ខេត្តក្រចេះ ៖ បុរសជាអ្នកបើកបររថយន្តម្នាក់ អាចត្រូវស្លាប់ដោយសារលង់ទឹក ខណៈរត់ចុះទៅទឹកទន្លេលិចបាត់ បន្ទាប់ពីបានបើករថយន្តទៅបុកស្ត្រីម្នាក់កំពុងជិះកង់ បណ្តាលឱ្យស្លាប់ភ្លាមៗ ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១រសៀលថ្ងៃទី១២ មីនា នេះ ស្ថិតក្នុងសង្កាត់រការកណ្តាល ក្រុងក្រចេះ ។
យ៉ាងណាក៏ដោយ បុរសខាងលើ មិនត្រូវគេស្គាល់អត្តសញ្ញាណនោះទេ បានទុករថយន្តម៉ាកសាំយ៉ុងមានដឹកឈើបង្កប់ ចោលនៅកន្លែងកើតហេតុ ។ ចំណែកស្ត្រីរងគ្រោះជិះកង់ឆ្លងផ្លូវ ឈ្មោះវ៉ាន់ ភួន អាយុ៦៣ឆ្នាំ រស់នៅក្នុងសង្កាត់រការកណ្តាល ក្រុងក្រចេះ។
ប្រភពពីអ្នកឃើញហេតុការណ៍ឱ្យដឹងថា បុរសដែលស្លាប់បានរត់ចុះក្នុងទឹកទន្លេ បម្រុងហែលឆ្លង ហើយបានស្រែកហៅឱ្យគេជួយដែរ តែគ្មានអ្នកណាម្នាក់ជួយទាន់ទេក៏លិចក្នុងទឹកទន្លេបាត់តែម្តង ព្រោះតំបន់នោះ ជាតំបន់ខ្សាច់សម្បូរល្បាក់។
បច្ចុប្បន្ន កម្លាំងនគរបាលកំពុងតែចុះរាវរកសាកសពបុរសរូបនោះ ក្រោយពីសង្ស័យថា បុរសរូបនេះអាចលង់ទឹកស្លាប់ ។ រីឯរថយន្ត ត្រូវនាំមករក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការបន្ត ៕
ចែករំលែកព័តមាននេះ