះពេលនេះ ពួកគាត់កំពុងរស់នៅជាមួយនឹងភាពភ័យខ្លាចស្ទើររៀងរាល់យប់ ។
ចែករំលែកព័តមាននេះ