ខេត្តប៉ៃលិន ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតធ្លាក់ពីលើម៉ូតូរងរបួសដួលសន្លប់ ហើយត្រូវបងប្អូននិងកម្មករដំឡូងមី ហៅរថយន្តដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈជនរងគ្រោះកំពុងអង្គុយលើម៉ូតូជ្រោកភ្លៀងរលឹម ពេលនោះ ក៏មានមករន្ទះបាញ់មួយគ្រាប់តែម្តង ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៤ និង៤០នាទីរសៀលថ្ងៃទី១១ មីនា ២០១៦ ស្ថិតនៅចំណុចកន្លែងចិញ្ច្រាំដំឡូងមី ក្នុងភូមិអូរទឹកភ្លាវ ឃុំអូរងណ្តូង ស្រុកសាលាក្រៅ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះយ៉ាន់ យ៉ាត ភេទប្រុស អាយុ៣៦ឆ្នាំ ជាកម្មករចិញ្ច្រាំដំឡូងមី មានទីលំនៅក្នុងភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ និងម្នាក់ទៀតរងរបួសធ្ងន់ឈ្មោះ រឿន ណារិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ (ត្រូវជាបងប្អូន) ជាកម្មករដូចគ្នា រស់នៅភូមិខាងលើ ។
ប្រភពបន្តថា មុនពេលកើតហេតុ ផ្ទៃមេឃខ្មៅអួរអាប់ចង់ភ្លៀង ដោយមានខ្យល់បក់បោកមកពីទិសខាងលិច ហើយក្រុមកម្មករ ក៏នាំគ្នារកកន្លែងសម្រាករៀងៗខ្លួន ដោយអ្នកខ្លះប្រមូលចំណិតដំឡូងមីគ្របតង់កៅស៊ូ ។ រីឯជនរងគ្រោះទាំង២នាក់ជិះម៉ូតូមកដល់ ក៏អង្គុយនៅលើម៉ូតូមើលប្រពន្ធ និងបងប្អូនដទៃទៀតចិញ្ច្រាំដំឡូងមី មួយសន្ទុះក្រោយមកស្រាប់តែផ្លេកបន្ទោរផ្លេកៗជះចំជនរងគ្រោះ ទើបលេចចេញជារន្ទះបាញ់ទៅលើម៉ូតូជនរងគ្រោះតែម្តង ។
ចែករំលែកព័តមាននេះ