រាជធានីភ្នំពេញ ៖ សារព័ត៌មានដែលបានបង្កើតឡើង រស់ដោយសារតែការផ្សាយពាណិជ្ជកម្មនានា ។ ទូរទស្សន៍ក៏ដូច្នោះដែរ…ការចំណាយ និងការចេញផ្សាយ អាចរស់បាន ក៏ដោយសារតែការលក់នាទី…លក់ម៉ោង…លក់ពេលវេលាដ៏មានតម្លៃ លក់ទំព័រពិសេសរបស់ខ្លួនដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មដែរ ។ល។
បើផ្សាយពាណិជ្ជកម្មហើយ អត់សងប្រាក់តាមការកំណត់មិនខុសពីការបោកឡើយ…ដែលកម្រកើតមាន ណាស់ សម្រាប់ជីវិតការផ្សាយរបស់កោះសន្តិភាពដែលជា «អ្នកក្រសែត» ។
កោះសន្តិភាពមានការយោគយល់ និងព្យាយាមអត់ធ្មត់ ហួសកាលបរិចេ្ឆទនៃការអត់ធ្មត់ទៅហើយ…អស់លទ្ធភាពនឹងទារប្រាក់ ទៅហើយ ជាមួយឧកញ៉ា ប៉ែន នួន ទើបសម្រេចចិត្តថា គាត់ជាមនុស្សម្នាក់ដែលខុសគេ…ជាមនុស្សម្នាក់ដែលកោះសន្តិភាព មិនដែលបានជួបសោះនូវទង្វើនេះ ។
ដោយសារឃើញកោះសន្តិភាពទុកទំព័រពិសេសជាច្រើនសម្រាប់អ្នកដឹកនាំ ក្រុមហ៊ុន និងមន្ត្រីរាជការនានា ជូនពរថ្នាក់ដឹកនាំប្រទេសនាឱកាសបំណាច់ឆ្នាំសាកល២០១៥ ឈានចូល២០១៦ ឧកញ៉ា ប៉ែន នួន ជាប្រធានក្រុមហ៊ុនក្នុងស្រុកមួយមិនសូវមានគេស្គាល់ មិនសូវល្បីឈ្មោះ ក៏បានទំនាក់ទំនងសុំចុះផ្សាយសារជូនពរថ្នាក់ដឹកនាំប្រទេសដូចគេឯង ដែរ ដោយយកទំហុំមួយភាគបួន(១/៤) នៃទំព័រមានតម្លៃ៤០០ដុល្លារ តាមការព្រមព្រៀងគ្នា ។
ក្រោយពេលចេញផ្សាយរួច រហូតមកដល់ម៉ោងនេះ ដែលលោកអ្នកកំពុងអាន ឧកញ៉ា ប៉ែន នួន មិនទាន់បានបង់ប្រាក់ថ្លៃជួលចុះផ្សាយនៅឡើយទេ ។
ការណាត់ពេលវេលានៃការបង់ប្រាក់៤០០ដុល្លារ មានកំណត់ពេលរាប់មិនអស់…ម្ដងថ្ងៃនេះ…ម្ដង៣ថ្ងៃទៀត…ចុង ក្រោយទូរស័ព្ទចូលក៏លែងលើក…ស្រេចតែមិនខ្វល់… ។
ដោយសារតែអស់លទ្ធភាពនៃការទារប្រាក់ ទើបលោកឧកញ៉ា ថុង អ៊ុយប៉ាង ដង្ខៅកោះសន្តិភាពសម្រេចបញ្ជាឱ្យការិយាល័យនិពន្ធចេញផ្សាយ សេចក្ដីជូនដំណឹង ព្រោះខ្លាចក្រែងគាត់រវល់មុខរបរពេក ភ្លេចសង ។
បើមានសេចក្ដីជូនដំណឹងហើយ នៅតែមិនសងប្រាក់ទៀត ជូនដំណឹងកុំឈប់…ជូនដំណឹងប្រចាំថ្ងៃ…ប្រចាំខែ…ប្រចាំឆ្នាំ ព្រោះជារឿងដែលមិនធ្លាប់កើតមានសម្រាប់កោះសន្តិភាព ។
