ខេត្តសៀមរាប ៖ គ្រូពេទ្យផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តម្នាក់ គឺលោក ដួង រ៉ាដា បានរងការចោទថា ផឹកស្រាស្រវឹងក្នុងម៉ោងធ្វើការ ហើយដើរចុចទូរស័ព្ទទៅមកៗដោយទុកអ្នកជំងឺឲ្យនៅដេកស្រែក រហូតក្រុមគ្រួសារដឹកចេញយកទៅសង្គ្រោះនៅគ្លីនិកឯកជន យីហោ អង្គរសង់ត្រេ ស្ថិតនៅតាមផ្លូវលោកតាខៀវណឺយវិញ ។
ករណីដូចខាងលើដែលមានការអះអាងពីក្រុមគ្រួសារអ្នកជំងឺនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១២ ខែមីនា ។ លោក ព្រហ្ម ប៊ុនធឿន បម្រើការនៅកងអង្គរក្សប្រចាំទិសខេត្តព្រះវិហាររៀបរាប់ថា ទង្វើរបស់លោក ដួង រ៉ាដា នោះពិបាកទទួលយកណាស់ គ្រប់យ៉ាងដែលរូបលោកបានឮ បានស្តាប់កន្លងមកស្ទើរតែមិនជឿ តែពេលនេះលោកឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀកផ្ទាល់ ។
លោក ព្រហ្ម ប៊ុនធឿន និយាយទៀតថា បន្ទាប់ពីបញ្ជូនអ្នកជំងឺ គឺម្តាយរបស់លោកមកដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ គេឱ្យម្តាយរបស់លោកឆ្លុះអេកូនៅម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី១២ ខែមីនា ប៉ុន្តែគ្រូពេទ្យរូបនោះនិយាយថា អ្នកជំងឺធ្លាយពោះវៀនហើយត្រូវវះកាត់ តែរង់ចាំសិន។ ពេលនោះរូបលោកក៏បានរង់ចាំតាមការសន្យារបស់គ្រូពេទ្យ រហូតដល់ម៉ោង៦ល្ងាច ។ ក្នុងខណៈពេលនោះ ម្តាយរបស់លោក ចាប់តាំងពីដេកស្រែករហូតដល់ស្រែកលែងរួច បែរជាគ្រូពេទ្យឈ្មោះដួង រ៉ាដា មកប្រាប់ថា រង់ចាំទៀតទៅ ព្រោះខ្ញុំ(ពេទ្យ)ជាប់រវល់ទៅស៊ីការ ។
លោក ព្រហ្ម ប៊ុនធឿន រៀបរាប់ទៀតថា រូបលោកបានរង់ចាំរហូតដល់ម៉ោងជាង៩យប់ទើបឃើញគ្រូពេទ្យនោះមកដល់ ។ ពេលមកដល់ គ្រូពេទ្យឈ្មោះ ដួង រ៉ាដា បានដើរត្រេងត្រាង ក្នុងស្ថានការស្រវឹង ហើយនិយាយថា ជំងឺយាយឯង បើអ្នកផ្សេងមើល៣ថ្ងៃជា យាយឯងត្រូវមើល១០ថ្ងៃហើយបូក១០ថ្ងៃបានជា ហើយបើមើលអស់៣ម៉ឺនយាយឯងត្រូវ៣ម៉ឺនបូក១០០ដង។ និយាយចប់ក៏ដើរចុចទូរស័ព្ទទៅមកៗ ទំនងជាលេងហ្វេសប៊ុក។
