ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ កាលីហ្វ័រនីញ៉ាសហរដ្ឋអាមេរិកបានព្រមានថា សភាពធាត់ខ្លាំង អាចបណ្តាលឱ្យក្មេងប្រឈមខ្ពស់នឹងជំងឺមួយចំនួនទៅថ្ងៃមុខក្នុងនោះមានដូចជា លើសឈាម ជំងឺបេះដូង និងជំងឺថ្លើមជាដើម ។
ការពិនិត្យតាមដានលើក្មេងអាយុពី២ឆ្នាំទៅ១៧ឆ្នាំចំនួន៥រយនាក់រយៈពេល៤៨សប្តាហ៍បានបង្ហាញថា ក្រុមដែលមានរាងកាយធាត់ខ្លាំង១០ភាគរយប្រឈមនឹងការលើសឈាមខណៈក្រុមមានរាងកាយធម្មតា អត្រាប្រឈមមានពី២-៥ភាគរយ ។ ដោយឡែក ចំពោះអត្រាប្រឈមនឹងបញ្ហាខ្លាញ់ក្នុងថ្លើមនិងបេះដូងវិញ ក្រុមក្មេងធាត់ខ្លាំងគឺមានពី២០-៣០ភាគរយ ។
សមាជិកក្រុមស្រាវជ្រាវ វេជ្ជបណ្ឌិត Jeffrey Schwimmer បានថ្លែងថា ជាលទ្ធផលនៃការសិក្សាលើកនេះ យើងសូមផ្តល់ជាអនុសាសន៍ថា ការវាយតម្លៃការតាមដាននិងពិនិត្យពីការលើសឈាមគួរត្រូវបានរាប់បញ្ចូលក្នុងនាមជា សមាសភាពពេញលេញនៃចំណាត់ការព្យាបាលក្មេងដែលកើតជំងឺខ្លាញ់ក្នុងថ្លើម ជាពិសេសពួកគេទាំងនេះប្រឈមខ្ពស់បំផុតនឹងជំងឺដាច់សរសៃឈាមក៏ដូចជា គាំងបេះដូង ។ លើសឈាមគឺជាហេតុបង្កចម្បងនៃអត្រាស្លាប់និងពិការភាពដែលអាចបញ្ចៀសបាន ។ ស្របពេលជាមួយនឹងហានិភ័យជំងឺបេះដូងកើនឡើង យើងក៏បានរកឃើញផងដែរថា ក្រុមក្មេងដែលកើតជំងឺខ្លាញ់ក្នុងថ្លើមនឹងលើសឈាមប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ឪពុកម្តាយក៏ដូចជាវេជ្ជបណ្ឌិតចាំបាច់ត្រូវយល់ដឹងពីហានិភ័យសុខភាពរបស់ក្មេងដែលកើតជំងឺខ្លាញ់ក្នុងថ្លើម (NAFLD) ។ ខណៈបញ្ហាលើសឈាមដែលកើតមាននោះ ការព្យាបាលត្រូវធ្វើជាបន្ទាន់ផងដែរ ៕
ចែករំលែកព័តមាននេះ