លោកឧកញ៉ា ថុង អ៊ុយប៉ាង ប្រាប់ការិយាល័យទីផ្សារ និងការិយាល័យនិពន្ធថា «ខ្ញុំស្មានមិនដល់ថា ឧកញ៉ា ប៉ែន នួន កញ្ជប់ដល់ម្លឹងសោះ…ប្រាក់៤០០ដុល្លារសោះ អត់មានសង… បើលេងជាមួយកោះសន្តិភាពម្លឹងទៅហើយ…ទម្រាំជាមួយដៃគូគាត់ច្រើន នាក់ទៀត តើបែកផ្សែងបែបណាទៅហ្ន ?! បើគាត់ក្រពេក អត់ប្រាក់សងឱ្យគាត់ប្រាប់តាមសម្រួលមកចុះ យើងធ្វើអំណោយទានជូនគាត់…ទោះមិនបានបុណ្យ ក៏ហីទៅ… »
លោកឧកញ៉ាកោះសន្តិភាពប្រាប់ថា «បើមានអតិថិជនណា ដែលមានបញ្ហាជាមួយឧកញ៉ា ប៉ែន នួន ក្នុងមុខរបរគួរប្រាប់កោះសន្តិភាពឱ្យជួញចេញផ្សាយផង សន្យាមិនយកកម្រៃឡើយ ដើម្បីជួយតម្រង់ផ្លូវគាត់ឱ្យចេះមានភាពប្រាកដនិយម កុំឱ្យពូកែភូតកុហក…កុំឱ្យពូកែក្បត់សេចក្ដីទុកចិត្ត» ។
តាមប្រពៃណីកាសែតកោះសន្តិភាព មិនដែលទាស់ជាមួយអតិថិជនណាមួយឡើយ ចាត់ទុកអតិថិជនជាស្ដេច ។ ការផ្សាយពាណិជ្ជកម្មនីមួយៗសុទ្ធតែមានកិច្ចសន្យាសង ។ ប៉ុន្តែចំពោះការផ្សាយសារជូនពរ ពុំបាច់មានកិច្ចសន្យាទេ ក្រោយពេលចេញផ្សាយ២-៣ថ្ងៃ ត្រូវតែទូទាត់ប្រាក់ជាដាច់ខាត ។
ប៉ុន្តែជាមួយឧកញ៉ា ប៉ែន នួន ជាអតិថិជនទី១ ដែលកោះសន្តិភាពមិនដែលស្គាល់…មិនដែលភ្លក់…មិនដែលបាន ទំនាក់ទំនង…លុះបានមកចុះផ្សាយម្ដង ដែលគាត់ជាអ្នកទំនាក់ទំនងចុះផ្សាយ…ស្រាប់តែចោលលុយតែម្ដង…ហេ ! ហេ !
កោះសន្តិភាពមិនដែលរត់ការសុំឱ្យគាត់ចុះផ្សាយទេ…មិនដែលទេ …មិនដែលទៅសុំឱ្យគាត់ចុះផ្សាយទេ ! គាត់ទេដែលទាក់ទងទិញទំព័រចុះផ្សាយ..បានចុះផ្សាយម្ដងគួរត្រូវ តែរាង ! បើគាត់ក្រមិនថាទេ ប៉ុន្តែគាត់ជាឧកញ៉ា…ជាថៅកែក្រុមហ៊ុនមួយ…ដែលកោះសន្តិភាព មិនទាន់បានចាប់អារម្មណ៍ជ្រៅផងទេ តើក្រុមហ៊ុនរបស់គាត់បម្រើសេវាកម្មអ្វីខ្លះ ? ល្អដែរទេ… មានបញ្ហាដែរទេ គឺនៅមិនទាន់បានគិតដល់នៅឡើយ ។ បើតាមដានទៀត មិនដឹងយ៉ាងណា យ៉ាងណីទេ បើគ្រាន់តែប្រាក់ជូនពរថ្នាក់ដឹកនាំប្រទេសតែមួយផ្ទាំងសោះ ម៉ាងម្លឹងទៅហើយនោះ ។
ឱ ! ឧកញ៉ា ប៉ែន នួន អើយ…ប៉ែន នួន ដ៏អស្ចារ្យរ៉ុយៗ…បានជួបម្ដង…រាង !! ។
ព័ត៌មានពិស្តារ និង «ល្ខោន» របស់ឧកញ៉ា ប៉ែន នួន នឹងផ្សាយជូននៅលើទំព័រមុខសារព័ត៌មានកោះសន្តិភាពថ្ងៃស្អែកនេះ ។
ចែករំលែកព័តមាននេះ