រាជធានីភ្នំពេញ ៖ សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ នៅឯរមណីយដ្ឋានវត្តភ្នំ ត្រូវបានសាលារាជធានីភ្នំពេញរៀបចំកែលម្អយ៉ាងស្រស់បំព្រង តាមបែបធម្មជាតិ មានលក្ខណៈវប្បធម៌ និងជាការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យចូលមកលេងកម្សាន្តឱ្យបានច្រើនកុះករ ។
លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ថ្លែងបែបនេះ ក្នុងពិធីប្រគំតន្ត្រី និងការសម្តែងសិល្បៈ ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ ក្នុងន័យអបអរសាទរទិវាវប្បធម៌ជាតិឆ្នាំ២០១៦ នៅរមណីយដ្ឋានវត្តភ្នំ កាលពីពេលថ្មីៗកន្លងមកនេះ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្រុមយុវវ័យសុំឱ្យជ្រើស យករមណីយដ្ឋានវត្តភ្នំ ជាកន្លែងលេងកំសាន្តសប្បាយ និងលេងល្បែងប្រជាប្រិយខ្មែរ ដែលជាវប្បធម៌ប្រពៃណីជាតិឱ្យបាន ច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ។
លោកប៉ា សុជាតិវង្ស បានស្នើឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរៀបចំកម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិជារៀងរាល់ឆ្នាំ ដើម្បីបំផុសស្មារតីយុវជនឱ្យស្រឡាញ់ និងចូលរួមថែរក្សាវប្បធម៌ជាតិ ក្នុងបំណងជំរុញការចូលរួមកាន់តែសកម្មប្រកបដោយមោទនភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការផ្សព្វផ្សាយអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ដោយមិនប្រកាន់និន្នាការនយោបាយជំនឿសាសនា និងពណ៌សម្បុរឡើយ ៕
ចែករំលែកព័តមាននេះ