រាជធានីភ្នំពេញ ៖ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានកោះហៅប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី-ខេត្ដ មកជួបប្រជុំនៅក្រសួងយុត្ដិធម៌នៅថ្ងៃទី១៨ ខែមីនា វេលាម៉ោង៣រសៀល ដើម្បីពិភាក្សាលើគោលការណ៍នៃការឃុំខ្លួនបណ្តោះអាសន្នក្នុងសំណុំរឿងទំនាស់ដីធ្លី ។ ការកោះប្រជុំជាបន្ទាន់នេះ គឺស្របពេលដែលមានប្រជាពលរដ្ឋលើកគ្នាមកតវ៉ា សុំឱ្យស្ថាប័នកំពូលៗ ជួយអន្តរាគមន៍ដោះលែងតំណាងរបស់ពួកគាត់ ឬសាច់ញាតិដែលត្រូវបានស្ថាប័នតុលាការចាប់ឃុំខ្លួន ។ កាលពីពេលថ្មីៗនេះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានធ្វើអន្តរាគមន៍ឱ្យមានការដោះលែងនៅក្រៅឃុំស្ដ្រី២នាក់ ដែលសាលាដំបូងខេត្តកំពង់ស្ពឺបានចេញដីកាឃុំខ្លួនក្នុងជម្លោះដីធ្លី ។
ប្រតិកម្មនិងការខកចិត្តរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញច្បាស់ ខណៈសាលាដំបូងខេត្ដកំពង់ស្ពឺ បានចាប់ឃុំប្រជាពលរដ្ឋយ៉ាងអយុត្ដិធម៌ និងបានស្នើសុំអន្ដរាគមន៍ឱ្យមានការដោះលែងនៅក្រៅឃុំទាំងយប់ កាលពីថ្ងៃទី១៤ ខែមីនា កន្លងទៅ ។ យោងតាមលិខិតដែលចុះហត្ថលេខាលោក អង្គ វង្ស វឌ្ឍានា ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦កន្លងទៅ បានកោះហៅប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី-ខេត្ដ មកជួបប្រជុំនៅក្រសួងយុត្ដិធម៌ ។
ក្នុងលិខិតកោះប្រជុំដែលចុះហត្ថលេខាដោយលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ដ្រីក្រសួង យុត្ដិធម៌ ចុះថ្ងៃទី១៥ មីនា ឆ្នាំ២០១៦ មានខ្លឹមសារថា «ក្នុងគោលបំណងធានាឱ្យដំណើរការនៃកិច្ចប្រជុំនេះប្រព្រឹត្ដទៅដោយរលូន និងប្រកបដោយលទ្ធផលល្អប្រសើរ ក្រសួងសូមអស់លោក លោកស្រី ជាប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី-ខេត្ដទាំងអស់ ធ្វើការប្រមូលទិន្នន័យនិងរាយការណ៍ជូនអង្គប្រជុំ អំពីទិន្នន័យស្ដីពីការឃុំខ្លួនបណ្ដោះអាសន្ន នៃសំណុំរឿងទំនាស់ដីធ្លី»។
គួរបញ្ជាក់ថា កន្លងមក មជ្ឈដ្ឋាននានាបានសម្ដែងការរិះគន់លើប្រព័ន្ធតុលាការនៅកម្ពុជាថា មិនមានយុត្ដិធម៌ចំពោះអ្នកក្រីក្រតូចតាច ផ្ទុយទៅវិញចំពោះអ្នកមានទ្រព្យធន និងអំណាចគឺតែងតែទទួលបានយុត្ដិធម៌ជានិច្ច ។ ជាពិសេសនៅក្នុងសំណុំរឿងទំនាស់ដីធ្លី ភាគច្រើនជាអ្នកក្រដែលតំណាងប្រជាពលរដ្ឋច្រើនតែជាប់ពន្ធនាគារ ។
តាមមតិរបស់មន្ត្រីអ្នកច្បាប់មួយចំនួនលើកឡើងថា តាមការកត់សម្គាល់តុលាការចេញដីកាចាប់ខ្លួន ដីកាឃុំខ្លួនមានលក្ខណៈចន្លោះប្រហោង ដែលបញ្ហានេះធ្វើឱ្យស្ថាប័នឯករាជ្យមួយនេះ យុត្តិធម៌ស្ថិតនៅតែលើបបូរមាត់តែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមីនា កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការខកចិត្តចំពោះសាលាដំបូងខេត្តកំពង់ស្ពឺ ដែលបានចាប់តំណាងប្រជាពលរដ្ឋ២នាក់ឃុំខ្លួន ។ សម្តេចតេជោ បានសរសេរលើសង្គមហ្វេសប៊ុកថា ជាការគួរឱ្យខកចិត្តខ្លាំងណាស់ ដែលតុលាការខេត្តកំពង់ស្ពឺចាប់តំណាងប្រជាជន២នាក់ឃុំខ្លួន ដែលខ្ញុំទើបបានដឹងមុននេះបន្តិច ។
សម្តេចបញ្ជាក់ថា «ខ្ញុំបានបញ្ជាទៅអភិបាលខេត្ត ឱ្យធ្វើការជាមួយតុលាការទាំងយប់ដើម្បីសុំធានាឱ្យនៅក្រៅឃុំ ។ កូនប្រុសខ្ញុំ២នាក់ ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី កំពុងធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺដើម្បីជួយប្រជាជនក្នុងរឿងនេះ ។សង្ឃឹមថា ព្រះរាជអាជ្ញានឹងអនុញ្ញាតឱ្យប្រជាជនទាំង២នាក់បាននៅក្រៅឃុំ ។ ប្រសិនមិនទុកចិត្ត សុំអស់លោកឃុំកូនខ្ញុំទាំង២នាក់ជំនួសវិញចុះ សូមក្រសួងយុត្តិធម៌ពិនិត្យករណីនេះបន្ទាន់» ៕
ចែករំលែកព័តមាននេះ