យោងតាមការរកឃើញថ្មីមួយដែលចេញផ្សាយតាមគេហទំព័រកាសែតអង់គ្លេស Dailymail បានឱ្យដឹងថា ប្រើប្រាស់មើមខ្ញីឆៅ ក្នុងរបបអាហារមានប្រសិទ្ធភាពជួយបន្ថយការឈឺចុកចាប់សាច់ដុំដែលបណ្តាលមកពីការហាត់ប្រាណ ។
ការសិក្សាបានបង្ហាញថា ទទួលទានមើមខ្ញីឆៅក្នុងចំនួនតិចតួចរៀងរាល់ថ្ងៃ នឹងជួយបន្ថយអាការឈឺចាប់សាច់ដុំបន្ទាប់ពីធ្វើការងារហត់នឿយ ។ ជាយូរមកហើយមើមខ្ញីត្រូវបានគេប្រើជាថ្នាំកែរោគក្អួតចង្អោរ តែការរកឃើញថ្មីៗបានបង្ហាញថា វាមានគុណប្រយោជន៍ដ៏ស័ក្តិសិទ្ធិកបទៅនឹងជំងឺផ្សេងទៀត ។ តាមការសិក្សានៅក្នុងមន្ទីរពិសោធន៍មួយបានបង្ហាញថា ម្សៅមើមខ្ញីអាចសម្លាប់កោសិកាជំងឺមហារីកដៃស្បូនបាន ។

នៅក្នុងការធ្វើពិសោធន៍ចុងក្រោយបំផុតបណ្តាអ្នកវិទ្យាសាស្ត្ររបស់អាមេរិកបានឱ្យអ្នកចូលរួមពិសោធន៍ខ្លះទទួលទានមើមខ្ញីឆៅក្នុងម្នាក់ចំនួន២ក្រាម ។ រីឯអ្នកខ្លះទៀតត្រូវបានគេផ្តល់ឱ្យ placebo មួយ(ជាសារធាតុគ្មានប្រតិកម្មប្រើក្នុងការពិសោធន៍ដើម្បីឱ្យដឹងពីប្រសិទ្ធភាពរបស់ឱសថ)។ ពួកគេបន្ទាប់មកត្រូវបានគេតម្រូវឱ្យហាត់ប្រាណជាច្រើនម៉ោង។ តាមលទ្ធផលដែលបានបោះពុម្ពផ្សាយនៅក្នុង ព្រឹត្តិបត្រ Journal of Pain បានបង្ហាញថា ២៤ម៉ោងបន្ទាប់ពីការហាត់ប្រាណរួច កម្រិតឈឺចាប់សាច់ដុំចំពោះក្រុមដែលទទួលទានមើមខ្ញីឆៅ គឺទាបជាងក្រុមដែលធ្វើតេស្តតាម placebo ដល់ទៅ២៥% ។
តាមរយៈលទ្ធផលនេះ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ខ្ញីពិតជាមានឥទ្ធិពលក្នុងការ ជួយបំបាត់អាការឈឺចាប់ប្រាកដមែន ៕
ចែករំលែកព័តមាននេះ