ខេត្តបន្ទាយមានជ័យ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ជាថ្មីម្តងទៀតហើយ ប្រជាពលរដ្ឋជាង២០នាក់តំណាងឲ្យ៥០គ្រួសារ បានផ្ទុះការតវ៉ាប្រឆាំងនឹងអាជីវកម្មបូមខ្សាច់របស់គ្រួសារមួយ ដោយសារបារម្ភពីការបាក់ច្រំាង និង សុត្ថិភាពចរាចរណ៍ផ្លូវហុយប៉ះពាល់ដល់សុខភាពនោះថែមទៀត ។
ហេតុការណ៍តវ៉ាបានកើតឡើងនៅវេលាម៉ោងជាង៣រសៀលថ្ងៃទី១៣មីនា ២០១៦ ស្ថិតក្នុងភូមិអន្លង់វិល ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ។ ទាក់ទងទៅនឹងការតវ៉ារបស់អ្នកភូមិនេះ លោក ឡុង ពា អាយុ៥០ឆ្នាំ ជាឈ្មួញបូនខ្សាច់បានឲ្យដឹងថា នៅសៀមរាបមានអាជីវកម្មបូមខ្សាច់ក្នុងស្ទឹងនេះ៧-៨ឆ្នាំហើយ មិនដែលមានអ្នកណារករឿងទេ ហើយក៍បញ្ជាក់ដោយសឿងបឿងទៀតថា អាជីវកម្មរបស់លោកគ៍គ្មានច្បាប់អនុញ្ញាតនោះដែរ ។
មេឃុំទឹកជោរ លោកស្រី ហ៊ុល គឹមថុន បានទទួលស្គាល់ថា អាជីវកម្មខាងលើគ្មានច្បាប់ ហើយថាកន្លងមក ប្រជាពលរដ្ឋក៍បានលើកគ្នាមកតវ៉ានៅសាលាឃុំដែរ និងសន្យាថានៅថ្ងៃទី១៤មីនាស្អែក នឹងកោះហៅម្ចាស់អាជីវកម្មមកធ្វើកិច្ចសន្យាបញ្ឈប់អាជីវកម្ម ។
ចំណែកអភិបាលស្រុកព្រះនេត្រព្រះ លោក លី សុវណ្ណារិទ្ឋ ដែលកំពុងបំពេញកម្មសិក្សានៅរាជធានីភ្នំពេញបានបញ្ជាក់ថា លោកនឹងទាក់ទងក្រុមការងារឲ្យគេធ្វើរឿងហ្នឹង ។
សេចក្តីរាយការណ៍បានបន្តថា ក្រុមអ្នកតវ៉ាបានព្រមានដែរថា ប្រសិនបើគ្មានដំណោះស្រាយ ពួកគាត់នឹងលើកគ្នាតវ៉ា ឬ ដាក់ពាក្យបណ្តឹងទៅថ្នាក់ស្រុក ឬខេត្តបន្តទៀត ៕
ចែករំលែកព័តមាននេះ