ខេត្តកណ្ដាល ៖ ស្ត្រីម្នាក់ត្រូវនគរបាលស្រុកស្អាងឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ មីនា ២០១៦ ស្ថិតនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ពីបទឆបោក និងចរាចរប្រាក់ដុល្លារក្លែងក្លាយ (លុយសែនខ្មោច) ចំនួន៥០ម៉ឺនដុល្លារ ខណៈដែលប្រគល់លុយក្លែងក្លាយនេះ ទៅឱ្យបុរសម្នាក់ទៀតថា ជាលុយរកស៊ីជួញវត្ថុបុរាណចំណេញ ដែលគេផ្ញើមកឱ្យ ។
ស្ត្រីសង្ស័យឈ្មោះស៊ុន ណារី អាយុ៣៨ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅក្នុងភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ក្រោយពីឃាត់ខ្លួនស្ត្រីសង្ស័យ រួមទាំងវត្ថុតាងឡាំងដែកស័ង្កសី ក្នុងនោះមានលុយដុល្លារក្លែងក្លាយ (លុយសែន) ចំនួន៥០ម៉ឺនដុល្លារមានទម្ងន់២,៨គីឡូក្រាម ។ ចំណែកជនរងគ្រោះឈ្មោះទូច ផាន់ ភេទប្រុស អាយុ៥៥ឆ្នាំ ជាជាងជួសជុលទូរទស្សន៍ មានទីលំនៅភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។
ប្រភពបន្ថែមឱ្យដឹងទៀតថា កាលពីវេលាម៉ោង០៨ និង៥៥នាទព្រឹក ឈ្មោះទូច ផាន់ (ជនរងគ្រោះ) បានមកប្ដឹងនគរបាលប៉ុស្តិ៍កោះខែល ឱ្យជួយត្រួតពិនិត្យប្រាក់ដុល្លារដែលឈ្មោះស៊ុន ណារី (ស្ត្រីសង្ស័យ) យកមកប្រគល់ឱ្យខ្លួនចំនួន៥០ម៉ឺនដុល្លារ ដែលជាលុយរកស៊ីចំណេញ តើជាលុយពិត ឬក្លែងក្លាយ ។
លុះដល់ពេលឈ្មោះស៊ុន ណារី មកដល់ បានប្រគល់ហិបលុយខាងលើ រួចនគរបាលរួមជាមួយនិងសាមីខ្លួន (ស៊ុន ណារី) និងជនរងគ្រោះបានត្រួតពិនត្យឃើញថា សុទ្ធតែលុយក្លែងក្លាយទាំងអស់ (ជាលុយសែន) មានក្រដាស១០០ និងក្រដាស៥០ សារុប៥០ម៉ឺនដុល្លារ ក៏បានសុំគោលការណ៍ធ្វើកការឃាត់ខ្លួនជនសង្ស័យតែម្ដង។
បើតាមជនរងគ្រោះប្រាប់នគរបាលថា ស្ត្រីសង្ស័យឈ្មោះស៊ុន ណារី នេះ កន្លងមក ធ្លាប់បោកលុយជនរងគ្រោះសរុបចំនួន១០.៥០០ដុល្លាររួចមកហើយ ជាថ្នូរនឹងការជួយសោហ៊ុយដាក់ហ៊ុន រកស៊ីវត្ថុបុរាណសំរិត ។ លុះដល់ថ្ងៃទី១៥ មីនា ទើបស្ត្រីសង្ស័យ ណាត់យកលុយចំណេញ មកឱ្យជនរងគ្រោះ ដោយដាក់ឡាំងចាក់សោនៅចំណុចភូមិកោះខែល ឃុំកោះខែល ។ ហើយឱ្យជនរងគ្រោះចេញថ្លៃយកលុយមកឱ្យចំនួន៤.០០០ដុល្លារវិញ ។ ក្រោយពេលប្រគល់លុយហើយ ជនរងគ្រោះមានការសង្ស័យ ក៏ប្ដឹងប៉ូលិសប៉ុស្តិ៍កោះខែលឱ្យជួយពិនិត្យលុយ ទើបដឹងថា ជាលុយក្លែងក្លាយទាំងអស់ ។
តាមចម្លើយស្ត្រីសង្ស័យឈ្មោះស៑ុន ណារី បានសារភាពថា ខ្លួនបានចាញ់បោកគេដែរ មិនបានដឹងថា នៅក្នុងឡាំងនោះ សុទ្ធតែលុយក្លែងក្លាយសោះ ។ ខ្លួនយកមកនេះ តាមតែគេប្រាប់ប៉ុណ្ណោះ គឺនៅថ្ងៃទី១៤ មីនា ២០១៦ ម៉ោង៩ព្រឹក មានឈ្មោះផល ភេទប្រុស មានអាយុប្រហែល៤០ឆ្នាំ ជាអ្នកស្គាល់គ្នា បានទូរស័ព្ទមកខ្លួនទៅយកលុយ ប្រគល់ឱ្យជនរងគ្រោះចំនួន៥០ម៉ឺនដុល្លារ ដោយណាត់ជួបគ្នា នៅក្រុងតាខ្មៅ ។
លុះដល់ថ្ងៃទី១៥ មីនា ២០១៦ម៉ោង៨ព្រឹក ខ្លួនបានទទួលឡាំងដាក់ក្នុងស្បោង.សពីមនុស្សប្រុសម្នាក់ទៀត នៅមុខធនាគារមួយនៅក្រុងតាខ្មៅ ហើយបានប្រាប់ខ្លួនថា ពេលយកទៅប្រគល់ឱ្យហើយ ត្រូវយកលុយពីគាត់ចំនួន៤០០០ដុល្លារមកផង បងផលផ្ដាំចឹង រួចក៏ជួលរថយន្តជិះយកលុយមកកន្លែងណាត់តែម្ដង ជាមួយជនរងគ្រោះតែម្ដង ។ ហើយកន្លងមក ខ្លួនធ្លាប់ទទួលលុយពីជនរងគ្រោះសរុបចំនួន១០.៥០០ដុល្លារ យកទៅឱ្យឈ្មោះផល និងឈ្មោះសារឿន ថា ជាលុយដាក់ហ៊ុនរកស៊ីវត្ថុបុរាណ ។
ចែករំលែកព័តមាននេះ