ខេត្តសៀមរាប ៖ សិក្ខាសាលាស្តីពី «ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ របៀបបំពេញលិខិតប្រកាសពន្ធលើប្រាក់ចំណេញ និងវិធានប្រើប្រាស់វិក្កយបត្រសម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស»នេះ គឺជាសិក្ខាសាលាដំបូងបង្អស់សម្រាប់ខេត្តសៀមរាប ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានពន្ធដារ ស្របពេលដែលរដូវកាលនៃការដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណេញសម្រាប់ឆ្នាំ២០១៥ នឹងត្រូវបិទបញ្ចប់នៅដំណាច់ខែមីនាឆាប់ៗខាងមុខ ។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងបែបនេះនៅក្នុងឱកាសចូលរួមបើកសិក្ខាសាលាស្តីពី «ពន្ធលប្រាក់ចំណេញប្រចាំឆ្នាំ របៀបបំពេញលិខិតប្រកាសពន្ធលើប្រាក់ចំណេញ និងវិធានប្រើប្រាស់វិក្កយបត្រសម្រាប់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស» កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែល នាខេត្តសៀមរាប ។
លោក គង់ វិបុល បានថ្លែងទៀតថា ក្នុងបរិបទមួយជាក់លាក់បែបនេះ គឺទាមទារឲ្យអគ្គនាយកដ្ឋានពន្ធដារត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រមូលចំណូលពន្ធឲ្យបានគ្រប់តាមផែនការច្បាប់ ។ ប្រការនេះតម្រូវឲ្យអគ្គនាយកដ្ឋានពន្ធដារ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅ និងត្រូវចាប់យកយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម២០១៤-២០១៨ ធ្វើជាត្រីវិស័យសម្រាប់ចង្អុលបង្ហាញផ្លូវក្នុងការប្រមូលចំណូលពន្ធផ្ទៃក្នុង ។
តាមរយៈនេះ អគ្គនាយកដ្ឋានពន្ធដារកំពុងខិតខំពង្រីកនិងកែលំអរដ្ឋបាល ក្នុងបំណងបង្កើនប្រសិទ្ធភាពនិងភាពស័ក្តិសិទ្ធិនៃការផ្តល់សេវាជូនអ្នកជាប់ពន្ធគ្រប់មជ្ឈដ្ឋាន ។ ព្រមជាមួយគ្នានេះ ការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ការធ្វើទំនើបកម្មផ្នែកប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ដាក់ឲ្យដំណើរការនូវការគ្រប់គ្រងបង់ពន្ធតាមប្រព័ន្ធអេឡិចត្រូនិក(E-Tax) ត្រូវបានបង្កើតឡើង ក្នុងគោលដៅពង្រឹងនិងបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈជូនអ្នកជាប់ពន្ធ។កាលពីដើមឆ្នាំ២០១៥ អគ្គនាយកដ្ឋានពន្ធដារបានដាក់ឲ្យដំណើរការនូវការចុះបញ្ជីតាមប្រព័ន្ធអេឡិកត្រូនិក (E-Registration) ដែលបង្កលក្ខណៈងាយស្រួលឆាប់រហ័ស និងមានភាពច្បាស់លាស់សម្រាប់ទាំងអ្នកជាប់ពន្ធ និងរដ្ឋបាលសារពើពន្ធ ព្រមទាំងបានរៀបចំប្រព័ន្ធរង់ចាំ (Queuing System) និងបង្កើតកម្មវិធីសម្រាប់អ្នកជាប់ពន្ធវាយតម្លៃអំពីការផ្តល់សេវាជូនអ្នកជាប់ពន្ធរបស់មន្ត្រីពន្ធដារ និងកែសម្រួលម៉ោងបម្រើការងាររបស់អង្គភាពមួយចំនួនក្រោមចំណុះអគ្គនាយកដ្ឋានពន្ធដារ ដែលជាអង្គភាពជួបប្រាស័យទាក់ទងផ្ទាល់ ព្រមទាំងផ្តល់សេវាជូនអ្នកជាប់ពន្ធដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកសេវាពន្ធដាររបស់អ្នកជាប់ពន្ធថែមទៀតផង ។
ក្នុងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារ មិនមានគោលការណ៍បង្កើតប្រភេទពន្ធថ្មី ឬដំឡើងអត្រាពន្ធបន្ថែម ដែលជាបន្ទុកដល់ប្រជាពលរដ្ឋនិងធុរជន ក្នុងគោលដៅបង្កើនចំណូលថវិកាជាតិនោះទេ ។ ប៉ុន្តែអគ្គនាយកដ្ឋានពន្ធដារ នឹងខិតខំផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន តាមរយៈការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ទាំងវិធានការច្បាប់ និងវិធានការរដ្ឋបាល ចំពោះការគេចវេះពន្ធ ការលួចបន្លំពន្ធតាមគ្រប់រូបភាព ដើម្បីធានាបាននូវបរិយាកាសធុរកិច្ច និងការប្រកួតប្រជែងដោយស្មើភាពគ្នាចំពោះគ្រប់ធុរជន ក្នុងគោលដៅប្រមូលចំណូលប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ព្រមទាំងបង្កឲ្យមានសង្គតិភាពក្នុងការអនុវត្តច្បាប់ស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ជាងនេះទៅទៀត អគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងកែសម្រួលនិងបំពេញបន្ថែមនូវបទប្បញ្ញត្តិនានាស្តីពីពន្ធដារ ដើម្បីបង្កលក្ខណៈឲ្យកាន់តែមានភាពសាមញ្ញទាក់ទាញ និងជួយសម្រួលជូនអ្នកជាប់ពន្ធឲ្យកាន់តែមានភាពងាយស្រួលក្នុងការដាក់លិខិតប្រកាស និងបង់ពន្ធសំដៅធ្វើយ៉ាងណាធានាបាននូវប្រសិទ្ធភាពប្រមូលចំណូលពន្ធសម្រាប់ជាគុណប្រយោជន៍ជូនជាតិ ៕
ចែករំលែកព័តមាននេះ