ការធ្វើឱ្យធ្មេញពណ៌សស្អាតគឺជាកិច្ចការមួយដែលទន្តពេទ្យអាចជួយបាន ប៉ុន្តែជម្រើសនេះទាមទារឱ្យមានការចាយប្រាក់អស់ច្រើន ។ ទោះជាយ៉ាងណា គេអាចជ្រើសរើសជម្រើសមួយផ្សេងទៀតដែលមិនចាំបាច់ចំណាយប្រាក់ច្រើននោះគឺវីធីសម្អាតតាមបែបធម្មជាតិ៤យ៉ាង៖
១-សម្បកចេកទុំ ៖ ចេកត្រូវបានគេចាត់ទុកជាផ្លែឈើមួយប្រភេទដែលផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពរាប់ចាប់ពីសាច់ដល់សម្បក ។ នេះក៏ព្រោះវាផ្ទុកទៅដោយសារធាតុចិញ្ចឹមច្រើនមុខ ។ យោងតាម អ្នកជំនាញ សម្បកចេកអាចយកមកប្រើដើម្បីធ្វើឱ្យធ្មេញសបាន ។ វិធីប្រើគឺត្រូវយកវាទៅដុសខាត់លើធ្មេញប្រហែលពី១-២នាទី និង២ដងក្នុងមួយថ្ងៃ ។ សារធាតុរ៉ែក្នុងសម្បកចេកមានដូចជា ប៉ូតាស្យូម ម៉ង់កាណែស និងម៉ាញេស្យូមមានឥទ្ធិពលជួយឱ្យធ្មេញមានពណ៌សស្អាត ។ សូមបញ្ជាក់ថា សម្បកក្រូចពោធិ៍សាត់ក៏មានប្រសិទ្ធភាពដូចគ្នានេះដែរ ។

២-ផ្លែស្ត្របឺរី ៖ ចូរយកស្ត្របឺរី១-២ផ្លែមកកិនឱ្យម៉ដ្ឋ ហើយយកជូតលើធ្មេញទុកចោល២-៣នាទី ។ បន្ទាប់មកខ្ពុរមាត់ជាមួយទឹកធម្មតាឬដុសសម្អាតដោយច្រាស ។ ស្ត្របឺរីសម្បូរទៅដោយម៉ាលិចអាស៊ីតដែលជួយឱ្យធ្មេញពណ៌ស ។ សារធាតុសរសៃជួយកម្ចាត់បាក់តេរីចេញពីមាត់និងធ្មេញទៀតផង ។

៣-មើមការ៉ុត ៖ ការ៉ុតឆៅមានប្រសិទ្ធភាពជួយសម្អាតកំណកកំបោរចេញពីធ្មេញ ធ្វើឱ្យធ្មេញសស្អាតដូចធម្មជាតិ ។ ចូរលាងទឹកឱ្យស្អាតរួចទទួលទានទាំងឆៅ ។ វិធីមួយទៀត គឺគេអាចយកវាទៅដុសលើធ្មេញក៏បាន ។

៤-បញ្ឈប់ការជក់បារី ៖ បោះបង់ចោលការជក់បារីមិនត្រឹមតែជួយឱ្យធ្មេញសស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យល្អប្រសើរដល់សុខភាពទូទៅទៀតផង ។

៥-ចូរប្រើបំពង់បឺតនៅពេលទទួលទានភេសជ្ជៈក្តៅឬត្រជាក់ខ្លាំង ៖ ការទទួលទានភេសជ្ជៈក្តៅឬត្រជាក់ខ្លាំងដោយផ្ទាល់មាត់មិនល្អសម្រាប់សុខភាពធ្មេញឡើយ ។ ផ្ទុយមកវិញ ការទទួលទានតាមរយៈបំពង់បឺតតូចៗគឺអាចកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់ទៅលើធ្មេញពីសំណាក់ភេសជ្ជៈក្តៅឬត្រជាក់ខ្លាំង ៕
ចែករំលែកព័តមាននេះ