ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ក្រឡាហោម ស ខេ​ង ៖ អភិបាលខេត្ត​ទាំងអស់ អាច​ពិចារណា​និង​សិក្សា​អំពី​វិធី​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​របស់​ឯកឧត្តម ម៉ៅ ធនិន

2 ឆ្នាំ មុន

ខេត្តកំពត ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត…

ខេត្តកំពត ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១​នេះ ។

ពិធី​នេះ​ប្រារព្ធ​ឡើង បន្ទាប់​ពី​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ត្រាស់​បង្គាប់​តែងតាំង​ឯកឧត្តម ម៉ៅ ធនិន ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត ជំនួស​ឯកឧត្តម ជាវ តា​យ ដែល​ត្រូវ​បាន​ត្រាស់​បង្គាប់​តាំង​តែង​ជា​អភិបាល នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់ ។

សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់​អំពី​មូលហេតុ នៃ​ការ​ផ្លាស់​ប្ដូរ​អភិបាលខេត្ត​មួយ​ចំនួន នា​រយៈពេល​ចុង​ក្រោយ​នេះ ក្នុង​នោះ ក៏​រួម​មាន​ទាំង​ឯកឧត្តម ម៉ៅ ធនិន ដែល​បាន​ផ្លាស់​ប្ដូរ​មក​ជា​អភិបាល​ខេត្តកំពត បន្ទាប់​ពី​បាន​បញ្ចប់​អាណត្តិ​ការងារ​៨​ឆ្នាំ ពី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ថា ការ​ផ្លាស់​ប្ដូរ​ទាំងនេះ គឺ​សុទ្ធតែ​ផ្អែក​លើ​ច្បាប់ ។

សម្ដេច​ឧបនាយករដ្ឋមន្ត្រី បាន​ស្នើ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ​ខេត្តកំពត សូម​ផ្ដល់​ការ​គាំទ្រ ឯកឧត្តម ម៉ៅ ធនិន សម្រាប់​ការ​បំពេញភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន ក្នុង​តួនាទី​ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត និង​បាន​ណែ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត រួម​និង​មន្ត្រីរាជការ​ទាំងអស់ ខិតខំ​រួម​គ្នា​ជាមួយ​ឯកឧត្តម ម៉ៅ ធនិន ដើម្បី​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា រួម​ទាំង​ការងារ​កំណែទម្រង់រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ហើយ​ត្រូវ​រៀន​រស់​ជាមួយ​ស្ថានភាព​កូ​វី​ដ​-១៩ ដើម្បី​ធានា​ប្រក្រតី​ភាព នៃ​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ។

សម្ដេច​ក្រឡាហោម បាន​បន្ត​លើក​ឡើង​អំពី​ដំណើរការ​ផ្ទេរ​មុខងារ សិទ្ធិ​អំណាច និង​ធនធាន ពី​ថ្នាក់​ជាតិ​មក​ថ្នាក់​ក្រោម​ជាតិ ដែល​ជា​រឿង​ថ្មីថ្មោង​មួយទៀត ក្នុង​ដំណើរការ​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ ។

ជាមួយ​គ្នា​នេះ សម្ដេច​បាន​ជំរុញ​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ អនុវត្ត និង​ធ្វើ​យ៉ាងណា ឲ្យ​មានការ​ចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ សម្រាប់​ការ​គោលនយោបាយ ភូមិ​.​ឃុំ​.​សង្កាត់ មាន​សុវត្ថិភាព និង​ពិនិត្យ​លទ្ធភាព​រៀបចំ​ប្រឡងប្រណាំង​អនុវត្ត​គោលនយោបាយ​នេះ ។

សម្ដេច​ក្រឡាហោម​ក៏​បាន​បន្ត​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​ចំណុះ​រដ្ឋបាល​ខេត្ត ពិសេស​អាជ្ញាធរ​មូលដ្ឋាន សូម​ខិតខំ​ប្រមូល​បញ្ហា មតិយោបល់ សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ យក​មក​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព និង​ថា «​អភិបាលខេត្ត​ទាំងអស់​អាច​ពិចារណា និង​សិក្សា​អំពី​វិធី​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​របស់​ឯកឧត្តម ម៉ៅ ធនិន​» ។

សម្ដេច បាន​ក៏​បាន​ផ្ដាំផ្ញើ​ជា​ថ្មី​ទៀត​ឲ្យ​ខិតខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រ​វា​គណៈ​អភិបាល និង​ក្រុមប្រឹក្សា ខិតខំ​រួម​គ្នា​ថែរក្សា​ការពារ​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ដើម្បី​ធានា​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ព្រមទាំង​ខិតខំ​ឲ្យ​បាន​កាន់តែ​សកម្ម​ថែម​ទៀត​នូវ​កិច្ចការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក ទាំង​នៅ​ក្នុង​ស្ថានភាព នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​រង​គ្រោះ​ដោយ​មហន្តរាយ​ធម្មជាតិ​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