ទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃមួយប្រភេទដែលពិបាកនឹងព្យាបាលឱ្យជាសះស្បើយ ។ បើទោះវាមិនអាចផ្តាច់ជីវិតមនុស្សភ្លាមៗ ប៉ុន្តែវាអាចបណ្តាលឱ្យកើតមានបញ្ហាស្មុគស្មាញមួយចំនួនរយៈពេលច្រើនឆ្នាំទៅមុខក្នុងនោះមានដូចជា ងងឹតភ្នែក ដំបៅរលួយអវយវៈ…ជាដើម ។ ដើម្បីបង្ការជំងឺនេះ បុគ្គលដែលមានសុខភាពល្អនៅឡើយគួរអនុវត្តនូវទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួនដូចខាងក្រោម ៖
១-រក្សាទម្ងន់ខ្លួនកុំឱ្យធាត់ខ្លាំងពេក ៖ ជាទូទៅ បុគ្គលដែលមានរាងកាយធាត់ខ្លាំងពេក ប្រឈមនឹងបញ្ហាសុខភាពច្រើនយ៉ាង ។ ដូច្នេះ ការបញ្ចុះទម្ងន់សូម្បី៤-៥គីឡូក្រាមគឺអាចកាត់បន្ថយហានិភ័យពីជំងឺទឹកនោមផ្អែមប្រភេទ-២បាន ។ ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា បុគ្គលធាត់ៗដែលបញ្ចុះទម្ងន់៥ភាគរយនៃទម្ងន់ខ្លួនសរុបគឺអាចកាត់បន្ថយហានិភ័យបាន៧០ភាគរយ បើទោះពួកគេមិនហាត់ប្រាណក្តី ។ ចូរប្រើឧបករណ៍វាស់ពីបរិមាណកាឡូរីដែលគួរប្រើប្រចាំថ្ងៃ ហើយនឹងបរិមាណអាហារដែលគួរកាត់បន្ថយ ។
២-ហាត់ប្រាណជាប្រចាំ ៖ ចូរដើរឱ្យបានច្រើនរៀងរាល់ថ្ងៃ ។ បើទោះណា វាមិនអាចជួយឱ្យអ្នកចុះទម្ងន់ក្តី តែអ្នកនឹងមានសុខភាពល្អប្រសើរជាងមុន ។
ការសិក្សាពិសោធមួយរបស់អ្នកវិទ្យាសាស្ត្រហ្វាំងឡង់បានបង្ហាញថា បុគ្គលដែលហាត់ប្រាណ៤ម៉ោងក្នុងមួយសប្តាហ៍ឬប្រហែល៣៥នាទីក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យពីជំងឺទឹកនោមបាន៨០ភាគរយ ។ ចំណែកអ្នកស្រាវជ្រាវរបស់ចិនបានរកឃើញថា ការហាត់ប្រាណប្រើកម្លាំងមធ្យម អាចជួយឱ្យបណ្តាបុគ្គលលើសកម្រិតស្ករក្នុងឈាមកាត់បន្ថយហានិភ័យវិវឌ្ឍទៅជាជំងឺទឹកនោមផ្អែមពេញទំហឹងបាន៤០ភាគរយ ។ នេះពីព្រោះ ការហាត់ប្រាណជួយឱ្យរាងកាយប្រើប្រាស់អ័រម៉ូនអាំងស៊ុយលីនកាន់តែមានប្រសិទ្ធភាពដោយការបង្កើនចំនួនម៉ូលេគុលប្រូតេអីុន transmembrane លើកោសិកា ។ អាំងស៊ុយលីនជួយចែកចាយស្ករក្នុងឈាមទៅបណ្តាកោសិកានានាដើម្បីផ្តល់ជាថាមពលនិងសារធាតុចិញ្ចឹម ។