រហូតម៉ោង៩និង៣០នាទីយប់ ទើបគ្រូពេទ្យរុញអ្នកជំងឺចូលទៅបន្ទប់វះកាត់ តែវាហាក់ជួនគ្នាខ្លាំងពេក ដោយភ្លាមនោះបន្ទប់វះកាត់បែរជាដាច់ភ្លើង ហើយទូទាំងមន្ទីរពេទ្យបែរជាភ្លើងអត់ដាច់។ ឃើញទិដ្ឋភាពបែបនោះ លោកនិងក្រុមគ្រួសារនាំគ្នាសម្រេចចិត្តដឹកម្តាយចេញពីមន្ទីរពេទ្យបង្អែកខេត្តរបស់រដ្ឋ យកទៅសង្គ្រោះនៅគ្លីនិកឯកជន យីហោ អង្គរសង់ត្រេ ដែលស្ថិតនៅតាមផ្លូវលោកតាខៀវណឺយ វិញ ។
លោក ព្រហ្ម ប៊ុនធឿន បានបន្ថែមថា ទាំងសកម្មភាព ទាំងការនិយាយស្តីរបស់គ្រូពេទ្យឈ្មោះដួង រ៉ាដា ពិតជាពិបាកទទួលយកណាស់។ បើអុីចឹងទេ សូមលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត មេត្តាពិនិត្យនិងអប់រំដល់បុគ្គលពេទ្យម្នាក់នេះផង។ នេះត្រឹមតែគ្រួសារលោកម្នាក់ប៉ុណ្ណោះ មិនដឹងថា មានពលរដ្ឋប៉ុន្មានរយនាក់ទៀតដែលទទួលរងពីទង្វើបែបនេះ។
ជុំវិញករណីខាងលើនេះ លោកគ្រួស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៤ ខែមីនា លោកទើបទទួលដំណឹងនេះ ហើយលោកបានឱ្យខាងមន្ទីរពេទ្យបង្អែកខេត្ត ធ្វើរបាយការណ៍មកលោកដើម្បីពិនិត្យមើលសិន ។ បើរកឃើញថា ពិតជាមានករណីអុីចឹងមែន លោកនឹងមានវិធានការចំពោះបុគ្គលនោះជាមិនខាន។
ចំណែកលោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ក៏បានឱ្យដឹងនៅរសៀលថ្ងៃនោះដែរថា រឿងនេះលោកបានទទួលព័ត៌មានហើយ លោកក៏បានជួបគ្រួសារអ្នកជំងឺរួចហើយដែរ ដោយលោកបានពន្យល់ខ្លះហើយ។ ចំពោះការយឺតយ៉ាវនេះ ដោយសារកាលពីថ្ងៃសៅរ៍ទី១២ ខែមីនានោះ បានអ្នកជំងឺត្រូវវះកាត់ច្រើន ដោយវះកាត់ខួរក្បាលនិងវះពោះវៀនដុះខ្នែងដូចគ្នា។
លោកបន្តថា ចំពោះរឿងភ្លើងដាច់នោះ គឺដាច់មកពីខាងអគ្គិសនីទេ ពុំមែនគ្រូពេទ្យផ្តាច់ឡើយ។ ឯរឿងនិយាយថាមើលច្រើនថ្ងៃ ចំណាយលុយច្រើន គ្រូពេទ្យគ្រាន់តែចង់បញ្ជាក់ថា ជំងឺធ្ងន់ត្រូវមើលច្រើនថ្ងៃអុីចឹងហើយ ។
គួររំឭកថា ទោះបីជាមានការបកស្រាយពីក្រុមគ្រូពេទ្យយ៉ាងណាក្តី ចំពោះលោកព្រហ្ម ប៊ុនធឿន នៅតែសំណូមពរដល់ក្រុមគ្រូពេទ្យបង្អែកខេត្តទាំងអស់ មេត្តាយកវិជ្ជាជីវៈដាក់ក្នុងខ្លួនផង ហើយសូមឱ្យផ្លាស់ប្តូរឥរិយាបថផង កុំចាំតែតែឃើញប្រយោជន៍ទើបយកចិត្តទុកដាក់ដល់អ្នកជំងឺ។ ម្យ៉ាងទៀត បើមិនចង់ធ្វើប្រាប់គេឱ្យដឹកចេញ កុំឱ្យរង់ចាំហើយពន្យារពេលបែបនេះតទៅទៀត នាំតែឱ្យប្រជាពលរដ្ឋនាំគ្នារិះគន់កាន់តែខ្លាំងទេ ៕
ចែករំលែកព័តមាននេះ