ខេត្តបន្ទាយមានជ័យ ៖ ផ្ទះមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះបន្ទាប់ពីទុស្សេចរន្តភ្លើង បង្កឱ្យភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃ ហើយត្រូវអាជ្ញាធរមានសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋ នាំគ្នាជួយពន្លត់ទាន់ពេលវេលា តែសម្ភារៈខាងក្នុងត្រូវភ្លើងឆេះអស់ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងជិត០៤រសៀលថ្ងៃទី១៤ មីនា ២០១៦ ស្ថិតនៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ម្ចាស់ផ្ទះខាងលើ ឈ្មោះយ៉ាន់ សិលា ភេទស្រី អាយុ៣៤ឆ្នាំ ។
ស្ត្រីម្ចាស់ផ្ទះមិននៅផ្ទះជាច្រើនថ្ងៃមកហើយ គឺចាក់សោទ្វារផ្ទះចោលមិនដឹងទៅណា ។ តែប្រភពខ្លះថា គ្រួសារមួយនេះ មានជម្លោះជាមួយប្តីក៏ចាកចេញពីផ្ទះបាត់ ។ នៅកន្លែងកើតហេតុ គេឃើញបុរសជាអតីតម្ចាស់ផ្ទះនៅទីនោះដែរ ប៉ុន្តែមិននិយាយអ្វីច្រើនទេដោយគ្រាន់តែនិយាយយ៉ាងខ្លីថា គាត់បានលែងលះគ្នាហើយ មិនពាក់ព័ន្ធអ្វីទៀតទេ ហើយថាផ្ទះកើតហេតុនេះ ជារបស់អតីតប្រពន្ធគាត់។
ករណីនេះ ត្រូវរថយន្តពន្លត់អគ្គិភ័យបានទៅដល់កន្លែងកើតហេតុដែរ តែភ្លើងបានរលត់អស់ទៅហើយ ។ យ៉ាងណាក៏ដោយ ទំហំនៃការខូចខាតនេះ ពុំមានអ្នកណាអាចដឹងបានទេ ព្រោះម្ចាស់ផ្ទះមិននៅ ។
ចែករំលែកព័តមាននេះ