រាជធានីភ្នំពេញ ៖ អស់រយៈពេល១៨ខែនៃការផ្តល់ការបណ្តុះបណ្តាលជំនាញបាល់ទាត់សម្រាប់កីឡាករវ័យក្មេងកម្ពុជាណាហ្គាវើលបេះដូងសប្បុរស បានរៀបចំការប្រកួតបាល់ទាត់មិត្តភាពក្នុងចំណោមកីឡាករវ័យក្មេង។ ការប្រកួតបាល់ទាត់មិត្តភាពនេះ បានធ្វើឡើងនៅថ្ងៃទី៣០ មករា ២០១៦ នៅសាលាអនុវិទ្យាល័យព្រៃវែង ស្ថិតក្នុងខណ្ឌដង្កោ មានក្រុមកីឡាចំនួន៤ ចូលរួមក្នុងការប្រកួតបាល់ទាត់មិត្តភាពនេះ គឺ វិទ្យាល័យពងទឹក វិទ្យាល័យព្រៃវែង វិទ្យាល័យត្រពាំងសាលា និងក្រុមកីឡាករមកពីសាលាបណ្តុះបណ្តាលបាល់ទាត់ណាហ្គាវើល។
លោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើល បានមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យកីឡា គឺមានសារសំខាន់ដើម្បីសុខភាពល្អ និងធ្វើឲ្យមានវិន័យល្អសម្រាប់ក្មេងជំនាន់ក្រោយ។ ដើម្បីឲ្យការរួមចំណែករបស់យើងកាន់តែទូលំទូលាយ ណាហ្គាវើលបានផ្តួចផ្តើមបង្កើតកម្មវិធី «បណ្តុះបណ្តាលបាល់ទាត់» ដើម្បីបណ្តុះបណ្តាជំនាញបាល់ទាត់ដល់កុមារកម្ពុជាតាមរយៈការផ្តល់នូវគ្រូបង្វឹក និងសម្ភារៈកីឡា។ បន្ថែមពីលើកម្មវិធីបណ្តុះបណ្តាលបាល់ទាត់នេះ ណាហ្គាវើល បានឧបត្ថម្ភបាល់ទាត់ និងបាល់ទះជាង៦០០បាល់ ដល់សាលាបឋមសិក្សា វិទ្យាល័យ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៨៧ ដើម្បីជួយសម្រួលដល់កម្មវិធី និងសកម្មភាពកីឡារបស់ពួកគេ។ បន្ទាប់ពីប្រើពេល១៨ខែនៃការអនុវត្តការបណ្តុះបណ្តាលបាល់ទាត់នេះ វាពិតជាបានផ្តល់នូវលទ្ធផលល្អប្រសើរសម្រាប់ការខិតខំប្រឹងប្រែងរបស់យើងនៅពេលយើងឃើញថា កីឡាករវ័យក្មេងកម្ពុជារបស់យើងលេងបានយ៉ាងល្អនៅលើទីលានបាល់ទាត់ដោយប្រើជំនាញដែលបានរៀនពីការបណ្តុះបណ្តាលបាល់ទាត់របស់យើង»។
លោកបន្ថែមទៀតថា «រហូតមកដល់បច្ចុប្បន្ននេះ កម្មវិធីបណ្តុះបណ្តាលបាល់ទាត់របស់យើងបានផ្តល់ផលប្រយោជន៍ដល់កីឡាករវ័យក្មេងកម្ពុជាប្រមាណជា៤០០នាក់ នៅតាមបណ្តាខេត្តមួយចំនួន និងរាជធានីភ្នំពេញផងដែរ។ តាមរយៈកម្មវិធីបណ្តុះបណ្តាលបាល់ទាត់នេះ វានឹងជួយអភិវឌ្ឍកីឡាបាល់ទាត់ ដែលជាកីឡាដ៏ល្បីមួយក្នុងប្រទេសកម្ពុជា ក៏ដូចជាអភិវឌ្ឍកីឡាផ្សេងៗទៀតឲ្យមានភាពល្អប្រសើរឡើងមួយកំរិតទៀត។ យើងសង្ឃឹមថា កីឡាករបាល់ទាត់វ័យក្មេងរបស់យើងនឹងក្លាយជាកីឡាករអាជីពនៅពេលអនាគត»។
