ខេត្តកំពង់ស្ពឺ ៖ ស្ត្រី២នាក់ដែលតុលាការបានចេញដីកាឃុំខ្លួនកាលពីពេលកន្លងទៅ ក្នុងករណីតវ៉ារឿងទំនាស់ដីធ្លី នៅភូមថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញហើយ បន្ទាប់ពីមានប្រតិកម្មពីសម្តេចតេជោនាយករដ្ឋមន្ត្រី ។
ស្ត្រីទាំង២នាក់ខាងលើ ម្នាក់ឈ្មោះយូរ៉ន អាយុ៥១ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច និងម្នាក់ទៀតឈ្មោះអ៊ីត រុំ អាយុ៥៥ឆ្នាំ មានទីលំនៅជាមួយគ្នា ត្រូវបានចៅក្រមសាលាដំបូង ចោទប្រកាន់ពីបទប្រើអំពើហិង្សាទោសលើអ្នកកាន់អចលនវត្ថុដោយសុចរិត កាលពីថ្ងៃទី២៧ និង៣០ មីនា ២០១៥ ។
គួររំលឹកថា ស្ត្រីទាំង២នាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ធ្វើការឃុំខ្លួនជាបណ្តោះអាសន្ននៅថ្ងៃទី១២ មីនា ២០១៦ បន្ទាប់ពីកោះហៅឱ្យចូលខ្លួនមកកាន់សាលាដំបូងខេត្ត ក្នុងបទចោទខាងលើ ។ ក្រោយពីមានការឃុំខ្លួន ត្រូវសាច់ញាតិរបស់ស្ត្រីទាំង២នាក់ បានស្វែងរកការអន្តរាគមន៍ ដើម្បីជួយដល់ស្ត្រីទាំង២រូប ។
រហូតដល់រឿងនេះ បានជ្រាបដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបឈានដល់ការចាត់ឱ្យកូនប្រុស២នាក់របស់សម្តេច ឱ្យមកធ្វើការជាមួយអាជ្ញាធរ និងស្ថាប័នតុលាការ ដើម្បីដោះលែងស្ត្រីទាំង២នាក់ ឱ្យមានសេរីភាពវិញ នៅព្រឹកថ្ងៃទី១៥ មីនា ២០១៦ នេះ ។
ចែករំលែកព័តមាននេះ