ខេត្តតាកែវ ៖ ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់វិហារអ៊ិស្លាមដារុននួកម៉ាន លោកហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានប្រសាសន៍ថា គ្រប់សាសនាទាំងអស់ បានរស់រានមានជីវិតឡើងវិញ ក្រោយឆ្នាំ១៩៧៩ ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកលើកតម្កើនគ្រប់សាសនា ដែលជួយជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ និងបងប្អូនអ៊ិស្លាម បានចូលរួមកសាងប្រទេសតាំងពីបាតដៃទទេ និងចូលរួមថែរក្សាសុខសន្តិភាព ដែលយើងបានមកដល់សព្វថ្ងៃនេះ ខុសពីបណ្តាប្រទេសដទៃ ដែលឈ្លោះកាប់សម្លាប់គ្នា ដោយសារសង្គ្រាមសាសនា ប៉ុន្តែប្រទេសខ្មែរ គ្មានសង្គ្រាមសាសនានោះទេ ។
លោកបានលើកឡើងថា ប្រទេសយើងរីកចម្រើនមកដល់ម៉ោងនេះ គឺប្រទេសយើងបានឆ្លងកាត់សង្គ្រាម៣០ឆ្នាំហើយ ប៉ុន្តែបើសិនជាយើងគ្មានការរួបរួមគ្នា សាមគ្គីគ្នា ហើយបែកបាក់ផ្ទៃក្នុង សង្គ្រាមឈ្លោះគ្នាប្រកាន់ពណ៌សំបុរសាសនា មកដល់ពេលនេះ យើងមិនអាចរីកចម្រើនទៅមុខបានលឿនទេ ។ ដោយសារសន្តិភាព ការសាមគ្គីសន្តិភាព ការស្រឡាញ់គ្នា ការមិនរើសអើងនេះហើយ ដែលយើងចៀសវាងនូវសង្គ្រាម ដែលយើងបានបញ្ចប់នៅឆ្នាំ១៩៩៨ ដោយគោលនយោបាយឈ្នះ=ឈ្នះរបស់សម្តេចមិនឱ្យសង្គ្រាមបែបសាសនាកើតឡើង ដូចបណ្តាប្រទេសផ្សេងៗហើយមិនឱ្យមានការរើសអើង រវាងប្រជាជន និងប្រជាជនសាសនា ពណ៌សំបុរ ។
ហើយដោយសារយើងសាមគ្គីគ្នា ស្រឡាញ់គ្នា ការមិនរើសអើងនេះហើយ បានធ្វើឱ្យភូមិយើងរីកចម្រើនទៅមុខ ឃុំយើងទៅមុខ ស្រុកយើងទៅមុខ ខេត្តយើងទៅមុខ ។ ប្រទេសយើងទៅមុខ ហើយសូមឱ្យស្មារតីសាមគ្គីសុខសន្តិភាពនេះ នៅលើទឹកដីកម្ពុជាបន្តស្ថិតស្ថេរ ហើយការស្ថិតស្ថេរនេះ គឺអាស្រ័យលើកត្តាថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ។
ចែករំលែកព័តមាននេះ