ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈ M-150 រៀបចំ​ការ​ប្រកួត​កីឡា​កាច់​ដៃ​ដំបូង​គេ​នៅ​កម្ពុជា​សម្រាប់​សាធារណជន​ទូទៅ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ភេសជ្ជៈ M-150 សហការ​ជាមួយ​ក្រុមហ៊ុន SAYAM INTERNATIONAL CO., LTD នឹង​រៀបចំ​ការ​ប្រកួត​កីឡា​កាច់​ដៃ​ដែល​ជា​ប្រភេទ​កីឡា​ដំបូង​គេ​នៅ​កម្ពុជា មិន​ធ្លាប់​មាន​ពី​មុន​មក សម្រាប់​សាធារណជន​

រាជធានី​ភ្នំពេញ ៖ ភេសជ្ជៈ M-150 សហការ​ជាមួយ​ក្រុមហ៊ុន SAYAM INTERNATIONAL CO., LTD នឹង​រៀបចំ​ការ​ប្រកួត​កីឡា​កាច់​ដៃ​ដែល​ជា​ប្រភេទ​កីឡា​ដំបូង​គេ​នៅ​កម្ពុជា មិន​ធ្លាប់​មាន​ពី​មុន​មក សម្រាប់​សាធារណជន​ទូទៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។ ប្រភេទ​កីឡា​នេះ​នឹង​ចាប់ផ្ដើម​ធ្វើ​នៅ​តាម​បណ្ដា​ខេត្ត​នានា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ចាប់ផ្ដើម​ដំបូង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ថ្ងៃ​ទី​២៨ មីនា ២០១៦ ។

លោក សា​យ៉ា​ម រ៉ា​ម៉ា​ស៊ូ​ត ពី​ក្រុមហ៊ុន SAYAM INTERNATIONAL CO., LTD  ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​១៤ មីនា ២០១៦ នៅ​សណ្ឋាគារ អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់ ឱ្យ​ដឹង​ថា កម្មវិធី​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ឲ្យ​សាធារណជន​ទូទៅ ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​ជាមួយ​ការ​ប្រកួត​កាច់​ដៃ បាន​ចូលរួម​ប្រកួត​ដោយ​មិន​ប្រកាន់​ថា​អ្នក​នោះ​ជា​កម្មករ កសិករ​ឡើយ សំខាន់​គឺ​អ្នកចូលរួម​ប្រកួត​ត្រូវ​មាន​លក្ខណៈសម្បត្តិ​ត្រូវ​ជាមួយនឹង​លក្ខខណ្ឌ​ដែល​ផ្ដល់​ជូន ។

លោក​បន្ត​ថា ការ​ប្រកួត​នេះ​នឹង​ចាប់ផ្តើម​ស្វែងរក​បេក្ខជន​ដោយ​ចុះ​ទៅ​តាម​បណ្តា​ខេត្ត​ក្រុង​ទាំង​២៤ ចាប់ពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៦ ដើម្បី​ប្រកួត​ជម្រុះ និង​ជ្រើស​យក​បេក្ខជន​តំណាង​ខេត្ត​នីមួយ​ៗ​ចំនួន​៣​រូប​ក្នុង​ប្រភេទ​ទម្ងន់​៣​ខុស​គ្នា គឺ ប្រភេទ​ទម្ងន់​ស្រាល ប្រភេទ​ទម្ងន់​កណ្តាល និង​ប្រភេទ​ទម្ងន់​ធ្ងន់ ដើម្បី​ធ្វើការ​ប្រកួត​ដណ្តើម​ជើងឯក​M-150​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ផ្សាយ​ផ្ទាល់​នៅ​តាម​ស្ថានីយទូរទស្សន៍​ផង​ដែរ ។

លោក​បន្ថែម​ថា បេក្ខជន​គ្រប់​រូប​អាច​ចូលរួម​ប្រកួត​បាន​ដោយ​សេរី តែ​ចាំបាច់​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ដែល​មាន​ដូច​ជា ត្រូវ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ មាន​សញ្ជាតិ​ខ្មែរ មាន​កាយសម្បទា​រឹង​មាំ​និង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង អាច​មក​ដាក់​ពាក្យ​ដោយ​ផ្ទាល់​នៅ​តាម​ស្តង់ M-150 ដែល​នឹង​ចុះ​ទៅ​តាម​បណ្តា​ខេត្ត​ក្រុង ។ សម្រាប់​រង្វាន់​ចំពោះ​អ្នក​លេខ​១​ប្រចាំ​ខេត្ត​នឹង​ទទួល​បាន​ទឹកប្រាក់​សុទ្ធ​ចំនួន​២.៤០០.០០០​រៀល​ស្មើនឹង​៦០០​ដុល្លារ​គ្រប់​ប្រភេទ​ទម្ងន់ ហើយ​១២.០០០.០០០​រៀល​ស្មើនឹង​៣.០០០​ដុល្លារ​សម្រាប់​អ្នក​លេខ​១​ទូ​ទាំង​ប្រទេស​គ្រប់​ប្រភេទ​ទម្ងន់ ។

តំណាង​ទីផ្សារ​របស់​ភេសជ្ជៈ M-15 ក៏​បានឱ្យ​ដឹង​ថា ការ​ប្រកួត​នេះ​មាន​គណៈកម្មការ​វិនិច្ឆ័យ​ត្រឹមត្រូវ ហើយ​ក៏​មាន​ក្រុម​គ្រូពេទ្យ សម្រាប់​ពិនិត្យ​មើល​ក្រែង​មាន​ហេតុការណ៍​ណាមួយ​កើតឡើង​ចំពោះ​កីឡាករ​ក្នុង​ពេល​ប្រកួត​ជាដើម ។ ចំពោះ​ព្រឹ​តិ្ត​ការណ៍​នេះ ក្រុមហ៊ុន​រំពឹង​ថា នឹង​មាន​អ្នកចូលរួម​ច្រើន​ដោយសារ​តែ​ប្រភេទ​កីឡា​នេះ​ថ្មី​សម្រាប់​កម្ពុជា​ដែល​មិន​ធ្លាប់​រៀបចំ​ប្រកួត​ពី​មុន​មក ៕