លោក គឺម ឃី យកវិទ្យាល័យពងទឹក បានមានប្រសាសន៍ថា «ជាមួយការអនុវត្តកម្មវិធីបណ្តុះបណ្តាលបាល់ទាត់ដែលផ្តល់ដោយណាហ្គាវើលបេះដូងសប្បុរស សិស្សរបស់យើងបានរៀនជំនាញមូលដ្ឋានក្នុងការលេងបាល់ទាត់ ដូចជាបច្ចេកទេសទទួលបាល់ ការគ្រប់គ្រងបាល់ ការហុចបាល់ឲ្យគ្នា ការស៊ុតបាល់បញ្ជូលទី និងច្បាប់នៃការប្រកួតជាដើម។
ខ្ញុំបានសង្កេតឃើញថា កីឡាកររបស់យើងសប្បាយរីករាយណាស់ដែលបានចូលរួមនៅក្នុងការបណ្តុះបណ្តាលបាល់ទាត់ដែលផ្តល់ដោយណាហ្គាវើលបេះដូងសប្បុរស។ ជាពិសេសយើងសង្ឃឹមថា ណាហ្គាវើលបេះដូងសប្បុរស នឹងនៅតែបន្តផ្តល់ការបណ្តុះបណ្តាលបាល់ទាត់សម្រាប់កីឡាកររបស់យើងទៀត»។
ប៉ែន ដេវីត កីឡាករមកពីក្រុមសាលាត្រពាំងសាលា បាននិយាយថា «កាលពីមុនខ្ញុំបានលេងបាល់ទាត់ដោយមិនដឹងពីរបៀបលេងឲ្យបានត្រឹមត្រូវ។ ប៉ុន្តែបន្ទាប់ពីខ្ញុំបានចូលរួមក្នុងការបណ្តុះបណ្តាលបាល់ទាត់ដែលផ្ដល់ដោយណាហ្គាវើលបេះដូងសប្បុរស ខ្ញុំដឹងពីរបៀបលេងនិងលេងបានយ៉ាងល្អទៀតផង។ លើសពីនេះទៀតការប្រកួតបាល់ទាត់មិត្តភាព គឺសំខាន់ណាស់ចំពោះពួកយើង។ វាផ្ដល់ឱកាសសម្រាប់ពួកយើងដើម្បីអនុវត្តនូវអ្វីដែលយើងត្រូវបានរៀន»។
ពីសី ណាលី កីឡាករមកពីក្រុមអនុវិទ្យាល័យព្រៃវែង បាននិយាយថា «ខ្ញុំ ថ្ងៃនេះខ្ញុំរំភើបខ្លាំងណាស់ពីព្រោះខ្ញុំបានស្គាល់កីឡាករជាច្រើនពីសាលាផ្សេងគ្នា។ យើងបានរៀនពីគ្នាទៅវិញទៅមកតាមរយៈការប្រកួតទាំងនេះ។ យើងសូមថ្លែងអំណរគុណដល់ណាហ្គាវើលបេះដូងសប្បុរសដែលធ្វើឲ្យជំនាញលេងបាល់របស់យើងមានភាពល្អប្រសើរជាងមុន។ ខ្ញុំសូមអរគុណដល់ណាហ្គាវើលបេះដូងសប្បុរសម្តងទៀត ហើយសង្ឃឹមថា ពួកគេនឹងផ្តល់នូវការបណ្តុះបណ្តាលបន្ថែមទៀតសម្រាប់កីឡាករវ័យក្មេងដទៃទៀតនៅពេលអនាគត»៕
ចែករំលែកព័តមាននេះ