ខេត្តកំពង់ចាម ៖ ទឹកប្ដូរនិស្ស័យបានធ្វើឱ្យអំណាចនៃភ្លើងប្រចណ្ឌពុះកញ្ជ្រោលឡើងលើសពី១០០អង្សា ដែលបុរសម្នាក់ឈ្មោះ អោក ចាន់ណា អាយុ២០ឆ្នាំ ស្ទុះទៅចាប់ជើងកូនប្រុសតូច ទើបមានអាយុ២ខែទៅបោកផ្ទប់នឹងដីពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗទាំងគ្មានកំហុសអ្វីទាំងអស់ ។ ហេតុការណ៍អមនុស្សធម៌ដែលត្រូវទទួលនូវការថ្កោលទោសនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៥ ខែមីនា នៅភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ហើយត្រូវបានប្រជាពលរដ្ឋរួមនឹងសមត្ថកិច្ចមូលដ្ឋានចាប់ខ្លួនភ្លាមៗផងដែរ ។
ទាក់ទងទៅនឹងអំពើដ៏សាហាវខាងលើនេះ ត្រូវបានអធិការនគរបាលស្រុកមេមត់ លោកវរសេនីយ៍ត្រី ហុង គឹមហឿន ប្រាប់ឱ្យដឹងថា ក្មេងប្រុសតូចដែលទើបមានអាយុ២ខែ ឈ្មោះ រុំ ចាន់និត ជាកូនដំបូង បានស្លាប់ក្រោមកណ្តាប់ដៃរបស់ឪពុកខ្លួន ដោយសារតែមានជម្លោះជាមួយនឹងប្រពន្ធឈ្មោះ ចាន់ ណារី អាយុ១៩ឆ្នាំ បែរជាមកសម្លាប់កូនដែលគ្នាមិនដឹងអ្វីទាល់តែសោះ ដោយការចាប់ជើងបោកសម្លាប់ដូចបោកកង្កែប នៅចំពោះប្រពន្ធស្រែកទ្រហោយំកប់អាកាសបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង។

លោកអធិការបន្តថា មុនកើតហេតុនាវេលាល្ងាច បុរសរូបនេះបានឈ្លោះប្រកែកជាមួយនឹងប្រពន្ធរបស់ខ្លួន ដោយសារតែខ្លួនមិនគិតធ្វើការងារ ដើរតែផឹកស៊ី និងបានចោទប្រពន្ធថា លួចមានប្រុសថ្មី ទើបរូបគេជាប្ដីមិននៅក្នុងកែវភ្នែក។ បន្ទាប់មក បានដើរទៅផឹកស្រានៅផ្ទះរបស់អ្នកជិតខាងដោយផឹកអស់៦ដប ក៏ស្រវឹងធ្លាក់ភ្នែក។
លុះនៅវេលាម៉ោង៧និង៣០នាទីយប់ ទើបដើរត្រឡប់មកផ្ទះវិញដែលមានចម្ងាយប្រហែល៣០ទៅ៤០ម៉ែត្រ ហើយឃើញប្រពន្ធរបស់ខ្លួនកំពុងអង្គុយនៅច្រកចូលផ្ទះតៀម។ នៅពេលខ្លួនហៅបែរជាប្រពន្ធមិននិយាយស្តី ក៏កើតជាការខឹងសម្បាទៅចាប់ជើងកូនប្រុសតូចដែលកំពុងដេកលក់នៅក្នុងអង្រឹងមកបោកផ្ទប់ទៅនឹងដី បណ្តាលឱ្យស្លាប់ភ្លាមមួយរំពេច ។
ក្រោយពេលបោកសម្លាប់កូនហើយ បុរសជាឪពុកអគតិនេះបានរត់ចេញទៅខាងក្រោយផ្ទះ ហើយប្រពន្ធក៏បានស្រែកយំលាន់ទ្រហឹងផ្អើលដល់អ្នកជិតខាង ព្រមទាំងសមត្ថកិច្ចមូលដ្ឋានមកកាន់ផ្ទះកើតហេតុភ្លាមៗ ។ ស្របពេលដែលបុរសជាឪពុកចេញពីក្រោយផ្ទះមក អ្នកស្រុកក៏ចាប់ខ្លួនតែម្តង និងបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ទាំងយប់ ។
ឃាតករសម្លាប់កូនឯងអន់ជាងសត្វតិរច្ឆានឈ្មោះ អោក ចាន់ណា ឆ្លើយថា នៅវេលាម៉ោង៤រសៀលថ្ងៃទី១៥ ខែមីនា រូបគេបានទៅផឹកស្រាមានគ្នា៧នាក់ អស់ស្រា៦ដប។ លុះដើរត្រឡប់មកផ្ទះវិញ ដោយសារខឹងប្រពន្ធមិនស្ដីរកក៏បានទៅចាប់ជើងកូនប្រុសតូចមកបោកផ្ទប់នឹងដី២ដងបណ្ដាលឱ្យស្លាប់ រួចរត់គេចខ្លួនទៅនៅក្នុងព្រៃចម្ការម្រេចក្រោយផ្ទះ ។
លោកអធិការហុង គឹមហឿន ថ្លែងថា ក្រោយពីមានហេតុការណ៍ឃោរឃៅនេះកើតឡើង លោកឧត្ដមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត បានចាត់ឱ្យកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកចុះទៅទាំងយប់ដើម្បីពិនិត្យសពក្មេងប្រុសដែលទើបតែមានអាយុ២ខែនោះ បន្ទាប់មកបានប្រគល់សពឱ្យទៅម្ដាយដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។
ភ្លើងប្រចណ្ឌដែលបានកើតឡើង គឺជននេះសង្ស័យថា ប្រពន្ធរបស់ខ្លួនទៅលួចមានស្នេហាជាមួយប្រុសផ្សេង ហើយថាកូនតូចនេះ មិនមែនជាកូនរបស់ខ្លួន ប៉ុន្តែការចោទប្រកាន់ទៅលើប្រពន្ធ គឺមិនមានភាពច្បាស់លាស់ទៅលើអ្នកណាម្នាក់ឡើយ ។ នៅព្រឹកថ្ងៃទី១៦ ខែមីនា អង្គការមួយរបស់អូស្ដ្រាលីបានចុះទៅដល់កន្លែងកើតហេតុ ចំណែកនគរបាលក៏បានរៀបចំកសាងសំណុំរឿងបញ្ជូនជនអគតិនេះទៅសាលាដំបូងខេត្តនៅថ្ងៃទី១៧ ខែមីនា ៕
ចែករំលែកព័តមាននេះ