សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា មានរឿងរ៉ាវខ្លះរបស់ប្រជាជន សម្តេចមិនបានដឹង ដោយសារតែគ្មានអ្នករាយការណ៍ប្រាប់ ឬក៏មានមន្ត្រីខិលខូចខ្លះលាក់បាំងសម្តេចនូវព័ត៌មាន ដែលខូចដល់ប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ។ តើមន្ត្រីខិលខូចទាំងនោះ អាចបន្តសកម្មភាពទុច្ចរិត ឬអសកម្ម ដោយធ្វើឱ្យខូចទំនាក់ទំនងរវាងមេដឹកនាំ និងប្រជាជនបានទៀតទេ?
ឱកាសប្រហែលជានៅសេសសល់តិចតួច សម្រាប់អ្នកដែលហ៊ានភរនាយករដ្ឋមន្ត្រី ឬក៏ហ៊ានប្រព្រឹត្តិអំពើអាក្រក់ ឬក៏អយុត្តិធម៌ ដោយសង្ឃឹមថា មេដឹកនាំ ឬសម្តេចតេជោ អាចនឹងមិនដឹងរាល់អំពើអសកម្មរបស់ពួកគេ ។
សម្តេចតេជោដែលមើលឃើញពីការខ្វះខាតនៃព័ត៌មានពីមហាជន ដល់សម្តេចនោះ បានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីទទួលព័ត៌មានបន្ថែមដោយផ្ទាល់ពីមហាជន ឬក៏អ្នកដែលងាយរងគ្រោះនានា ។ សម្តេចមានហ្វេសប៊ុកផេកដ៏រស់រវើកមួយ ដែលសម្តេចផ្ទាល់ បានតាមដាន និងពេលខ្លះសរសេរដោយផ្ទាល់ដៃ ។ តាមរយ:ហ្វេសប៊ុកនោះ សម្តេចបានធ្វើការសម្រេចចិត្តមួយចំនួន ដែលផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ឬផ្តល់ប្រយោជន៍ដល់សាធារណជនទូទៅ ។ តាមរយ:ហ្វេសប៊ុកដែលមានអ្នក like ចំនួនជាងបីលាននាក់ សម្តេចតជោកាន់តែនៅជិតមហាជន ហើយមហាជនកាន់តែនៅជិតសម្តេច ។
ឧទាហរណ៍ដ៏ជាក់ស្តែងមួយ គឺការចេញប្រើប្រាស់ច្បាប់ចរាចរណ៍ដ៏ចម្រូងចម្រាស់ ដែលក្រោយមកត្រូវទប់ស្កាប់វិញ ។ បើសិនជាគ្មានហ្វេសប៊ុកសម្តេច ប្រហែលជាមិនបានដឹងទេ ថាតើច្បាប់នោះ មានភាពចម្រូងចម្រាស់ខ្លាំងយ៉ាងណា ហើយថាតើវានឹងធ្វើឱ្យប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្លាំងយ៉ាងណា? សម្តេចបានប្រមូលប្រតិកម្មតាមរយ:ហ្វេសប៊ុក ហើយសម្តេចក៏បានចេញការសម្រេចចិត្តផ្អាកការអនុវត្តច្បាប់ចរាចរណ៍ដ៏ចម្រូងចម្រាស់នោះ ដោយធ្វើឱ្យមហាជនស្ទើរទាំងអស់សប្បាយចិត្ត ។
បើសិនជាគ្មានហ្វេសប៊ុក ពេលនោះប្រហែលជាមនុស្សជាច្រើននឹងរងផលប៉ះពាល់ពីការអនុវត្តច្បាប់ចរាចរណ៍ ដែលគេគិតថា ខ្វះការពិភាក្សាល្អិតល្អន់ ដោយសមាជិករដ្ឋសភា ។ មនុស្សជាច្រើននឹងខឹងសម្បារ ចំពោះរឿងនោះ ដោយបំផ្លាញដល់ទំនាក់ទំនងរវាងមេដឹកនាំ និងប្រជាជនដែលមិនសប្បាយចិត្ត ។
ទំនាក់ទំនងដ៏ជិតស្និទ្ធិរវាងសម្តេចតេជោ និងប្រជាជន នឹងបញ្ជូនសារមួយដល់មន្ត្រីខិលខូច ឬអសកម្មថា ពួកគេមិនអាក់លាក់បាំងពីមេដឹកនាំអំពើអសកម្មពីនាយករដ្ឋមន្ត្រីបានដូចពីមុនទេ ។ បច្ចេកវិទ្យាបានធ្វើឱ្យសង្គមកាន់តែមានតម្លាភាព ហើយវានឹងផ្តល់ប្រយោជន៍ដល់មនុស្សគ្រប់គ្នា ។
ប្រជាជនត្រូវតែឆ្លៀតយកចំណេញពីការបើកចំហររបស់នាយករដ្ឋមន្ត្រី នៅក្នុងការទទួលយកបញ្ហារបស់ប្រជាជន ដើម្បីដោះស្រាយបញ្ហាជូនប្រជាជន។ វាជាសំណាងមួយ សម្រាប់ប្រជាជន ដែលមេដឹកនាំក្លាហានបើកការទំនាក់ទំនងយ៉ាងចំហបែបនេះ ។ ដូច្នេះប្រជាជនគ្រប់គ្នា នឹងមានឱកាសនៅក្នុងការនាំយកបញ្ហា ដែលលំបាកលំបិនខ្លាំង ដើម្បីឱ្យសម្តេចតេជោជួយដោះស្រាយ បើសិនជាពួកមន្ត្រីថ្នាក់ក្រោម គេចវេសនៅក្នុងការដោះស្រាយដោយយុត្តិធម៌ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ គេក៏មិនត្រូវរំខានដល់នាយករដ្ឋមន្ត្រីដោយសារតែបញ្ហាតូចតាចដែលអាចដោះស្រាយបានដោយថ្នាក់ក្រោមនោះឡើយ ។
ដើម្បីរក្សាទំនាក់ទំនងតាមបណ្តាញសង្គមនេះ មនុស្សគ្រប់គ្នាត្រូវស្មោះត្រង់នៅក្នុងការទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រី ហើយធ្វើការទំនាក់ទំនងជាមួយសម្តេចចំពោះតែបញ្ហាសំខាន់ៗប៉ុណ្ណោះ ។ បើពុំនោះទេ បញ្ហារាប់លាននឹងនាំដល់សម្តេចដោយហួសពីលទ្ឋភាពរបស់មនុស្សនៅក្នុងការដោះស្រាយ ។ ចំណែកមន្ត្រីថ្នាក់ក្រោមរបស់រដ្ឋាភិបាល ត្រូវតែជួយសម្តេចឱ្យបានច្រើននៅក្នុងការដោះស្រាយបញ្ហាជូនប្រជាជន ហើយត្រូវមានភាពខ្មាស់អៀន ដែលទុកឱ្យបញ្ហាតូចៗតាមរំខានមេដឹកនាំ ដែលត្រូវដោះស្រាយបញ្ហាធំៗរាប់មិនអស់ស្រាប់ទៅហើយ ៕
ដោយរ័ត្ន ធីយ៉ា
ចែករំលែកព័តមាននេះ