៣-កាត់បន្ថយការទទួលទានសាច់-បន្ថែមការទទួលទានបន្លែគ្រប់ពណ៌ ៖ ការសិក្សាស្រាវជ្រាវមួយរបស់ Brigham & Women’ s Hospital ដែលពាក់ព័ន្ធជាមួយស្ត្រី៣៧ពាន់នាក់រកឃើញថា បណ្តាស្ត្រីទទួលទានសាច់ក្រហមយ៉ាងហោចណាស់៥ដងក្នុងមួយសប្តាហ៍ប្រឈមនឹងហានិភ័យកើតជំងឺទឹកនោមផ្អែមខ្ពស់ដល់ទៅ២៩ភាគរយធៀបនឹងស្ត្រីទទួលទានតិចឬមួយដងក្នុងមួយសប្តាហ៍ ។ ចំពោះបណ្តាសាច់កែច្នៃវិញ ទទួលទាន៥ដងក្នុងមួយសប្តាហ៍បង្កើនហានិភ័យដល់ទៅ៤៣ភាគរយ ។
៤-ទប់ស្កាត់បញ្ហា Stress ៖ គេគួរដឹងថា Stress ជាប្រចាំអាចធ្វើឱ្យកម្រិតស្ករក្នុងឈាមកើនឡើងបាន ។
នៅពេលលោកអ្នក Stress រាងកាយបានត្រៀមធ្វើសកម្មភាព ។ សភាពបែបនេះបណ្តាលឱ្យបេះដូងលោតញាប់ ដង្ហើមក៏ញាប់ ខណៈក្រពះរមូល ។ រីឯកម្រិតស្ករក្នុងឈាមវិញកើនឡើងខ្ពស់ ។ ប្រសិនជាកោសិកាលោកអ្នកអសមត្ថភាពមិនអាចប្រើប្រាស់អាំងស៊ុយលីន (Insulin resistance) នោះ ជាតិស្ករដោយមិនមានកន្លែងទៅ វានឹងប្រមូលផ្តុំនៅក្នុងឈាម ជាហេតុនាំឱ្យលើសស្ករក្នុងឈាម ។
ចូរលុបបំបាត់ Stress ដោយការហាត់ប្រាណ លេងកីឡា និងសកម្មភាពកម្សាន្តផ្សេងៗទៀត ។
៥-ទទួលទានដំណេកពេលយប់ឱ្យបានគ្រប់គ្រាន់ ៖ ការសិក្សារបស់អ្នកវិទ្យាសាស្ត្រសាកលវិទ្យាល័យ Yale University ទៅលើបុរស១៧០៩នាក់រកឃើញថា អ្នកដែលដេកបានតិចជាង៦ម៉ោងក្នុងមួយយប់យ៉ាងទៀងទាត់ប្រឈមនឹងកើតជំងឺទឹកនោមផ្អែមទ្វេដងខណៈអ្នកដេកច្រើនជាង៨ម៉ោង អត្រាប្រឈមគឺមានដល់ទៅ៣ដង ។ អ្នកដឹកនាំការសិក្សា Klar Yaggi បានថ្លែងថា ដំណេកតិចពេកនិងយូរពេកគឺសុទ្ធតែផ្តល់ផលអាក្រក់ដល់សុខភាព ដ្បិតប្រព័ន្ធសរសៃប្រសាទស្ថិតក្នុងសភាពប្រុងជើងការជានិច្ច ។
រីឯការសិក្សាមួយរបស់សាកលវិទ្យាល័យ Columbia University បានរកឃើញថា ការទទួលទានដំណេកតិចជាង៥ម៉ោងក្នុងមួយយប់បង្កើនហានិភ័យលើសឈាមទ្វេដង។
៦- ឧស្សាហ៍ពិនិត្យឈាមឱ្យបានទៀងទាត់ ៖ នេះជាវិធីសាស្ត្របង្ការដ៏មានប្រសិទ្ធភាពក្នុងចំណោមវិធីសាស្ត្រទាំងឡាយ ។ ការពិនិត្យឈាមទៀងទាត់នឹងជួយឱ្យអ្នកដឹងបានទាន់ពេលវេលាពីកម្រិតស្ករក្នុងឈាម និងអាចចាត់វិធានការទប់ស្កាត់ទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