រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានបានឱ្យដឹងថា មុននេះបន្តិចមានបុរសម្នាក់បានលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្សថ្មី បង្កការឱ្យមានភ្ញាក់ផ្អើលនិងកកស្ទះចរាចរណ៍ទាំងថ្ងៃត្រង់ថ្ងៃទី១៣ មីនា ២០១៦ នៅចំណុចស្ពានព្រះមុនីវង្សថ្មី ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
ប្រភពបន្តថា បុរសដែលលោតទឹកសម្លាប់ខាងលើនេះពុំស្គាល់អត្តសញ្ញាណ អាយុប្រមាណជា២០ឆ្នាំ មិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ហើយក៏មិនបណ្តាលឱ្យស្លាប់នោះដែរ ដោយសារតែគេចេះហែលទឹក ហើយត្រូវបានអ្នកនេសាទក្បែរនោះជួយទាន់ ។
ប្រភពបានបន្តទៀតថា ដោយឡែក កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃដដែលនេះ ក៏មានបុរសម្នាក់បានលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្សថ្មីចំណុចដដែលនេះដែរ រហូតមកដល់ម៉ោង១រសៀលនេះនៅមិនទាន់រកសពឃើញនៅឡើយ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